ភ្នំពេញៈ អ្នកជំនាញផ្នែកសារព័ត៌មានជាតិ និងអន្តរជាតិបានសម្តែងក្តីបារម្ភ ចំពោះព័ត៌មានភូតកុហក និងព័ត៌មានក្លែងក្លាយដែលកំពុងតែត្រូវបានគេចែករំលែកបន្តគ្នាលឿនជាងព័ត៌មានពិតទ្វេដងតាមបណ្តាញសង្គម ហើយ ៨០ ភាគរយនៃបញ្ហាគឺបង្កឡើងដោយការចែកចាយជាជាងការប្រឌិតរឿងក្លែងក្លាយ។
ក្រុមអ្នកជំនាញបានលើកឡើងស្រដៀងគ្នាថា ព័ត៌មានក្លែងក្លាយ (FakeNews) គឺជារឿងប្រឌិត ឬពាក្យចចាមអារ៉ាមមួយដែលត្រូវបានគេបង្កើតឡើង និងចែករំលែក (share) ដោយចេតនាដើម្បីបោកប្រាស់សាធារណជនក្នុងបំណងទាញយកផលប្រយោជន៍សេដ្ឋកិច្ច នយោបាយ ឬមនោគមន៍វិជ្ជាដែលនេះវាមិនមែនជាព័ត៌មាននោះទេ។
ពាក្យថាព័ត៌មានក្លែងក្លាយនេះមានវត្តមានក្នុងកំណត់ត្រាជាលើកដំបូងប្រហែលជាឆ្នាំ ១៨៩៨ ខណៈដែលព័ត៌មានភូតកុហកវិញក៏មានវត្តមានរាប់ទសវត្សរ៍មកហើយដែរដែលវាត្រូវបានផ្សព្វផ្សាយដោយចេតនាដោយអ្នកសារព័ត៌មាន ឬអ្នកនយោបាយ។ ការទទួលព័ត៌មានភូតកុហក និងព័ត៌មានក្លែងក្លាយអាចធ្វើឲ្យមានការសម្រេចចិត្តខុស បណ្តាលឲ្យមានអំពើមនុស្សឃាត ភេរវកម្ម និងបង្កគ្រោះភ័យដល់សង្គម។
អ្នកសារព័ត៌មានជើងចាស់ និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ បានកត់សម្គាល់ថាអ្វីដែលជាកង្វល់នោះគឺចរន្តនៃការលេចឡើងនូវព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ដែលត្រូវបានគេចាត់ទុកថាជាផលិតផលព័ត៌មានពាក់កណ្តាលវិជ្ជាជីវៈ។ ហេតុនេះវាអាចមានកំហុសឆ្គងច្រើនព្រោះអ្នកចែកចាយអត់មានចំណេះដឹងផ្នែកសារព័ត៌មាន ហើយបញ្ហានេះបានកំពុងតែកើតមាននៅកម្ពុជាប្រមាណ ១០ ឆ្នាំចុងក្រោយនេះ។
លោកថា៖ «អ៊ីចឹងយើងឃើញថា ការចែកចាយព័ត៌មានភូតកុហក និងក្លែងក្លាយច្រើនកើតមាននៅលើបណ្តាញសង្គមហ្វេសប៊ុកឬ Twitter ក្តីដែលយើងព្រួយបារម្ភ។ អ៊ីចឹងបើយើងនិយាយពីព័ត៌មានក្លែងក្លាយគឺយើងស្តីបន្ទោសលើបណ្តាញសង្គម»។
លោកលើកឡើងថា ព័ត៌មានត្រឹមត្រូវជួយដល់សង្គម សន្តិសុខជាតិ និងការអភិវឌ្ឍ តែព័ត៌មានក្លែងក្លាយអាចបង្កគ្រោះថ្នាក់ដល់សង្គម និងអ្នកចែករំលែកទៅវិញ។
លោកបន្តថា សូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ជាជនរងគ្រោះ ដោយសារតែព័ត៌មានក្លែងក្លាយនេះដែរនៅពេលដែលហ្វេសប៊ុកគាត់ត្រូវបានគេលួចចូលយកទៅប្រើប្រាស់ និងបង្ហោះព័ត៌មានមិនពិត។ លោកផ្តល់យោបល់ថា អ្នកលេងបណ្តាញសង្គម និងអ្នកសារព័ត៌មានអនឡាញខ្លះគួរតែញែក ឬចម្រោះដំណឹងដែលពួកគេឃើញហើយផ្ទៀងផ្ទាត់ជាមួយនឹងប្រភពមុននឹងចែកចាយបន្ត ឬចុះផ្សាយ។ បើតាមក្រុមហ៊ុន We Are Social LTD មនុស្សជាង ៣ ពាន់លាននាក់នៅលើពិភពលោកកំពុងតែប្រើបណ្តាញសង្គមក្នុងឆ្នាំ ២០១៨ ហើយនៅកម្ពុជាមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ ៧ លាននាក់។
