ភ្នំពេញៈ អ្នកជំនាញ​មកពី​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​យុវជន​ជិត​ ២០០ ​នាក់​ បាន​ជួបជុំ​គ្នា​តាមរយៈ​វីដេអូ​អនឡាញ​កាលពី​ថ្ងៃទី​ ១៥ កក្កដា ដើម្បី​ជជែក​ពិភាក្សា​គ្នា​ជុំវិញ​ប្រធានបទ​ «​ការដោះស្រាយ​គម្លាត​ការងារ​របស់​យុវជន​ដែលមាន​ភាពធន់​នៅក្នុង​អំឡុងពេល​កូវីដ​ ១៩ និង​ក្រោយពេល​»​។

ក្នុង​ការជជែក​ពិភាក្សា​នោះ ក្រុម​អ្នកជំនាញ​បាន​ជំរុញ​ឲ្យ​យុវជន​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ខ្លាំង​បន្ថែមទៀត​ក្នុង​ជំនាញ​បច្ចេកវិទ្យា​ដើម្បី​ដើរ​ឲ្យ​ទាន់សម័យ​កាលដែល​កំពុង​វិវត្ត​យ៉ាង​ឆាប់រហ័ស​ស្រប​ពេល​ពិភពលោក ក៏ដូចជា កម្ពុជា​កំពុង​ជួបប្រទះ​នូវ​របត់​ថ្មី​មួយ​នៃ​យុគសម័យ​កូវីដ​ ១៩​។

លោកស្រី ជា សេរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា​បានលើក​ឡើង​ក្នុង​វេទិកា​ពិភាក្សា​នោះ​ថា បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​នានា ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​អាជីវកម្ម​មួយ​ចំនួន​បាន​បិទទ្វារ​ជា​បន្តបន្ទាប់​។ ​លោកស្រី​បន្តថា ពេលនេះ​ប្រសិន​បើ​យុវជន​មិនចេះ​អភិវឌ្ឍ​ខ្លួន​ដើរ​ឲ្យ​ទាន់​សម័យកាល​នោះទេ ពួកគេ​អាច​ប្រឈម​នឹង​កង្វះ​ការងារ​។

លោកស្រី​បន្ត​ថា​៖ «​យុវជន​ត្រូវ​សិក្សា និង​ស្វែងរក​ចំណេះដឹង​បន្ថែមទៀត​ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យកាល និង​ការវិវត្ត​របស់​ពិភពលោក ព្រោះ​ជំនាញ​របស់​យើង​មិន​គ្រប់គ្រាន់​ទេ​។ សំខាន់​មិនមែន​ថា ខ្ញុំ​ចេះ​ទេ​គឺ​ខ្ញុំ​មាន​គំនិត គាំទ្រ ដែល​គាត់​ចេះ​ទាំងអស់ ព្រោះ​យើង​ធ្វើ​អ្វី​ក៏ដោយ យើង​ចេះ​តែមួយ​ជ្រុង​ក៏​មិនកើត​ដែរ​។ សម្រាប់​យុវជន​យើង​ក្នុង​ការស្រូប​យក​ចំណេះវិជ្ជាថ្មី ដើម្បី​ឆ្លើយតប​ទៅ​កាលៈទេសៈ​បច្ចុប្បន្ន​ហ្នឹង​»​។

លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានលើក​ឡើង​ដែរ​ថា យុវជន​ទាំងអស់​មិន​គួរ​ផ្តោត​តែ​លើ​ជំនាញ​កម្រិត​ទាប ដែល​ភាគច្រើន​ប្រើប្រាស់​នូវ​កម្លាំង​នោះទេ តែ​គួរតែ​ងាក​មក​ចាប់យក​ជំនាញ ដែល​មិន​ប្រើប្រាស់​កម្លាំងកាយ​ក្នុង​នោះ​គឺ​ងាក​មកប្រើប្រាស់​បច្ចេកវិទ្យា ព្រោះ​កំពុងមាន​តម្រូវការ​ក្នុង​ទីផ្សារ​។

លោក​បាន​បញ្ជាក់ថា​៖ «​វិធីសាស្ត្រ​របស់​យើង គឺ​ត្រូវតែ​ជំរុញ​ឲ្យ​យុវជន​ត្រូវ​រៀន រៀន​ទាំងយប់ រៀន​ទាំង​ថ្ងៃ ទោះ​ក្នុង​កាលៈទេសៈ​ណា​មិន​អាច​អត់​រៀន​បាន​ទេ ព្រោះ​យុវជន​យើង​ប្រកប​ដោយ​កម្លាំង និង​បញ្ញា​។ ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​បែបណា ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​ក្នុងការ​រៀនសូត្រ​ក្នុង​ការបែង​នូវ​ជំនាញ ដើម្បី​ចាប់យក​នូវ​ទីផ្សារការងារ ចាប់​យក​ចំណូល​ណា ដែល​ស្របតាម​ការវិវត្ត​នៃ​សង្គម​សេដ្ឋកិច្ច​»​។

