ភ្នំពេញៈ នៅ​ថ្ងៃ​ម្សិលមិញ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​ ១៩​ ម្នាក់ទៀត​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែល​ធ្វើឱ្យ​កម្ពុជា​នៅ​សល់​តែ​អ្នកជំងឺ​ម្នាក់ទៀត​ប៉ុណ្ណោះ​។

អ្នកជំងឺ​ដែលជា​សះស្បើយ​នេះ គឺ​ទទួល​លទ្ធផល​ធ្វើតេស្ដ​ឡើងវិញ​អវិជ្ជមាន​ចំនួន​ ២ ​លើក​។ គាត់​ជា​បុរស​ជនជាតិ​អង់គ្លេស​អាយុ​ ៥៤ ​ឆ្នាំ​ស្នាក់នៅ​ក្នុងផ្ទះ Apartment មួយកន្លែង​នៅក្នុង​សង្កាត់​បឹងកក់​ ២ ដែល​បានធ្វើ​ដំណើរ​ពី​ប្រទេស​អង់គ្លេស តជើង​ហោះហើរ​នៅ​ប្រទេស​ហូឡង់ និង​ប្រទេស​កូរ៉េខាងត្បូង ហើយ​បាន​មកដល់​កម្ពុជា​កាល​ពីថ្ងៃ​ទី​ ១១ ​កញ្ញា​។

នេះ​គឺជា​អ្នកជំងឺ​ទី​ ២៧៥ ​ហើយ​ដែល​បាន​ជា​សះស្បើយ​នៅក្នុង​ចំណោម​អ្នកជំងឺ​សរុប​ទាំងអស់​ចំនួន​ ២៧៦ ​នាក់​ ដែល​បាន​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកជំងឺ​ទី​ ២៧៦ គឺជា​ជនជាតិ​ហុងគ្រី​ស្នាក់​នៅក្នុង​ទីក្រុង​សៀមរាប​ខេត្តសៀមរាប​ដែល​បានធ្វើ​តេស្ដ​វិជ្ជមាន​កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា បន្ទាប់ពី​បុរស​រូបនេះ​បានធ្វើ​ចត្តាឡីស័ក​ ១៣ ​ថ្ងៃ បន្ទាប់ពី​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១៣ ​កញ្ញា​។

កម្ពុជា​បាន​រកឃើញ​ករណី​ជំងឺ​កូវីដ​ ១៩​ លើកដំបូង​នៅ​ថ្ងៃទី​ ២៧ ខែ​មករា ហើយ​មកដល់​ពេល​នេះ​មាន​មនុស្ស​ចំនួន​ ១៣៤ ៣២១ ​នាក់​ ត្រូវបាន​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ ​១៩​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល​បាន​រំឭក​ឱ្យ​ពលរដ្ឋ​ទាំងអស់​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​តាមរយៈ​ការអនុវត្ត​គន្លាត​សុវត្ថិភាព​សង្គម ដូចជា​ពន្យារពេល​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់​ធុងបាស់​រាំ​ជាដើម និង​ត្រូវ​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ រួមទាំង​ឧស្សាហ៍​លាងសម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល និង​ជែល​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​លើកឡើង​កាលពី​ថ្ងៃទី​ ២៣ ​កញ្ញា​ ប្រាប់​ទៅកាន់​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក និង​អាស៊ាន​ថា កម្ពុជា​ស្ថិតក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គ្រប់គ្រង និង​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​គួរ​ជា​ទីមោទនភាព​៕