អ្នកសារព័ត៌មាន ២៤ នាក់មកពីប្រទេសផ្សេងៗគ្នាដែលរួមមានទាំងកម្ពុជាផងបានចូលរួមទស្សនកិច្ចរាយការណ៍រយៈពេលជាង ១០ ថ្ងៃនៅអាមេរិកក្រោមប្រធានបទ «ចំណេះដឹងព័ត៌មានការប្រយុទ្ធប្រឆាំងនឹងព័ត៌មានភូតកុហក និងព័ត៌មានក្លែងក្លាយ» ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលព័ត៌មានបរទេសវ៉ាស៊ីនតោន (FPC)។
កម្មវិធីដែលត្រូវបានបញ្ចាប់កាលពីសប្តាហ៍មុន និងបានបញ្ជាក់ពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរនៃព័ត៌មានភូតកុហក និងក្លែងក្លាយទៅលើលទ្ធិប្រជាធិបតេយ្យនោះបានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ស្វែងយល់ពីប្រធានបទខាងលើ និងបានបង្ហាញពីយុទ្ធសាស្ត្រក្នុងការដោះស្រាយតាមរយៈមន្ត្រី FPC និងអ្នកជំនាញសារព័ត៌មានជាង ២០ នាក់។ ពួកគេក៏បានលើកឡើងពីឥទ្ធិពលនៃព័ត៌មានក្លែងក្លាយដែលបានបំផ្លាញជំនឿរបស់ពលរដ្ឋអាមេរិកក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ដែលជ័យជម្នះបានទៅលើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី។
លោក Alan C. Miller ស្ថាបនិកគម្រោងចំណេះដឹងព័ត៌មាន (NLP) បានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានថា ដំណឹង វីដេអូ និងរូបភាពដ៏ច្រើនលើសលប់កំពុងតែត្រូវបានបង្កើតឡើងគ្រប់ពេលហើយគ្រប់នាទីវីដេអូ ៤,៣ លានត្រូវបានមើលនៅតាម YouTube សារ ១៨ លានត្រូវបានចែករំលែក និងកម្មវិធី apps ជាង ៣០ ម៉ឺនត្រូវបានទាញយកទៅប្រើ។ ក្នុងកាលៈទេសៈបែបនេះគឺគ្មានឧបសគ្គណាក្នុងការជ្រៀតចូលរបស់អ្នកដែលព្យាយាមបោកបញ្ឆោត ឬកេងចំណេញតាមអនឡាញនោះទេ។
ការកើនឡើងនៃបណ្តាញសង្គមបានកំពុងតែបង្កើនល្បឿន និងបរិមាណនៃលំហូរដំណឹង និងទស្សនៈទាំងអស់ប្រឆាំងនឹងព័ត៌មានពិត។ ប៉ុន្តែខណៈពេលដែលចំនួនអ្នកបង្កើតដំណឹងមិនពិតបានកើនឡើងចំនួនអ្នកសារព័ត៌មានវិជ្ជាជីវៈបែរជា «កំពុងធ្លាក់ចុះទៅវិញ»។
លោកបានធ្វើបទបង្ហាញថាព័ត៌មានក្លែងក្លាយគឺ ៧០% ទំនងជាត្រូវបានបង្ហោះច្រើនជាងព័ត៌មានពិតហើយព័ត៌មានពិតត្រូវការពេលរហូតដល់ទៅ ៦ ដងនៃព័ត៌មានក្លែងក្លាយម្តងដើម្បីបានទៅដល់មនុស្ស ១៥០០ នាក់។
