ភ្នំពេញ៖ អ្នក​ជំងឺ​កូវីដ ១៩ ចំនួន ១៧ នាក់​ដំបូង​គេ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង ៥០០ នាក់ ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​ផ្ទះ បន្ទាប់​ពី​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ​ត្រូវ​បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជាក់​ក្នុង​តារាង​សរុប​តួលេខ​អ្នក​ឆ្លង​កូវីដ និង​ទីតាំង​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល ដោយ​ក្នុង​នោះ​មាន​អ្នក​ជំងឺ​ចំនួន ១៧ នាក់ មាន​ស្រី ១០ នាក់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ផ្ទះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​សុខាភិបាល ប៉ាន់​ស្មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​ជំងឺ​កូវីដ ១៩ ចំនួន ៨០ ភាគរយ ស្ថិត​ក្នុង​កម្រិត​គ្មាន​រោគ​សញ្ញា និង​កម្រិត​ស្រាល។ ដូច្នេះ​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​ដែល​គ្មាន​កត្តា​ប្រឈម​អាច​ទទួល​ការ​ព្យាបាល​នៅ​តាម​ផ្ទះ ក្រោម​ការ​គ្រប់គ្រង ថែទាំ និង​ព្យាបាល​ជាប់​ជា​ប្រចាំ​ដោយ​មន្ត្រី​បុគ្គលិក​សុខាភិបាល និង​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ ដើម្បី​អនុវត្ត​នៅ​តាម​មូលដ្ឋាន និង​តាម​ការ​វាយ​តម្លៃ​ផ្ទះ​របស់​អ្នក​ជំងឺ​ឱ្យ​បាន​ហ្មត់ចត់​ជា​មុន​ពី​មន្ត្រី និង​បុគ្គលិក​ពាក់ព័ន្ធ។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​លើក​ឡើង​ថា នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​នេះ ត្រូវ​បាន​ចំណាយ​ពេលវេលា​ខ្លី ប៉ុន្តែ​បាន​ប្រមូល​គំនិត មតិយោបល់ ពី​អ្នក​ជំនាញ និង​បទពិសោធន៍​ជាក់​ស្តែង​នៃ​ការ​គ្រប់គ្រង​អ្នក​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​ និង​បទពិសោធន៍​នៃ​បណ្តា​ប្រទេស​ជាច្រើន​ដែល​បាន​ជ្រើសរើស​យក​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ៕