សៀមរាប:​ មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​សូហ្វីយ៉ា​ប្រទេស ​ជប៉ុន​ កាល​ពី​ដើម​សប្ដាហ៍​បាន​កាយ​រក​ឃើញ​កោដ្ឋ​ដាក់​ឆ្អឹង​មនុស្ស​ចំនួន​ ៨ ​កោដ្ឋ​ នៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយ​ក្ដី​ ក្នុង​គម្រោង​កំណាយ ១២ ​ថ្ងៃ ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃទី ​១០ ខែ សីហា មក​ដែល​អ្នក​ជំនាញ​អះអាង​ថា​ ធាតុ​ទាំង​នេះ​ត្រូវ​បាន​កប់​បាត់​នៅ​អំឡុង​ឆ្នាំ ​១៩៨០​ ខណៈ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ទទួល​បាន​សិលា​ចារឹក​មួយ​ផ្ទាំង​នៅ​សម័យ​អង្គរ​សតវត្សរ៍​ទី១១។​

លោក​ ថូ ​ថុន​ បុរាណវិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឲ្យ​ដឹង​ថា​ កោដ្ឋ​ដាក់​ឆ្អឹង​មនុស្ស​ជំនាន់​ទសវត្សរ៍​ទី​៨០​ (១៩៨០) ​ចំនួន ​៨ ​កោដ្ឋ​ ត្រូវ​បាន​រក​​ឃើញ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយ​ក្ដី​ ត្រង់​ចំណុច​ខឿន​ព្រះពុទ្ធ​សាសនា និង​ប៉ម C១៩។ ការ​ធ្វើ​កំណាយ​នេះ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា​ ព្រោះ​អាជ្ញាធរ​អប្សរា​ជា​អ្នក​គ្រប់គ្រង​​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ។

ដូច្នេះ​ការ​ដែល​បាន​ដឹង​ច្បាស់​ពី​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​បុរាណ​ គឺ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ធ្វើ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​ប្រាសាទ​បុរាណ។​

លោក​បញ្ជាក់​ថា៖ ​«ក្រោយ​ពី​យើង​បាន​រក​ឃើញ ​ព្រម​ទាំង​បាន​ស្រាវជ្រាវ​សាវតារ​កំណក​ឆ្អឹង​ទាំង​នេះ ​ព្រម​ទាំង​បាន​សាក​សួរ​​អ្នក​ភូមិ​នៅ​តំបន់​ហ្នឹង​រួច​មក​ យើង​បាន​ដឹង​ថា​ ឆ្អឹង​ទាំង​នេះ​ គឺ​នៅ​ជំនាន់​ឆ្នាំ ​១៩៨០ ​នេះ​ គឺ​មិនមែន​ជា​ឆ្អឹង​មនុស្ស​ពី​​ជំនាន់​​អង្គរ​ ឬ​ពី​ជំនាន់​បុរាណ​ទេ ​ព្រោះ​ជា​រៀងរាល់​ឆ្នាំ​ អ្នក​ភូមិ​តែងតែ​មក​សែន​ព្រេន​តាម​ប្រពៃណី​នា​រដូវ​បុណ្យ​ទាន​ម្ដងៗ»។

លោក​ ឡុង​ កុសល់​ អ្នក​នាំពាក្យ​ និង​ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ថ្លែង​ថា​ សាវតារ​នៃ​ធាតុ​នេះ ត្រូវ​បាន​អ្នក​ភូមិ​អះអាង​ថា​ នៅ​ជំនាន់​ឆ្នាំ ១៩៨០​ ប៉ុន្ដែ​ក្រុម​អ្នក​ជំនាញ​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​ទេ​ ព្រោះ​ទីតាំង​កន្លែង​នេះ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​បញ្ចុះ​សព​កាល​ពី​សម័យ​បុរាណ​ដែរ​។​

ក្រុម​អ្នក​ស្រាវជ្រាវ​​នឹង​បន្ត​យក​ធាតុ​ទាំង​នេះ​ធ្វើ​ការ​ពិសោធ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់។​ ទីតាំង​កន្លែង​នេះ​ជា​លើក​ដំបូង​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ធាតុ​នៅ​ក្នុង​ក្រឡ​បែប​នេះ ​ទើប​ក្រុម​អ្នក​ជំនាញ​នៅ​មាន​ការ​សង្ស័យ​ថា​ ធាតុ​ទាំង​នេះ​ប្រហែល​ជា​ធាតុ​មនុស្ស​សម័យ​បុរាណ​ដែរ ​«​ក្រៅ​ពី​នេះ​ យើង​ក៏​បាន​រក​ឃើ​ញ​សំណាក​ភាជន៍​ អំបែង​ចាន​ ក្រឡ ​និង​កម្ទេច​កម្ទី​គ្រឿង​អលង្ការ​ផ្សេងៗ​ទៀត​ក៏​ដូច​ជា​ បំណែក​រូប​បដិមា​ប្រមាណ​ជិត ១០០ ​ដុំ​ កាល​ពី​ឆ្នាំ ​២០១១​ ក្រោយ​មក​យើង​បាន​រក​ឃើញ​សំណាក​ផ្សេងៗ​ទៀត​ នៅ​ចំណុច​ប៉ម​ ​C១៩​»​។

