
ក្រុមបុគ្គលិកសុខាភិបាលជាក្រុមអាទិភាពទី១ ដែលត្រូវទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩។ រូបថត CDC
ពលករកម្ពុជាដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ៨២ នាក់នោះ អ្នកដែលបានព្យាបាលជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យមានចំនួន ៤៤ ហើយ ខណៈដែលក្រសួងសុខាភិបាលក៏មិនមានរកឃើញករណីវិជ្ជមានថ្មីចំពោះពលករខ្មែរនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលពីម្សិលមិញឱ្យដឹងថា ពលករខ្មែរចំនួន ៤ នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ បានព្យាបាលជាសះស្បើយ បន្ទាប់ពីពួកគាត់ត្រូវបានធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២ ដង ហើយបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមករា កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៤៥៨ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៤០៩ នាក់ និងអ្នកជំងឺចំនួន ៤៩ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែកទាក់ទងនឹងក្រុមអាទិភាពសម្រាប់ទទួលបានវ៉ាក់សាំងកូវីដ ១៩ ដែលនឹងមកដល់ប្រទេសកម្ពុជា នៅខែកុម្ភៈខាងមុខនេះ អ្នកដែលនឹងទទួលបានការចាក់វ៉ាក់សាំងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចាក់ម្ជុលទី១ ហើយ គឺមានក្រុមមនុស្សអាទិភាពចំនួន ៦ ក្រុមផ្សេងទៀតដែលនឹងទទួលបាន។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា តាមការពិភាក្សាគ្នានៅក្នុងគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងការសម្រេចឯកភាពដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ការទទួលវ៉ាក់សាំងនេះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដែលក្រុមអាទិភាពទី១ នោះ គឺក្រុមបុគ្គលិកសុខាភិបាលជួរមុខដែលពួកគាត់ត្រូវការជាចាំបាច់។
លោកស្រីបន្តថា ក្រុមទី២ គឺមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធដែលជាអ្នកនៅជួរមុខដែរ។ ពួកគាត់ជាអ្នកប្រតិបត្តិការ ចូលរួមក្នុងការរុករកការការពារដែលពួកគាត់មានទំនាក់ទំនងទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកស្រីប្រាប់ថា៖ «ចំពោះក្រុមមួយទៀត គឺក្រុមបង្គោលនៅតាមសហគមន៍និងក្រុមអ្នកស្ម័គ្រចិត្ត ដោយសារនៅតាមសហគមន៍យើងមានជនបង្គោលដែលពួកគាត់ធ្វើការជាមួយប្រជាជនផ្ទាល់ ហើយពួកគាត់ជាអ្នកដែលមើលថាតើនៅសហគមន៍នោះមានអ្នកចេញចូលថ្មី អ្នកមានកូវីដឬមិនមានកូវីដជាដើម»។
មន្ត្រីនាំពាក្យរូបនេះបន្ថែមថា ក្រុមទី៤ គឺប្រជាជនវ័យចំណាស់ ដែលក្រុមការងារអន្តរក្រសួងបានកំណត់អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ ប៉ុន្តែក្រុមការងារក៏ត្រូវពិនិត្យមើលផងដែរវ័យចំណាស់ដែលមានសុខភាពធម្មតា និងអ្នកដែលមានបញ្ហាប្រចាំកាយរបស់គាត់ ដូចជាលើសឈាម បេះដូង ឬមហារីកជាដើម។ ចំណែកក្រុមទី៥ គឺមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៦៤ ឆ្នាំ។ ឯក្រុមអាទិភាពចុងក្រោយគេ គឺក្រុមកម្មករ-កម្មការិនីរោងចក្រ ពលករ-ពលការិនី អ្នករត់ម៉ូតូឌុប អ្នកធាក់ស៊ីក្លូនិងកម្មករផ្សេងៗទៀត។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «ទាំងនេះជាក្រុមដែលយើងសិក្សានៅក្នុងជំហានដំបូងដែលមានប្រមាណជា ២៣ ភាគរយ នៃចំនួនប្រជាជនសរុបរបស់យើងទាំងមូល។ ប៉ុន្តែដោយសារវ៉ាក់សាំង ដែលយើងនឹងទទួលបាន មិនគ្រប់ទៅតាមចំនួនដែលយើងបានកំណត់ (២៣%) នេះទេ។ ដូចនេះ អាទិភាព គឺនឹងធ្វើទៅតាមលំដាប់នៃចំណុចទាំងនេះ»។
បើតាលោកស្រី ឱ វណ្ណឌីន សម្រាប់អ្នកដែលបានកើតជំងឺកូវីដ ១៩ នេះរួចហើយ ក៏ត្រូវចាក់វ៉ាក់សាំងកូវីដ ១៩ ដែរ ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ រួមទាំងការធ្វើចត្តាឡីស័កផងដែរ ប្រសិនបើអ្នកនោះចូលមកកម្ពុជា៕