ភ្នំពេញៈ ក្រុម​អ្នកជំនាញ​កំពុង​សិក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​បញ្ហា​ទឹក​ជន់​លិច​ក្នុង​តំបន់​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់ ខណៈ​អ្នកជំនាញ​ខាង​បរិស្ថាន មើលឃើញ​ថា មូលហេតុ​ដែល​ធ្វើឲ្យ​មាន​ទឹក​ជន់​លិច​តំបន់​មួយចំនួន ដោយសារ​ការចាក់ដី​លុប​អាងស្តុក​ទឹកធម្មជាតិ​នានា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​នាទី​ស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​អំឡុងពេល​លោក​ដឹកនាំ​ក្រុមការងារ និង​អភិបាលខណ្ឌ ព្រមទាំង​ប្រធាន​មន្ទីរ​ប្រមាណ ៤០ នាក់​ ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា​៖ «​សូម​ឲ្យ​ (​អ្នកជំនាញ​) ​សិក្សា​ឲ្យ​បាន​ច្បាស់​ថា លូ ប្រឡាយ​នីមួយៗ​នៅក្នុង​ទីក្រុង​គឺ​អាច​ទប់​បាន​ទឹកភ្លៀង​បាន​តែ​ក្រោម ៥០ ​មិល្លីម៉ែត្រ​ក្នុង​ ១ ​វិនាទី​ទេ​។ នេះ​ចំណុច​សំខាន់​ណាស់ សូម​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងយល់​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់​ក្រោម​ ៥០ ​មិល្លីម៉ែត្រ យើង​អាច​ធានា​បាន ប៉ុន្តែ​បើ​ទឹកភ្លៀង​លើស​ពី​ ៥០ មិល្លីម៉ែត្រ គឺ​យើង​ធានា​អត់​បានទេ​។ សូម្បីតែ​ទីក្រុង​បាងកក​ក៏​លិច​ដែរ​ឲ្យ​តែ​ភ្លៀង​ធំ​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ឲ្យ​ក្រុម​អ្នកជំនាញ សិក្សា​ជុំវិញ​បញ្ហា​ទឹក​លិច​នៅ​ភាគ​ខាង​លិច​នៃ​រាជធានី​ភ្នំពេញ​បើ​ទោះ​ជា​គ្មាន​ទឹកភ្លៀង ក៏​តំបន់​នេះ​ប្រឈម​នឹង​ទឹក​ជន់​លិច​ដែរ ដែល​អាចបង្កើត​ប្រឡាយ​មេ​ ១ ​ថ្មី​ទៀត ដើម្បី​រំដោះ​ទឹក​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​កំពុងតែ​ជំរុញ​ឲ្យ​អ្នកជំនាញ​ខ្មែរ​របស់​យើង សិក្សា​បន្ត​ពី​បញ្ហា​ទឹក​លិច​នៅ​ភាគ​ខាងលិច​។ យើង​ក៏បានផ្តល់​ភារកិច្ច​នេះ​ជូន​ប្រធាន​មន្ទីរ​ធនធានទឹក និង​មន្ទីរ​សាធារណការ​រួមទាំង​សាលាខណ្ឌ​កំបូល និង​សាលាខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ធ្វើការ​សិក្សា​បង្វៀង​ទឹក​នេះ​ចេញ​ពី​ (​ស្រុក​) អង្គស្នួល​មក​ចូល​ទៅ​ស្ទឹង​ព្រែកត្នោត ហើយ​ត្រូវមាន​ប្រឡាយ​មួយ​ចូល​មក​បឹង​តាមោក ដើម្បី​កាត់បន្ថយ​ចរន្តទឹក​កុំ​ឲ្យ​បុក​ខ្លាំង​មកលើ​រាជធានី​របស់​យើង​»​។

លោក ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បញ្ហា​ទឹក​ជន់លិច​រាជធានី​ភ្នំពេញ មិនមែន​ជា​រឿង​ថ្មី​នោះទេ គឺ​ចាប់​តាំងពី​មាន​ការប្រែប្រួល​ទាំង​បញ្ហា​អាកាសធាតុ ហើយ​អាង​ស្តុក​ទឹកធម្មជាតិ បឹងបួ​នានា​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ចាក់ដី​លុប​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​ដែល​ជា​មូលហេតុ​សូម្បី​តែ​មាន​ភ្លៀង​ធ្លាក់​តែ​បន្តិចបន្តួច​ក៏​ធ្វើឲ្យ​មាន​ការជន់​លិច​រាជធានី​ភ្នំពេញ​ដែរ​។

លោក​បារម្ភ​ថា ការដោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម បើទោះបី​ជា​សាលារាជធានី​មាន​អភ័យឯកសិទ្ធិ​ក្នុង​ការរៀបចំ​ទីក្រុង​ក៏ដោយ ប៉ុន្តែ​ស្ថាប័ន​នេះ​ត្រូវការ​ការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ជាពិសេស​ក្រសួង​ធនធានទឹក និង​ក្រសួងបរិស្ថាន​។

លោក ឧត្តម បន្តថា​អ្វី​ដែល​ពិបាក​ទៀត​នោះ​គឺ​ទាក់ទង​ជាមួយ​នឹង​ឆន្ទៈ​បុគ្គល ដែល​ជា​អ្នកមាន​ផលប្រយោជន៍​ទាក់ទង និង​លាភសក្ការៈ​ផ្សេងៗ ព្រោះ​ថា ការរំដោះ​ទឹក​លិច គឺ​មាន​ជាប់​ពាក់ព័ន្ធ​ប្រទាក់ក្រឡា​គ្នាច្រើន​ដែល​ទាមទារ​ឲ្យ​មានការចូលរួម និង​អនុវត្ត​ទាំងអស់​គ្នា​។

លោក​បញ្ជាក់ថា​៖ «​ការដែល​បន្ត​លុប​អាង​ស្តុក​ទឹក និង​ការប្រែប្រួល​អាកាសធាតុ​គឺជា​មូលហេតុ​គួបផ្សំ​គ្នា ហើយ​កត្តា​នេះ​នឹង​ធ្វើឲ្យ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​មិនមែន​ជា​រឿង​ថ្មី ប៉ុន្តែ​បរិមាណ​អាច​នឹង​ច្រើន​ជាង​មុន ដោយ​មិនអាច​ព្យាករ​ទុក​មុន​»​។ លោក​លើកឡើង​ថា​ម្យ៉ាងទៀត បញ្ហា​ទឹក​លិច​ក៏​អាច​ទាក់ទង​នឹង​ការគ្រប់គ្រង​ទីក្រុង​ដែរ «​ថា​យើង​បានធ្វើ​បាន​ល្អ​ប៉ុនណា​មកដល់​ពេល​នេះ​ដោយ​ការរក្សា​ទុក​អាង​ស្តុក​ទឹកធម្មជាតិ​!»​។

លោក ហែម ឧត្តម បាន​ថ្លែងថា លោក​ជឿជាក់​ថា តាមរយៈ​ការគ្រប់គ្រង និង​ការរៀបចំ​ទីក្រុង​ដោយ​ឆ្លាតវៃ ថ្នាក់ដឹកនាំ​នឹង​អនុវត្ត​ទៅ​តាម​ប្លង់​មេ​របស់​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ការប្រឹក្សា​កន្លងមក ខណៈ​ដែល​លោក​មើលឃើញ​ថា កន្លងមក​ការអភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ​គឺ​បាន​ដើរ​ប្រាសចាក​ពី​ប្លង់​មេ​ដែល​បាន​កំណត់​៕

វីដេអូ៖