ភ្នំពេញៈ សំឡេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​ដោយ​ក្តីរំភើប​សប្បាយ​លាន់ឮ​ទ្រហឹង​អឺងកង​លាយឡំ​នឹង​អារម្មណ៍​ក្តុកក្តួល ជាមួយ​ក្តី​រីករាយ​ដែល​បង្ហាញឡើង​ដោយ​អ្នកជំងឺ​កូវីដ​ ១៩ រាប់រយ​នាក់​នៅ​មណ្ឌល​ព្យាបាល​ទួលពង្រ រាជធានី​ភ្នំពេញ នៅពេល​ពួកគេ​ត្រូវបាន​ប្រាប់ថា បានជា​សះស្បើយ​ពី​ជំងឺ​ដ៏កាចសាហាវ​នេះ​។

អ្នកជំងឺ​ ១ ​រូប​ដែល​អ្នកនិពន្ធ​សុំ​ដាក់ឈ្មោះ​ឱ្យ​ថា សំណាង នៅ​ថ្ងៃទី​ ១៨ ឧសភា បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ដោយ​ចិត្ត​អំណរ​សប្បាយ​នៅពេល​លោក​ជា​សះស្បើយ និង​អនុញ្ញាត​ឱ្យ​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​កាលពី​ថ្ងៃទី​ ១២ ខែឧសភា​។

លោក​និយាយថា​៖ «​ជំងឺ​នេះ​ពិតជា​កាចសាហាវ​ណាស់ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ ខ្ញុំ​ក៏ដូចជា​អ្នកជំងឺ​ផ្សេងទៀត​ជាច្រើន​ឆាប់​ជាសះស្បើយ​គឺ​ដោយ​ផ្គួប​ផ្សំ​នឹង​ការពិនិត្យ ព្យាបាល និង​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​គ្រប់​ពេលវេលា​ពី​ក្រុមគ្រូពេទ្យ​ដែល​នៅតាម​ដាន​សុខភាព​របស់ខ្ញុំ​»​។

លោក​ សំណាង ​បាន​និយាយថា លោក​ ហ៊ុន ម៉ាណែត និង​លោកស្រី​ ពេជ ចន្ទមុន្នី តែងតែ​យកចិត្ត​ទុកដាក់​ទាំង​ការផ្តល់​ទីកន្លែង​សម្រាប់​ព្យាបាល អាហារ ល្អៗ ថ្នាំពេទ្យ រួម​នឹង​ការលើក​ទឹកចិត្ត និង​ការផ្តល់​នូវ​កម្លាំងចិត្ត​មកដល់​រូបលោក និង​អ្នកជំងឺ​ផ្សេងៗ​ទៀត​។

អ្នកស្រី​ បុប្ផា ដែលជា​ឈ្មោះ​ត្រូវ​បាន​ដាក់ឱ្យ​ដែរនោះ ជា​កម្មការិនី​រោងចក្រ​មួយ ស្ថិតក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឆ្លង​វីរុស​កូវីដ​១៩​កាលពី​ដើម​ខែមេសា ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​នៅ​សណ្ឋាគារ​ក្រេនឌុក​អស់​រយៈពេល​ ១៦ ​ថ្ងៃ ទើប​អ្នកស្រី​បានជា​សះស្បើយ​ជាធម្មតា​វិញ​។ អ្នកស្រី​ក៏បាន​ត្រឡប់​ចូល​បំពេញ​ការងារ​ជាធម្មតា​បាន​ ២ ​ថ្ងៃ​កន្លងមក​ដែរ​។

អ្នកស្រី​ បុប្ផា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៩ ឧសភា ថា​៖ «​ខ្ញុំ​មិន​នឹកស្មានថា​ក្រុមគ្រូពេទ្យ​ព្យាបាល ជំងឺ​កូវីដ​មាន​ការយកចិត្ត​ទុកដាក់ ខ្លាំង​មកលើ​អ្នកជំងឺ​ដូចនេះ​ទេ​។ ខ្ញុំ​បាន​ជួប គឺ​ខ្ញុំ​ដឹង​ច្បាស់​។ ពួកគាត់​តែងតែ​សួរនាំ​ពី​សុខភាព​របស់​ខ្ញុំ​រហូត​បាន​ផ្តល់​អាហារ​ល្អៗ​ឆ្ងាញ់ៗ​រួម​នឹង​ថ្នាំពេទ្យ​ផងដែរ​»​។

អ្នកជំងឺ​កូវីដ ​១៩ បានជា​សះស្បើយ​ដើរចេញ​ពី​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ជា ស៊ីម សាមគ្គី នៅ​ខណ្ឌទួលគោក ពីថ្ងៃ​ទី​ ៩ ឧសភា​។ហេង ជីវ័ន

