
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ តាមការសង្កេតជាទូទៅនៅលើសកលលោក បានបង្ហាញថា អ្នកជំងឺដែលជាសះស្បើយពីជំងឺកូវីដ ១៩ អាចមានលទ្ធភាពឈឺលាប់ឡើងវិញមានអត្រាប្រហែលពី ១០ ទៅ ១៥ ភាគរយ ប៉ុន្តែលទ្ធភាពនៃការចម្លងរបស់វាទាបបំផុត។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកស្រីបានឱ្យដឹងថា មកដល់ពេលនេះក្នុងប្រទេសកម្ពុជាមានករណីលាប់ឡើងវិញនូវជំងឺកូវីដ ១៩ មានប្រមាណជាជិត ១០ នាក់ ឬស្មើនឹង ២,៦ ភាគរយនៃអ្នកព្យាបាលជាសះស្បើយពីជំងឺនេះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ថ្វីដ្បិតតែយ៉ាងនេះក៏ដោយ គេនៅតែណែនាំថាអ្នកជំងឺដែលគាត់មានស្ថានភាពជាហើយគឺត្រូវតែនៅដាច់ដោយឡែកសិនក្នុងរយៈពេល ១៤ ថ្ងៃ ហើយបន្តតាមដានសុខភាពដោយមិនអនុញ្ញាតឱ្យចេញក្រៅទៅជួប ឬចាប់ដៃទាក់ទងជាមួយនឹងអ្នកដទៃនោះទេ ហើយត្រូវតែអនុវត្តនូវវិធានការការពារខ្លួនជាប់ជានិច្ច។
លោកស្រី ឱ វណ្ណឌីន បានធ្វើការក្រើនរំឭកទៅដល់ប្រជាពលរដ្ឋទាំងអស់ផងដែរថា ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ ១៩ គឺជាការមើលងាយខ្លួនឯង ទុកខ្លួនឯងឱ្យឈឺ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ ប្រសិនបើកាន់តែប្រហែសជាមួយនឹងវីរុសនេះ។
នៅថ្ងៃម្សិលមិញនេះ អ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់ បានជាសះស្បើយក្នុងនោះមានម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺស្ត្រីជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ ស្នាក់នៅបុរីលឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយការធ្វើតេស្តឃើញអវិជ្ជមានចំនួន ២ ដង និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។ ចំណែកអ្នកជំងឺម្នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ ៧៥ ឆ្នាំស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ជាអ្នកដំណើរមកពីប្រទេសចិន។ គិតត្រឹមថ្ងៃម្សិលមិញនេះ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៣៦៣ នាក់ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៤៧ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៦ នាក់។
នៅថ្ងៃម្សិលមិញនេះផងដែរ យូនីសេហ្វបានប្រកាសដាក់ចេញផែនការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ ១៩ ឱ្យបានរហូតដល់ ៨៥០ តោន ក្នុង ១ ខែក្នុងឆ្នាំ ២០២១ តាមរយៈយន្តការ COVAX នៅក្នុងប្រតិបត្តិការភ័ស្តុភារ “ខ្នាតធំជាប្រវត្តិសាស្ត្រ” ទៅដល់ប្រទេសមានចំណូលទាប និងមធ្យមកម្រិតទាបចំនួន ៩២ ប្រទេសដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មាន។
ការវាយតម្លៃបានរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនឹងអាចដឹកជញ្ជូនថ្នាំបង្ការ ទៅកាន់ប្រទេសដែលមានចំណូលទាប និង ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ស្ទើរតែទាំង ៩២ ប្រទេសដែលជាប្រទេសស្ថិតក្នុងចំណោមប្រទេសចំនួន ១៩០ ដែលចូលរួមនៅក្នុងកម្មវិធី COVAX ជាមួយនឹងការប៉ាន់ប្រមាណថវិកាចំណាយរហូត ៧០ លានដុល្លារអាមេរិក។
ក្រោយពីមានការផ្ទុះជំងឺកូវីដ ១៩ នៅផ្សារលក់ដុំបង្គានៅក្នុងខេត្តសាមុតសាខននៃប្រទេសថៃ នាពេលកន្លងមកនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងទៅដល់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធឱ្យផ្អាកការបញ្ជូនពលករដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) និងពលករតាមរដូវកាលទៅប្រទេសថៃរហូតមានការជូនដំណឹងជាថ្មី។
លោករដ្ឋមន្ត្រីថ្លែងទៀតថា ទីភ្នាក់ងារ និងមន្ត្រីពាក់ព័ន្ធត្រូវបន្តទំនាក់ទំនងជាមួយនិយោជកថៃ ឬសមាគមនិយោជកថៃ និងអាជ្ញាធរថៃក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ចកម្ពុជាដើម្បីជួយសម្រួលដល់ពលករក្នុង ករណីចាំបាច់តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
ចំពោះពលករដែលចាំបាច់ត្រូវវិលត្រឡប់មកស្រុក កំណើតវិញត្រូវជ្រើសរើសច្រកណាមួយក្នុងចំណោមច្រកអូរស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដែលនៅទីនោះរាជរដ្ឋាភិបាលមានរៀបចំការត្រួតពិនិត្យសុខភាព ដើម្បីការពារសុខភាពរបស់ពលករក៏ដូចជាការបង្ការ និងការពារសុខភាពក្រុមគ្រួសាររបស់ពួកគាត់នៅស្រុកកំណើត។
លោក អ៊ិត សំហេង ក៏បានធ្វើការអំពាវនាវទៅដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ ១៩ ត្រូវរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្ត ១ ទៅខេត្ត ១ ដែលខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។
លោក នេត សេរី អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវបានឱ្យដឹងថានៅថ្ងៃទី ២១ ខែធ្នូ មានពលរដ្ឋខ្មែរដែលបានចាកចេញពីថៃទៅកម្ពុជានៅថ្ងៃទី ២០ ខែធ្នូ តាមបណ្តាច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ចំនួន ៩ មានពលករសរុបចំនួន ៥៥១ នាក់ ដូចជាច្រកអន្តរជាតិប៉ោយប៉ែត ច្រកដូង ច្រកព្រំ និងច្រកតំបន់បឹងត្រកួនជាដើម។
លោក សួស សុភ័ក្រ អ្នកនាំពាក្យខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ថ្ងៃទី ២០ និង ២១ ខែធ្នូ ពលករខ្មែរវិលមកពីប្រទេសថៃ មានចំនួន ៣១ នាក់ និងបានបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កត្រឹមត្រូវរយៈពេល ១៤ ថ្ងៃ។ ដោយអាជ្ញាធរ និងមន្ត្រីសុខាភិបាលមានការតាមដាន ពិនិត្យយ៉ាងយកចិត្តទុកដាក់ជាប្រចាំ។
លោក ជា ពិសិដ្ឋ អ្នកនាំពាក្យខេត្តឧត្តរមានជ័យបានឱ្យដឹងផងដែរថា ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃចូលកម្ពុជាតាមច្រកអូរស្មាច់មានចំនួន ៣៧៦ នាក់ ក្នុងរយៈពេល ២ ថ្ងៃមកនេះ ហើយអាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្តបានធ្វើតេស្ត និងបញ្ជូនពួកគាត់ទៅកន្លែងធ្វើចត្តាឡីស័កដែលបានរៀបចំទុក។ ខណៈរដ្ឋាភិបាលបានផ្តល់នូវកញ្ចប់សម្ភារជំនួយបន្ថែមចំនួន ៦ ពាន់កញ្ចប់ទៅដល់ខេត្តចំនួន ៣ នៅជាប់ព្រំដែនកម្ពុជា-ថៃ៕