តាម​របាយការណ៍​សង្ខេប​របស់ UNDP បន្ទាប់ពី​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា ២ ​ភាគ នៃ​ពលរដ្ឋ​កម្ពុជា​សរុប​គឺ​មាន​អាយុ​ក្រោម ៣០ ​ឆ្នាំ ខណៈ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​គឺ​មាន​កម្រិត​ទាប​បំផុត ដោយ​ក្នុង​នោះ​ស្ត្រី​មាន​ប្រមាណ​ ០,២ ​ភាគរយ​ហើយ​បុរស​មាន​ប្រមាណ​ ០,៣ ​ភាគរយ​។

ទោះជា​បែបនេះ​ក្ដី UNDP ​បាន​លើកឡើង​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​មាន​កម្រិត​ទាប​នោះ មិនមែន​ជា​ឧទាហរណ៍​ដែល​ត្រូវ​បង្ហាញ​អំពី​គុណតម្លៃ​នៃ​ការងារ​ទេ ព្រោះ​ ៨៥ ​ភាគរយ​នៃ​អ្នកមាន​ការងារ​ធ្វើ​គឺ​ស្ថិតក្នុង​កម្រិត​ជំនាញ​ទាប ដោយ​ប្រើប្រាស់​នូវ​កម្លាំង​។ រីឯ​ ៥១ ​ភាគរយ​នៃ​ការងារ​នៅ​កម្ពុជា​គឺជា​ការងារ​ងាយ​រងគ្រោះ​ និង​គ្មាន​ប្រាក់បៀវត្សរ៍​ទៀងទាត់​។

UNDP បានលើក​ឡើង​ទៀតថា ការបែងចែក​រវាង​ប្រព័ន្ធ​អប់រំ​បច្ចុប្បន្ន និង​ទីផ្សារការងារ ជាពិសេស​ការរអាក់រអួល​នៃ​ការបង្កើត​ថ្មី​ក្នុង​បច្ចេកវិទ្យា​នាបច្ចុប្បន្ន​មាន​ភាពមិន​ស៊ីចង្វាក់​គ្នា ហើយ​ទស្សនវិស័យ​ការងារ​ក៏​នៅ​មិន​ច្បាស់លាស់​។

UNDP បញ្ជាក់ថា​៖ «​ការមក​ដល់​នៃ​ជំងឺ​កូវីដ​១៩ ដែលមាន​ស្ថានភាព​អាក្រក់​ធ្វើ​ឲ្យ​យុវជន​ទទួលរង​ផលប៉ះពាល់​យ៉ាងច្រើន​ពី​វិបត្តិ​នេះ ជាមួយ​នឹង​ការជាប់គាំង រួមបញ្ចូល​ទាំង​ការរំខាន​ដល់​ការសិក្សា និង​ហ្វឹកហាត់​ការងារ​។ ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ​ត្រូវ​បាន​បាត់បង់ ហើយ​ពិបាក​ក្នុង​ការស្វែងរក​ការងារ​ថែមទៀត​»​។

កញ្ញា យ៉ាន សុខអេង ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះដែរ បាន​បង្ហាញ​ការយល់​ឃើញ​ថា វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ទាមទារ​ឲ្យ​យុវជន​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ក្នុង​កាលៈទេសៈ​បែបនេះ​។ ​កញ្ញា​បន្តថា ការពង្រឹង​សមត្ថភាព​បន្ថែម​ក៏​អាច​ជា​ឱកាស​មួយ​ក្នុង​ការទទួល​បាន​ការងារ​កាន់តែ​ប្រសើរ ហើយ​ចៀសវាង​នូវ​ហានិភ័យ​នានា​ស្រប​ពេលដែល​ក្រុមហ៊ុន​ជាច្រើន​កំពុង​ប្រឈម​នឹង​ការកាត់បន្ថយ​បុគ្គលិក និង​បិទទ្វារ​នោះ​។

កញ្ញា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចាប់​អារម្មណ៍​នូវ​ការជំរុញ​ឲ្យ​យើង​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ការងារ​ទៅ​ថ្ងៃមុខ​បន្តទៀត ហើយ​ចំណេះដឹង​ដែល​យើង​ត្រូវ​អភិវឌ្ឍ​ខ្លួន​ហ្នឹង គឺ​ការច្នៃប្រឌិត ការបង្កើត​ថ្មី ផ្នែក​ភាសាបរទេស ហើយ​និង​ចំណេះដឹង​លើ​ផ្នែក​បច្ចេកវិទ្យា​ដែល​ត្រូវ​ចេះ​ឲ្យ​ខ្លាំង​ដែរ​»៕