អ្នកស្រី​បន្តថា គ្រូពេទ្យ​ទាំងនេះ​មិន​ត្រឹមតែ​ផ្តល់​ការថែទាំ​លើ​សុខភាព​ជំងឺ​ទេ​ប៉ុន្តែ​ពួកគាត់​បាន​លើក​ទឹកចិត្ត និង​នាំ​អ្នកជំងឺ​ហាត់ប្រាណ ដើម្បី​ឱ្យមាន​សុខភាព​រឹងមាំ និង​ឆាប់​ជាសះស្បើយ​ផងដែរ​។

អ្នកជំងឺ​រូបនេះ​បន្តថា​៖ «​ពួកគាត់ មិនដែល​ប្រើស​ម្តី​ខ្លាំងៗ ឬ​ស្រែក​បន្ទោស​មក​ខ្ញុំ ឬ​អ្នកជំងឺ​ផ្សេង​ទេ ហើយ​ក៏​មិនមាន​កាយវិការ​រើសអើង​ ឬ​មើលងាយ​មកលើ​ពួកយើង​ដែរ​។ ប៉ុន្តែ​នៅពេល​ដែល​ពួកគាត់ យក​ថ្នាំ ឬ​អាហារ​មកឱ្យ​យើង ពួកគាត់​មិន​ឈរ​នៅក្បែរ​អ្នកជំងឺ​ទេ ដោយសារ​បង្ការ​ពី​ការឆ្លង​»​។

កម្មការិនី​រូបនេះ​បន្តថា​៖ «​ដំបូងឡើយ​ខ្ញុំ​ភ័យ​ហើយ​បារម្ភ​ថា នៅពេល​ព្យាបាល​នឹងមិន​ល្អ គ្មាន​ការយកចិត្ត​ទុកដាក់​ទេ​ ប៉ុន្តែ​អ្វីដែល ខ្ញុំ​បារម្ភ គឺ​ខុសគ្នា​ស្រឡះ​តែម្តង​»​។

បើតាម​ការរៀបរាប់​របស់​អ្នកស្រី​ បុប្ផា ក្រុមគ្រូពេទ្យ​ទាំងអស់​មិន ត្រឹមតែ​មើលថែ​អ្នកជំងឺ​នៅ​កន្លែង​ព្យាបាល​ទេ ប៉ុន្តែ​នៅពេល​អ្នកជំងឺ​ដែលជា​សះស្បើយ​ហើយ​ក៏​នៅតែ ធ្វើការ​ផ្តាំ​ផ្ញើឱ្យ​យកចិត្ត​ទុកដាក់​ និង​ថែទាំ​សុខភាព​ទៀត​ដែរ​។

រីឯ​អ្នកជំងឺ​ ១ ​រូប​ទៀត អ្នកស្រី ចន្ធូ បាន​និយាយ​ដោយ​ក្តីរំភើប​លាយឡំ​នឹង​ទឹកភ្នែក​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​លោកគ្រូ​ពេទ្យ​ដែល​បាន​មើលថែរក្សា​ខ្ញុំ ឱ្យ​ខ្ញុំ​ជា​សះស្បើយ​ពី​ជំងឺ​នេះ​។ ក្រុមការងារ​នៅក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​នេះ ពិតជា​ល្អ​ខ្លាំងណាស់​ដែល​ពួកគាត់​ខិតខំ​ក្នុង​ការជួយសង្គ្រោះ​ជីវិត​របស់ខ្ញុំ​ឱ្យ​រួច​ពី​សេចក្តី​ស្លាប់​ ដោយសារ​ជំងឺ​នេះ​»​។

កម្មការិនី​ម្នាក់ ដែល​ស្នាក់​នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឆ្លង​វីរុស​កូវីដ​ ១៩​ ទាំង​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ថ្ងៃទី​ ១៧ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ​។ កម្មការិនី​រូបនេះ​ក៏បាន​បង្ហាញ​នូវ​ក្តីរំភើប​លាយឡំ​នឹង​ទឹកភ្នែក​បង្ហាញ​ពី​ការដឹងគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ​ដែល​បាន​យកចិត្ត​ទុកដាក់​មើលថែ និង​ព្យាបាល​រូបនាង​រហូត​ជាសះស្បើយ​។

នាង​និយាយថា​៖ «​ទាំង​កន្លែង​ស្នាក់នៅ​ទាំង​ការហូបចុក និង​ការមើលថែ​ព្យាបាល​គឺ​ល្អ​ទាំងអស់​ដែល​គ្រប់យ៉ាង​គឺ​ខុសពី​ការគិត​របស់ខ្ញុំ​ទាំងអស់​មុនពេល​ដែល​ខ្ញុំ​បានមក​ព្យាបាល​នៅទីនេះ​។ ទាំង​បងប្អូន ឪពុកម្តាយ​របស់ខ្ញុំ​ភ័យ​បារម្ភ​ថា មិនមាន​ការយកចិត្ត​ទុកដាក់ ខ្លាច​ពិបាក ប៉ុន្តែ​ការគិត ការបារម្ភ គឺ​ផ្ទុយស្រឡះ​តែម្តង​»​។

