ភ្នំពេញៈ អ្នក​ជំនាញ​កម្ពុជា ចំនួន ៤​រូប បាន​ចូលរួម​ពិភាក្សា​ពី​ការ​បង្រួប​បង្រួម​ប្រទេស​កូរ៉េ ជាមួយ​អ្នក​ជំនាញ​ការ​មក​ពី​គ្រប់​វិស័យ​ប្រមាណ៨០ នាក់​ផ្សេង​ទៀត​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ដឹកនាំ​អន្តរជាតិ​ឆ្នាំ ២០២១ (ILC2021) ស្រប​ពេល​ដែល​កម្ពុជា​បច្ចុប្បន្ន​មាន​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ទាំង ២។

អ្នក​ជំនាញ​ទាំង​នោះ​បាន​ផ្តល់​បទ​ពិសោធ​និង​ទស្សនៈ​ក្នុង​ការ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​ការ​បង្រួប​បង្រួម​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធីដែល​ជា​ប្រទេស​នៅ​តែ​បែង​ចែក​ជា ២ ក្រោយ​ពេល​សង្គ្រាម​កាល​ពី ៧ ទសវត្សរ៍​មុន។

អ្នក​ជំនាញ​កម្ពុជា​រួម​មាន តំណាង​រាស្ត្រ​លោក សួស យ៉ារ៉ា ចូលរួម​ក្នុង​កម្មវិធី​សភា, អតីត​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោកស្រី ខ្លូត ធីតា ចូលរួម​ក្នុង​កម្មវិធី​អន្តរ​សាសនា​ក្នុង​ទស្សន​វិស័យ​ពុទ្ធ​សាសនា,ចាងហ្វាង និង អគ្គនាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍លោកលី តៃសេង ចូលរួមក្នុង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង អគ្គនាយក​រង​ក្រុម​ប្រឹក្សា​វប្បធម៌​អាស៊ី​លោក លីម ប៊ុនហុក ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ និង វប្បធម៌។

សន្និសីទនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​សន្តិភាព​សកល (UPF) ក្រោម​ប្រធាន​បទ “ការ​ឆ្ពោះ​ទៅ​កាន់​ការ​បង្រួប​បង្រួម​ដោយ​សន្តិភាព​របស់​កូរ៉េ​ដោយ​ការ​បង្កើត​មូលនិធិ​សម្រាប់​ពិភព​លោក​បង្រួប​បង្រួម​មួយ»។

លោក សុផល ចំរើន អគ្គលេខាធិការ UPF ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ ខែ​ឧសភា​នេះ​ថា វាគ្មិន​មក​ពី​ប្រទេស​កម្ពុជាបាន​ចែក​រំលែក​គំនិត​និង​ទស្សនៈ​រួម​ដើម្បី​រួម​ចំណែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាមួយ​អ្នក​ជំនាញ​ដទៃ​ទៀត។ វា​ជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​ចាប់អារម្មណ៍ «ខ្លាំងណាស់» ដែល​ផ្តោត​លើ​គ្រប់​វិស័យ​ដើម្បី​នាំ​មក​នូវ​សន្តិភាព។

លោក​ថ្លែង​ថា វេទិកា​នេះ​រួម​បញ្ចូល​គ្នា​នូវ​នយោបាយ សាសនា​និង​សេដ្ឋកិច្ច ហើយ​ការ​ចូលរួម​របស់​វាគ្មិន​កម្ពុជា​អាច​លើក​កម្ពស់​ប្រទេស​កម្ពុជា​ទៅ​កាន់​កម្រិត​អន្តរជាតិ​ដើម្បី​បង្ហាញ​ប្រទេស​កម្ពុជា​ក្នុង​ពិភព​លោក ហើយ​ក្នុង​ពេល​តែ​មួយ​គឺ​ដើម្បី​នាំ​មក​នូវ​ការ​បង្រួប​បង្រួម​ឧបទ្វីប​កូរ៉េ។

លោក ចំរើន បានថ្លែងថា៖ «ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​កណ្តាល​មួយ​ដែល​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​កូរ៉េខាងជើង និង កូរ៉េខាង​ត្បូង។ដូច្នេះ កម្ពុជា​អាច​ដើរ​តួនាទី​សំខាន់​សម្រាប់​សន្តិភាព​ពិភព​លោក»។

ដំណោះ​ស្រាយ​ផ្សេងៗ​គ្នា​ចំពោះ​ការ​បង្រួប​បង្រួម​កូរ៉េខាងជើង និង កូរ៉េខាងត្បូង ត្រូវ​បាន​ពិភាក្សា​ក្នុង​សន្និសីទ​រយៈពេល ៣ ថ្ងៃ​តាម​ប្រព័ន្ធអនឡាញ​ចាប់​ពីថ្ងៃទី ២៩ ខែ​មេសា ដល់​ថ្ងៃទី ១ ខែ​ឧសភា នៅ​ប្រទេស​កូរ៉េ ជប៉ុន អាមេរិក អឺរ៉ុបនិងមជ្ឈិមបូព៌ា អាហ្វ្រិក ក៏​ដូចជា​អាមេរិកខាងជើង​និង​អាមេរិក​ខាងត្បូង។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ UPF កម្ពុជា កាល​ពី​ថ្ងៃទី ២ ខែ ឧសភា ម្សិលមិញ​បញ្ជាក់​ថា គុណសម្បត្តិ និង គុណវិបត្តិ​បញ្ហាប្រឈម​និង​ឱកាស​ត្រូវ​បាន​លើក​យក​ដាក់​នៅ​លើ​តុ​ហើយ​ឱកាស​មាន​ច្រើន​ជាង​ហានិភ័យ​ឆ្ងាយ។ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​នឹង​ពន្លឿន​វិបុលភាព​ជាតិ​និង​តំបន់​ពិត​ជា​អាច​ទៅ​រួច។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា «ការ​ដោះស្រាយ​ ការ​បែងចែក​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​កូរ៉េ​មាន​ន័យ​ថា ជា​ការ​បញ្ចប់​ភាព​ជាប់គាំងនៅ​ឧបទ្វីប​នេះ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​សន្តិភាព​នៅ​អាស៊ី​ឦសាន​និង​ពិភព​លោក។វាគ្មិន​បាន​មើល​ឃើញ​ពី​ការ​វិវឌ្ឍ​វិជ្ជមាន​ឆ្ពោះ​ទៅ​មុខ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា មាន​មនុស្ស​ជិត ២ ម៉ឺន​នាក់​មក​ពី ៤៥ ប្រទេស​បាន​ចុះ​ឈ្មោះ​ចូលរួម​សន្និសីទ​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​នេះ។ អ្នក​ទស្សនា​ប្រមាណ ២៥ ម៉ឺន​នាក់​បាន​ចូល​ទស្សនា​សន្និសីទ​នេះ​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

ពិធី​បិទ​សន្និសីទ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៨ ខែ​ឧសភា ដែល​នឹង​មាន​ការ​ពិភាក្សា​ស៊ី​ជម្រៅ​រវាង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់៕