ភ្នំពេញៈ អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម ហៅ​កាត់​ថា UNIDO បាន​លើកឡើងថា ការប្រើប្រាស់ និង​ការផលិត​អាហារ​ដែលមាន​សុវត្ថិភាព​គឺ​​មាន​អត្ថប្រយោជន៍​សម្រាប់​រយៈ​ពេល​ខ្លី និង​រយៈពេល​វែង​ដល់​ប្រជាជន​នៅលើ​ភពផែនដី និង​សេដ្ឋកិច្ច​។

ការអះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​អំពី​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​អ្នកសារព័ត៌មាន​ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​ ២៤ ​ឧសភា តាមរយៈ​ ហ្ស៊ូម ដើម្បី​ចូលរួម​អបអរ​ទិវា​សុវត្ថិភាព​អាហារ​ពិភពលោក​ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៧ ខែ​មិថុនា​។

កាលពី​ឆ្នាំ​ ២០១៨ មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្ដីសម្រេច​មួយ​ដោយបាន​ប្រកាស​យក​ថ្ងៃទី​ ៧ មិថុនា ជា​ទិវា​សុវត្ថិភាព​អាហារ​ពិភពលោក​ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​មាន​ការសម្របសម្រួល​ពី​អង្គការ​ស្បៀងអាហារ​ពិភពលោក​ (FAO) ​និង​អង្គការ​សុខភាព​ពិភពលោក​ (WHO)​។

សេចក្ដី​សម្រេច​នេះ​បាន​សង្កត់ធ្ងន់ថា សុវត្ថិភាព​អាហារ គឺជា​ធាតុ​ចាំបាច់​មួយ​សម្រាប់​ការសម្រេចបាន​នូវ​សន្តិសុខ​ស្បៀង ហើយ​សុវត្ថិភាព​អាហារ​គឺជា​រឿង​របស់​មនុស្ស​គ្រប់​​រូប​។ លើសពីនេះ​ទៀត​ការអនុលោម​តាម​សុវត្ថិភាព​អាហារ​គឺជា​កត្តា​សំខាន់​​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម ការបង្កើត​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ UNIDO​។

លោក Setty Seetharama ប្រធាន​ទីប្រឹក្សាបច្ចេកទេស​គម្រោង​នៃ​អង្គការ UNIDO បាន​ថ្លែង​ក្នុង​​ឱកាស​នោះ​ថា បើទោះជា​ការប្រើប្រាស់ និង​ការផលិត​អាហារ​ដែល​មាន​សុវត្ថិភាព​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​សុវត្ថិភាព​អាហារ​នៅតែ​ជា​ឧបសគ្គ​មួយ​សម្រាប់​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​។

តាម​ការប៉ាន់ប្រមាណ​របស់​អង្គការ​សុខភាព​ពិភពលោក ការបរិភោគ​អាហារ​ដែល​មិន​មាន​សុវត្ថិភាព បណ្តាល​ឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ​ ៦០០ ​លាន​ករណី នៅ​ទូទាំង​ពិភពលោក ដែល​ក្នុងនោះ​ឈាន​រហូត​ដល់​មាន​ការបាត់បង់​ជីវិត​មាន​ប្រមាណ ៤២០ ០០០ ​នាក់​ ជា​រៀងរាល់​ឆ្នាំ​។

សម្រាប់​ប្រទេស​កម្ពុជា លោក Setty បាន​បញ្ជាក់​ថា អ្នកស្លាប់​ប្រមាណ​ ៨ ​ភាគរយ​ ដែលមាន​អាយុ​ក្រោម​ ៥ ​ឆ្នាំ ​ត្រូវ​បាន​ស្លាប់​ដោយ​ជំងឺ​រាករូស​។ ក្នុងនោះ​គ្រោះថ្នាក់​នៃ​ជំងឺ​​រាករូស​នៅ​កម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា​តួលេខ​មួយ​ខ្ពស់ ហើយ​វា​បាន​​កើតឡើង​ចំពោះ​ពលរដ្ឋ​ដោយ​មិន​សំដៅលើ​អ្នកមាន​ ឬ​អ្នកក្រ​នោះទេ​។

លោក Setty បានបង្ហាញ​ការយល់​ឃើញ​ថា សិក្ខាសាលា​ក្នុង​ពេល​​នេះ​នឹង​នាំឱ្យ​ផ្តល់​ចំណេះដឹង​ដល់​អ្នកសារព័ត៌មាន ដើម្បីឱ្យ​ពួកគេ​បន្ត​​ផ្សព្វផ្សាយ​ទៅកាន់​សាធារណជន​អំពី​អត្ថប្រយោជន៍​សម្រាប់​រយៈពេល​ខ្លី​​ និង​រយៈពេល​វែង ចំពោះ​ការប្រើប្រាស់ និង​ការផលិត​អាហារ​ដែលមាន​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រប់គ្នា​​អាចបង្កើត​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្តល់នូវ​របាយការណ៍​ដែល​អាច​យល់បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ចំពោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​សំខាន់​។ ​ឧទាហរណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​អប់រំ​អំពី​របៀប​ផ្លាស់ប្តូរ​ការអនុវត្ត​របស់​យើង ដូចជា របៀប​ផលិត​អាហារ និង​ដំណាក់កាល​នៃ​ការផលិត និង​ទទួល​បាន​ការបញ្ជាក់​ច្បាស់លាស់​នូវ​អាហារ​ដែលមាន​សុវត្ថិភាព ជាពិសេស​សារប្រយោជន៍​របស់​វា​»៕