អ្នកជំងឺ​រូបនេះ​បន្ថែមថា ការស្នាក់នៅ​ក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩​ កម្រិត​ស្រាល​នេះ​មាន​ការរៀបចំ​កន្លែង​ស្នាក់នៅ​ស្អាត​មាន​អាហារ​ ៣ ​ពេល​ហូប​គ្រប់គ្រាន់ និង​អ្វី​សំខាន់​គឺ​ក្រុម​គ្រូពេទ្យ​ល្អ យកចិត្ត​ទុកដាក់​ដល់​អ្នកជំងឺ​ទាំងអស់​ដោយ​មិន​ប្រកាន់​អ្វី​ឡើយ​។

លោកគ្រូ​ពេទ្យ​ម្នាក់​នៃ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​បាន​ថ្លែង​ទៅកាន់​អ្នកជំងឺ​ដែល​បានជា​សះស្បើយ និង​បានរៀបចំ​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល​ទួលពង្រ ទៅកាន់​គេហដ្ឋាន​កាលពី​ថ្ងៃ​ទី​ ១៧ ខែឧសភាថា ដើម្បី​កុំ​ឱ្យមាន​វត្តមាន​នៅក្នុង​មណ្ឌល​នេះ​ទៀត​គឺ​ត្រូវ​ប្រកាន់​នូវ​វិធានការ «៣កុំ​ ៣ការពារ​»​។

លោក​មាន​ប្រសាសន៍​ថា​៖ «​សូម​បងប្អូន កុំ​ទន្ទេញ​ចាំមាត់ ហើយ​មិនបាន​អនុវត្ត​នោះ​គឺ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​កុំឱ្យ​មាន​ឆ្លង​នូវ​វីរុស​កូវីដ​ ១៩ នេះ​ឡើង​វិញទៀត​។ បងប្អូន​ជាសះស្បើយ​ថ្ងៃ​នេះ​ហើយ មិនមែន​មានន័យ​ថា​លែង​ឆ្លង​ជំងឺ​នេះ​រហូត​ទេ​។ ជំងឺ​នេះ​បាន​បំប្លែង​ខ្លួន​វា​ទៅ​ជា​ច្រើន​ប្រភេទ រហូត​មក​ដល់​ពេលនេះ​មាន​ប្រមាណ​ជា​ ៧០ ​ប្រភេទ​ហើយ​»​។

នៅក្នុង​វីដេអូ​ឃ្លីប​មួយ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ ក្រុមគ្រូពេទ្យ​បាន​ធ្វើការ​ស្ម័គ្រចិត្ត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា ទោះបីជា​ពួកគាត់​ជួប​នូវ​ការលំបាក​ក៏ដោយ​។

អ្នក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ១ ​រូប​និយាយថា​៖ «​ពួកខ្ញុំ​ជា​គ្រូពេទ្យ ពួកខ្ញុំ​ត្រូវតែ​យកឈ្នះ​នូវ​ជំងឺ​នេះ​។ គ្រួសារ​មាន​ការបារម្ភ តែ​មិនបាន​ហាមឃាត់​ទេ ដោយសារ​ខ្ញុំ​មកជួយ​សង្គម​ឱ្យ​ចៀសផុត​ពី​ជំងឺ​ដ៏កាចសាហាវ​នេះ​»​។

គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែឧសភា កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​នៅ​ទូទាំងប្រទេស​ជាសះស្បើយ​បាន​ចំនួន​ ១៤ ៣៤៣ ​នាក់​ហើយ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប​ចំនួន ២២ ៨៨៩ ​នាក់​។

លោក សំណាង ដែល​បាន​ដើរ​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ​១៩ ​កម្រិត​ស្រាល កោះពេជ្រ បាន​និយាយ​ដោយ​លើកដៃ​សំពះ​ថា​៖ «​កាយវិការ​ និង​ទឹកចិត្ត​របស់​ពួក​បងប្រុស​ ហ៊ុន ម៉ាណែត និង​បងស្រី ពេជ ចន្ទមុន្នី រួម​នឹង​ក្រុមគ្រូពេទ្យ​ទាំងអស់ គឺជា​កម្លាំងចិត្ត​ដ៏ខ្លាំងក្លា​ដែល​ធ្វើឱ្យ​យើង​តស៊ូ ជម្នះ​នូវ​ការលំបាក​ក្នុង​ការព្យាបាល​ឈ្នះ​នូវ​ជំងឺ​មួយ​នេះ រហូត​បានជា​សះស្បើយ​។ ខ្ញុំ​មិនមាន​អ្វី​ក្រៅពី​ម្រាមដៃ​ ១០ សំពះ​សុំ​អរគុណ​អស់ពី​ទឹកចិត្ត​របស់ខ្ញុំ​ទៅដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​ជួយ​ជីវិត​ខ្ញុំ និង​អ្នកជំងឺ​ផ្សេងទៀត​»៕