ចំណុច​ប៉ម ​C១៩ គឺ​ជា​តំបន់​មួយ​ដែល​ត្រូវ​បាន​អ្នក​ជំនាញ​សង្ស័យ​ថា​ ជា​កន្លែង​កោដ្ឋ​ដាក់​ឆ្អឹង​មនុស្ស​ជំនាន់​ទសវត្សរ៍​ទី​៨០ (១៩៨០)។

លោក​ កុសល់ ​បញ្ជាក់​ថា​៖ ​«​គោល​បំណង​នៃ​កំណាយ​នេះ​ គឺ​យើង​ចង់​ស្រាវជ្រាវ​អំពី​រចនា​សម្ព័ន្ធ​ និង​ការ​ទំនាក់ទំនង​គ្នា​រវាង​ខឿន​ព្រះពុទ្ធ​សាសនា​ និង​ប៉ម​ C១៩​ ដើម្បី​បាន​ដឹង​ពី​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​បុរាណ​ខឿន​ព្រះពុទ្ធ​សាសនា ​និង​ប៉ម ​C១៩​ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយ​ក្ដី​»​។​

លោក​ ញឹម ​សុធាវិន្ទ ​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​សូហ្វីយ៉ា ​ប្រទេស ​ជប៉ុន​ បាន​ឲ្យ​ដឹង​ដែរ​ថា ​កាល​ពី​ឆ្នាំ ១៩៩៦ ​​ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណាយ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយ​ក្តី​នេះ​រួច​ម្តង​មក​ហើយ​ ដោយ​ពេល​នោះ​គេ​បាន​រក​ឃើញ​​កោដ្ឋ​ចិន​ដាក់​ឆ្អឹង​ ដែល​ក្រុម​អ្នក​ជំនាញ​អះអាង​ថា​ កោដ​ដាក់​ឆ្អឹង​ទាំង​នោះ​ត្រូវ​បាន​គេ​យក​មក​បញ្ចុះ​នៅ​ជុំវិញ​ខឿន​​សាសនា​នេះ​។​

លោក​បន្ត​ថា​ កំណាយ​​នេះ ​ចាប់​ពី​ថ្ងៃទី ១០​ ខែ ​សីហា ​រហូត​មក​ដល់​ថ្ងៃទី ១២​ ​ខែ ​សីហា​ ឆ្នាំ ​២០១៩​ ហើយ​គ្រោង​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃទី ​២១ ​ខែ សីហា ​នេះ​។

ករណី​ស្រដៀង​គ្នា​នេះ​ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ​ នៅ​ថ្ងៃទី ​១០ ​សីហា​ បាន​ទទួល​សិលា​ចារឹក​​មួយ​ផ្ទាំង​ដែល​កប់​ភក់​នៅ​វត្ត​ពុទ្ធោ​អរហំ​ ហៅ​វត្ត​ភ្នំ​ដី ​ស្ថិត​នៅ​ភូមិ​ខ្នារ​ ឃុំ​ក្រសាំង​ ស្រុក​ចុង​កាល់​ ខេត្ត​ឧត្តរមានជ័យ​ ដើម្បី​យក​មក​រក្សា​ទុក​ និង​អភិរក្ស​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។​

លោក​ ហុង​ យឿន​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ​ បាន​ឲ្យ​ដឹង​ថា​សិលា​ចារឹក​ដែល​ទទួល​បាន​ គឺ​ធ្វើ​ពី​ថ្ម​ភក់​ស្ថិត​នៅ​ក្នុង​សម័យ​អង្គរ​សតវត្សរ៍​ទី​១១​ យក​ចេញ​ពី​ប្រាសាទ​ត្រពាំង​រូង ​មាន​ទំហំ​កម្ពស់ ​១,០២ ម​ ទទឹង​ ០,៤៥ ម ​និង​កម្រាស់​ ០,៣៥ ​ម៉ែត្រ​ មាន​សរសេរ​អក្សរ​ទាំង ​៤ ​ជ្រុង​ ប៉ុន្តែ​សិលាចារឹក​​នេះ​​មាន​ការ​សឹក រេចរឹលរ​លុប​អក្សរ​អស់​មួយ​ចំនួន​ និង​បែក​នៅ​ផ្នែក​ខ្លះ​។​

លោក​​ យឿន បាន​ថ្លែង​ដែរ​ថា​៖ ​«​បច្ចុប្បន្ន​សិលាចារឹក​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​បាន​ដឹក​យក​មក​រក្សា​ទុក​ និង​អភិរក្ស​នៅ​ក្នុង​​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្ដរមានជ័យ​ហើយ​»​៕​