ភ្នំពេញ៖ អ្នកជំងឺ​ជាង ៨០០ នាក់​ដែល​បាន​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មណ្ឌល​ព្យាបាល​កោះពេជ្រ​បាន​ជា​សះស្បើយ​ និង​ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ និង​ត្រលប់​ទៅ​គេហដ្ឋាន​វិញ ប៉ុន្តែ​ពួកគាត់​ត្រូវធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ចំនួន ១៤ ថ្ងៃ​បន្តទៀត។

លោកស្រី ពេជ ច័ន្ទមុនី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន «សម្តេច​តេជោ» (TYDA) បាន​សរសេរ​លើ​បណ្តាញ​ហ្វេសប៊ុក​នៅ​យប់​ថ្ងៃ​អង្គារ​ថា អ្នកជំងឺ​ដែល​កំពុង​ព្យាបាល នៅ​មណ្ឌល​ព្យាបាល​កូវីដ​កោះពេជ្រ​ចំនួន ៨៣៤ នាក់ បាន​ជា​សះស្បើយ និង​ត្រូវធ្វើ​ចត្តាឡីស័ក​បន្ត នៅផ្ទះ​ចំនួន ១៤ ថ្ងៃ​បន្តទៀត។

លោកស្រី​បាន​លើកឡើង​ថា​៖ «ថ្ងៃនេះ ព្រះច័ន្ទ​រះ​ពេញវង់​ល្អ​ណាស់ ហើយក៏​ជា​ថ្ងៃ​ដែល​ល្អ​ដែរ ពីព្រោះ​មាន​អ្នកជំងឺ​កូវីដ​ជាច្រើន​បាន​ជា​សះស្បើយ​ពី​ជំងឺ»។

លោកស្រី ពេជ ច័ន្ទមុនី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេចតេជោ​ប្រឆាំង​កូវីដ១៩ និង​ក្រុម​សេវា​ជួរមុខ​ទាំងអស់ ដែល​បាន​យកចិត្ត​ទុកដាក់ ថែទាំ​ព្យាបាល​អ្នកជំងឺ​ទាំងអស់ ដោយ​យកចិត្ត​ទុកដាក់ ព្រមទាំង​ក្រុម​កងកម្លាំង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការពារ រៀបចំ​ និង​សម្រួល​សណ្តាប់ធ្នាប់​នៅ​មណ្ឌល​ព្យាបាល​កោះពេជ្រ​នេះ។

លោកស្រី ពេជ ច័ន្ទមុនី បាន​ថ្លែង​ទៀតថា៖ «ខ្ញុំ​សូម​ផ្តាំ​ដល់​បងប្អូន​ដែល​បានជា​សះស្បើយ​ហើយ​ត្រលប់​ទៅផ្ទះ​វិញ​នោះ សុំ​មេត្តា​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​បន្ត និង​បន្ត​អនុវត្តន៍​នូវ​ដំបូន្មាន​របស់​គ្រូពេទ្យ និង​ត្រូវ​ត្រលប់មក​យក​សំណាក​វិញ​នៅ​ថ្ងៃទី ១៣ (ឧសភា)»។

គួរ​បញ្ជាក់ថា អ្នកជំងឺ​ទាំង ៨៣៤ នាក់​ដែល​បានជា​សះស្បើយ​នេះ ជា​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​លើកឡើងថា មាន​មន្ទីរពេទ្យ និង​មណ្ឌល​ដែល​ក្រុមការងារ​បាន​រៀបចំ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ កម្រិត​ស្រាល​ចំនួន ៥ នោះ​មាន the Great Duke, មន្ទីរពេទ្យ​ហ្លួងម៉ែ, មណ្ឌល​ព្យាបាល​កូវីដ១៩ កោះពេជ្រ ទី ១ និង​ទី ២, និង​មណ្ឌល​ព្យាបាល​កូវីដ១៩ ទួលពង្រ ដែល​ក្រុមការងារ​បាន​រៀបចំ​រួចរាល់ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ១៩ កម្រិត​ស្រាល​ក្នុង​រយៈពេល ៥១ ថ្ងៃ។

យោងតាម​ក្រសួង​សុខាភិបាល​មក​ដល់​ត្រឹម​ថ្ងៃទី ២៥ ខែ​មេសា មាន​មន្ទីរពេទ្យ​ និង​មណ្ឌល​ថែទាំ​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​កម្រិត​ស្រាល​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៣៥ កន្លែង។

គិត​ត្រឹម​ថ្ងៃទី ២៦ ខែ​មេសា អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស​កូវីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​សរុប​ទាំងអស់​មាន​ចំនួន ១០ ៥១៣ នាក់​ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣ ១៧១ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ៨២ នាក់៕