
អ្នកចូលរួមសិក្ខាសាលា កាលពីម្សិលមិញ។ ឡុង គីមម៉ារីតា
ភ្នំពេញៈ ក្រុមអ្នកជំនាញ ស្នើឲ្យប្រជាកសិករគិតឡើងវិញ ក្នុងការប្រើប្រាស់ថ្នាំគីមីជាពិសេសការលាយបញ្ចូលគ្នានូវថ្នាំគីមីដោយគ្មានបច្ចេកទេសត្រឹមត្រូវ សម្រាប់ប្រើប្រាស់លើដំណាំកសិផលដែលអាចប៉ះពាល់ខ្លាំង ដល់សុខភាពមនុស្ស សត្វ និងធម្មជាតិ ខណៈកសិករមួយចំនួន កំពុងប្រើប្រាស់ប្រភេទថ្នាំគីមី ដែលមានកម្រិតពុលខ្លាំងលើដំណាំរបស់ពួកគេ។
ក្នុងសិក្ខាសាលារបស់អង្គការ Gret ដែលនិយាយពីផលប៉ះពាល់ការប្រើប្រាស់ថ្នាំគីមីក្នុងដំណាំ និងបរិស្ថាន កាលពីម្សិលមិញ ដែលមានអ្នកជំនាញមកពីអង្គការសង្គមស៊ីវិល និងសាកលវិទ្យាល័យដែលសិក្សាលើវិស័យកសិកម្ម ប្រមាណ ២០ នាក់ បានបង្ហាញក្តីបារម្ភជុំវិញការប្រើថ្នាំគីមីទៅលើកសិផល។
លោកស្រី ផាត ច័ន្ទវលក្ខណ៍ អ្នកស្រាវជ្រាវ និងជាគ្រូបង្រៀនផ្នែកកសិកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC ថ្លែងថា តាមរយៈការស្រាវជ្រាវរបស់ខ្លួននៅតំបន់ឆ្នុកទ្រូ ក្នុងបឹងទន្លេសាប កាលពីចុងឆ្នាំ ២០១៨ បានរកឃើញថ្នាំគីមីដែលពលរដ្ឋប្រើក្នុងវិស័យកសិកម្មរបស់ពួកគេ ទាំងក្នុងដី ទឹក និងក្នុងត្រីជាច្រើនប្រភេទក្នុងបឹងទន្លេសាប។
ការរកឃើញសារធាតុគីមីទាំងនេះ គឺបានហូរចេញពីតំបន់កសិដ្ឋានរបស់ប្រជាពលរដ្ឋ បន្ទាប់ពីប្រើប្រាស់ថ្នាំគីមី ដោយវាមិនអាចបំប្លែងក្នុងពេលឆាប់ៗបានទេ។ «យើងបារម្ភថា ថ្នាំគីមីដែលពលរដ្ឋប្រើប្រាស់ទៅលើដំណាំរបស់ពួកគាត់ បានហូរទៅតាមទឹក និងស្ថិតនៅក្នុងដីដែលមានរយៈពេលយូរឆ្នាំ ហើយវាមានផលប៉ះពាល់ក្នុងរយៈពេលខ្លី ដូចជាជំងឺក្អួត រាក ផ្លូវដង្ហើម ជំងឺសើស្បែក បើជ្រាបចូលខ្លាំងអាចបណ្តាលឲ្យស្លាប់បាន។ ចំណែករយៈពេលវែង ដូចជាជំងឺមហារីក ប៉ះពាល់ដល់ការលូតលាស់ផ្នែកបញ្ញារបស់កុមារ។ ដូច្នេះសូមពលរដ្ឋងាកមកប្រើប្រាស់ថ្នាំ ឬជីបែបធម្មជាតិវិញ»។