លោកបន្តថា៖ «ទីបំផុត ខ្ញុំជឿថានេះគឺជាមូលហេតុដែលការអប់រំចំណេះដឹងផ្នែកសារព័ត៌មានសំខាន់ណាស់សម្រាប់មនុស្សជំនាន់ក្រោយដើម្បីជាអនាគតនៃសារព័ត៌មានល្អ និងការរស់រាននៃលទ្ធិប្រជាធិបតេយ្យ»។
លោកបន្ថែមថាមនុស្សរាប់លាននាក់កំពុងតែចែកចាយព័ត៌មានក្លែងក្លាយ និងរឿងរ៉ាវទាំងឡាយដោយសារតែគេជឿគេចូលចិត្តវាយ៉ាងខ្លាំងទោះបីជាគេមិនដឹងពីប្រភពដំណឹងទាំងនោះយ៉ាងណាក៏ដោយ។
លោក Alan បញ្ជាក់ថា៖ «មនុស្សចែកចាយវា [ព័ត៌មានក្លែងក្លាយ] មុនពេលដែលពួកគេអានវា...រឿងមួយគឺថាខ្វះចំណេះដឹងផ្នែកសារព័ត៌មាននិង [ខ្វះ] ផ្នត់គំនិតដើម្បីបញ្ឈប់វា។ មុនពេលចែកចាយបន្តចូរសួរខ្លួនឯងថា នេះគឺជាអ្វីមួយដែលអ្នកគួរតែចែកចាយ? វាគួរតែត្រូវទទួលខុសត្រូវពីព្រោះវាអាចបង្កគ្រោះថ្នាក់ដោយការចែករំលែកបន្តនេះ»។
លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំមានអារម្មណ៍ដូចជាយើងត្រូវការការផ្លាស់ប្តូរផ្នត់គំនិតដ៏សំខាន់មួយ។ វាគួរឲ្យចាប់អារម្មណ៍ណាស់គឺថា ៨០% នៃបញ្ហាគឺបណ្តាលមកពីការចែករំលែកមិនមែនដោយសារការប្រឌិតវា [រឿងក្លែងក្លាយ] ទេ»។
នៅក្នុងយុគសម័យព័ត៌មានដ៏គ្រោះថ្នាក់នេះគម្រោង NLP តាមរយៈកម្មវិធីឈ្មោះ Check-ology បានកំពុងតែបង្រៀនសិស្សឲ្យមានគំនិតសង្ស័យនិយម ដែលពួកគេគួរពិនិត្យនូវព័ត៌មានដែលបានឃើញ ថាតើពួកគេគួរជឿឬអត់។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ មក គម្រោងនេះមានប្រទេសចំនួន ៩៧ បានចូលរួមចុះឈ្មោះ។
លោក Jonathan Henick អនុប្រធានអ្នកសម្របសម្រួលស្តីទីនៃមជ្ឈមណ្ឌលចូលរួមសកលនៃក្រសួងការបរទេសអាមេរិកបានថ្លែងថា ព័ត៌មានភូតកុហកកើតមានឡើងនៅពេលវាត្រូវបានផ្សាយដោយចេតនាដោយអ្នកសារព័ត៌មាន ឬរដ្ឋាភិបាលក្នុងបំណងបោកប្រាស់សាធារណជន។ លោកបន្តថា ដំណោះស្រាយរយៈពេលវែងគឺថាគេត្រូវព្យាយាមចំណាយពេលវេលាច្រើនក្នុងការបង្កើនការយល់ដឹងដល់សាធារណជនពីបញ្ហាដែលកំពុងកើតមាន ដើម្បីឲ្យពួកគេកាន់តែជំទាស់មិនទទួលយកព័ត៌មានបែបនេះ។
លោកថ្លែងថា៖ «យើងត្រូវការសារព័ត៌មានឯករាជ្យ និងភាពសកម្មរបស់សារព័ត៌មានបែបស៊ើបអង្កេត...យើងក៏ត្រូវការឲ្យសង្គមសកម្មឡើងក្នុងការត្រួតពិនិត្យ និងឲ្យអ្នកនយោបាយទទួលខុសត្រូវនូវអ្វីដែលពួកគេបានធ្វើ និងមើលរឿងរ៉ាវទាំងនេះ»។
លោកជឿជាក់ថាបញ្ហានឹងផ្លាស់ប្តូរពេលដែលមនុស្សកាន់តែយល់ដឹងពីការពិតកាន់តែច្រើនថា ព័ត៌មានភូតកុហកគឺជាព័ត៌មានក្លែងក្លាយ ហើយសារព័ត៌មានត្រឹមត្រូវមានគុណភាព និងអាចជឿទុកចិត្តបាន គឺកាន់តែត្រូវការឥឡូវនេះ៕