ភ្នំពេញៈ ក្រុម​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កំពុង​ធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​ថ្មី​មួយ ដើម្បី​បង្កើន​ការដាក់ទោសទណ្ឌ និង​ការផាកពិន័យ​ទៅលើ​ជន​ដែល​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​បន្ទាប់ពី​គណៈកម្មាធិការ​នេះ​បាន​ប្រកាស​កំណត់​យក​ឆ្នាំ ២០២០ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​ការស្លាប់ និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើនឡើង​ខ្ពស់​។

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​គ្រាន់តែ​នៅក្នុង​ខែ​មករា ឆ្នាំ ២០២០ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៣៥៨ ​ករណី​ដោយ​បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ២០៦ ​នាក់ និង​រងរបួស​ចំនួន​ ៥៥៩ ​នាក់​។

លោក ឈួន វ៉ុន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ចំនួន​អ្នកស្លាប់ និង​អ្នករងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​មូលហេតុ​ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នោះ​ភាគច្រើន​គឺ​បណ្ដាល​មកពី​កត្តា​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍​ដដែល​ជា​ដដែល​។

លោក​បាន​ថ្លែងថា ៧០ ​ភាគរយ​ នៃ​ចំនួន​អ្នកស្លាប់ និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​អ្នក​បើកបរ​ម៉ូតូ​ដែល​មិន​ពាក់​មួកសុវត្ថិភាព និង​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​មិន​គោរព​ភ្លើងសញ្ញា គំនូស និង​ស្លាក​សញ្ញា​ចរាចរណ៍ ខណៈ​ ៣០ ​ភាគរយ​ទៀត​ បណ្ដាលមកពី​កត្តា​យានយន្ត និង​កត្តា​ផ្លូវ​។

ដោយ​ពិនិត្យឃើញ​អ្នកបើកបរ​មិនមាន​ការផ្លាស់ប្ដូរ​ឥរិយាបថ​អវិជ្ជមាន​ទាំងនេះហើយ​ទើប​នៅពេល​នេះ​ក្រុម​ជំនាញ​ការបច្ចេកទេស​នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាននិង​កំពុង​ពន្លឿន​កិច្ចពិភាក្សា​លើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការកែសម្រួល​មាត្រា​មួយ​ចំនួន​ពាក់ព័ន្ធ​ការដាក់ទោស​ទណ្ឌ និង​ផាកពិន័យ​ចំពោះ​អ្នកប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

លោក​ វ៉ុន ​បញ្ជាក់ថា​៖ «​សេចក្ដី​ព្រាង​នៃ​អនុក្រឹត្យ​ថ្មី​នោះ​នឹង​មាន​ការបង្កើន​ការដាក់​ទោសទណ្ឌ និង​ផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន ចំពោះ​ជន​ទាំងឡាយណា​ដែល​បើកបរ​បំពាន​ច្បាប់​ចរាចរណ៍​ដូចជា​ការបើកបរ​មិន​ពាក់​មួក​សុវត្ថិភាព លើស​ល្បឿន​កំណត់​ក្នុង​ស្ថានភាព​ស្រវឹង មិន​គោរព​ភ្លើង​សញ្ញា គំនូស និង​ស្លាក​សញ្ញា​ចរាចរណ៍ និង​ជាពិសេស​អ្នក​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ​»​។

លោក​បន្ថែមថា​៖ «​ការបង្កើន​ការដាក់​ទោសទណ្ឌ និង​ផាក​ពិន័យ​នេះ​គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការគោរព និង​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​ឲ្យ​បាន​ពេញលេញ​ជាជាង​ការខ្លាច​រអា​ចំពោះ​សមត្ថកិច្ច​នគរបាលច​រាចរណ៍​»​។

ជុំវិញ​ករណីនេះ​លោក គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​និយាយថា ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅតែ​ជា​កត្តា​ចម្បង​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ចរាចរណ៍​នៅ​កម្ពុជា​។

លោក​ថ្លែងថា​ កាលពី​ ១០ ​ឆ្នាំ មុន​វិទ្យាស្ថាន​របស់លោក​បាន​ផ្ដល់​ចក្ខុវិស័យ​មួយចំនួន​ទៅ​ឲ្យ​រដ្ឋាភិបាល ដើម្បី​បង្កើត​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​គុណភាព​ដែល​ក្នុង​នោះ​ត្រូវ​បង្កើន​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ និង​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ជា​ប្រចាំ និង​ដោយ​គ្មាន​ភាពលម្អៀង​។

លោក​ រតនៈ ​បញ្ជាក់ថា​៖ «​យើង​ចង់​បាន​គុណភាព​នៃ​ការអនុវត្ត​ច្បាប់​ដោយ​ឈរលើ​គោលការណ៍​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ដោយ​មិន​ប្រកាន់​បក្ខពួក​ ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។ ប្រសិន​បើ​ការអនុវត្ត​ច្បាប់​នៅតែ​មាន​ភាព​ខ្វះ​ចន្លោះ​ ឬ​លម្អៀង​ដោយ​ប្រការ​ណាមួយ​នោះ​ការខំប្រឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​យើង ទោះបី​ធ្វើ​ប៉ុន្មាន​ដង​ទៀត​ក៏ដោយ ក៏​នៅ​តែ​ឥតប្រយោជន៍​ដែរ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​កាលពី​ ១០ ​ឆ្នាំ​មុន វិទ្យាស្ថាន​របស់​លោក​បាន​ធ្វើការ​ព្យាករ​ថា​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​អាច​នឹង​កើន​ដល់ ៣ ២០០ ​នាក់ ប្រសិន​បើ​គ្មាន​ការចុះពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ជា​ប្រចាំ​ហើយ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​មិនមាន​ភាពទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ទេនោះ​។

លោក​បាន​បន្តថា ថ្វីបើ​នៅក្នុង​ឆ្នាំ​ ២០១៩ ​កន្លង​មក​នេះ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ ១ ៩៨១ ​នាក់​ គឺ​មាន​ការកើនឡើង​ ២២០ ​នាក់ បើ​ធៀប​ទៅ​នឹង​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០១៨៕