លោក ប៉ុក បញ្ញា អ្នកស្រាវជ្រាវ និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យបាត់ដំបង បានលើកឡើងដែរថា ក្រៅពីការប្រើប្រាស់ថ្នាំគីមីទាំងនេះ អ្វីដែលរឹតតែព្រួយបារម្ភ គឺកសិករខ្មែរមួយចំនួន បានយកថ្នាំគីមីទាំងនោះ លាយបញ្ចូលគ្នាខ្លួនឯងដោយពុំមានការសិក្សា និងបច្ចេកទេសត្រឹមត្រូវ។ «ម្យ៉ាងគាត់ ចូលចិត្តប្រើថ្នាំគីមីដែលមានជាតិពុលខ្លាំង ដោយរើសអាប្រភេទថ្នាំខ្លាំងៗដូចជាប្រភេទថ្នាំបាញ់ស្មៅ»។
របាយការណ៍ National Report Census of Agriculture of the Kingdom of Cambodia 2013 បង្ហាញថា ប្រជាកសិករកម្ពុជាប្រមាណ ៧១០ ៨៤៥ គ្រួសារ បានប្រើថ្នាំគីមីទូទាំងប្រទេស ក្នុងនោះតំបន់ទំនាប មានប្រមាណជិត ៤ សែន ៥ ម៉ឺនគ្រួសារខណៈតំបន់បឹងទន្លេសាបមានប្រមាណជាង ២ ម៉ឺនគ្រួសារ។ ឯរបាយការណ៍អង្គការស្បៀងអាហារពិភពលោក ឲ្យដឹងថា ក្នុងឆ្នាំ ២០១៦ កម្ពុជា បាននាំចូលថ្នាំគីមីគ្រប់ប្រភេទមានទឹកប្រាក់ប្រមាណ ៣៨ លានដុល្លារ។
លោកស្រី Eve BUREAU ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ មកពីប្រទេសបារាំង បានមើលឃើញថា អត្រានៃការប្រើថ្នាំគីមីនៅកម្ពុជា គឺនៅតែមានការកើនឡើងបើគិតមកដល់ឆ្នាំ ២០១៩ នេះ។
លោកស្រីថា តាមរយៈការចុះស្រាវជ្រាវកន្លងមក គឺកសិករ មានការកើនឡើងក្នុងការប្រើប្រាស់ថ្នាំគីមី ដែលយើងបារម្ភថា វាអាចប៉ះពាល់ដល់មនុស្ស សត្វ បរិស្ថាន បើគ្មានការទប់ស្កាត់។ «កសិករខ្មែរ ច្រើនមែនទែនប្រើប្រាស់ថ្នាំគីមីក្នុងដំណាំ»។
លោក ញ៉ិល ភាព តំណាងបណ្តាញកសិករក្នុងខេត្តតាកែវ ថ្លែងថា បច្ចុប្បន្ន កសិករជាច្រើន បានប្រើថ្នាំគីមីព្រោះតែកង្វះការយល់ដឹង និងផ្សព្វផ្សាយ ខណៈប្រភេទថ្នាំទាំងនេះ បានជួយផ្តល់ផលភ្លាមៗ ដែលធ្វើឲ្យពលរដ្ឋ លែងខ្វល់និងគិតគូរពីសុខភាព។ «គ្រោះថ្នាក់ខ្លាំងមែនទែន តែយើងមិនដឹងថា មានវិធីសាស្ត្រអ្វី ដែលអាចនាំឲ្យពួកគាត់ឈប់ប្រើវា ហើយណាមួយការនាំចូលថ្នាំនេះដោយសេរីពីប្រទេសជិតខាងរបស់យើង ចំណែកអ្នកលក់ទៀតសោត គាត់មិនបានពន្យល់ពីការប្រើប្រាស់នេះ ឲ្យបានត្រឹមត្រូវទេ។ យើងចង់ឲ្យរដ្ឋាភិបាល ទប់ស្កាត់ ចាត់វិធានការអ្វីម្យ៉ាង ក្នុងការបញ្ឈប់ការប្រើថ្នាំគីមី ហើយពលរដ្ឋងាកមកប្រើប្រាស់ថ្នាំផ្សំឡើងពីធម្មជាតិវិញ»៕