ភ្នំពេញ៖ ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី កំពុង​បង្ក​ឲ្យ​មាន​ភ្លៀង​ធា្លក់​កាន់តែ​ច្រើន​ឡើង និង​រាយប៉ាយ​គ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា ខណៈ​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ជំរុញ​ឲ្យក​សិករ​ផ្ដោត​លើ​ចំណុច​សំខាន់ ៣ ដើម្បី​ជោគជ័យ​ក្នុង​ការ​ដាំដុះ​ស្រូវ​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ​។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២៧ ខែ​មេសា​នេះ ដោយ​បាន​ព្យាករ​ថា៖ «រដូវ​វស្សា​ឆ្នាំ​នេះ នឹង​ចូល​មក​ដល់​នៅ​ដើម​សប្ដាហ៍​ទី១ នៃ​ខែ​ឧសភា​ខាង​មុខ​នេះ។ បណ្ដា​ខេត្ត​នៃ​តំបន់​វាល​ទំនាប​កណ្ដាល​ភាគ​ខាង​ត្បូង និង​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា នឹង​មាន​បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​ច្រើន​ជាង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​នៅ​ជាប់​ជួរ​ភ្នំ​ដងរ៉ែក និង​ខ្ពង់រាប​ឦសាន រួម​ទាំង​បណ្ដា​ខេត្ត​ជាប់​តំបន់​មាត់​សមុទ្រ​ផង​ដែរ»។

ជាមួយ​ការ​មក​ដល់​លឿន​នៃ​រដូវ​វស្សា​ឆ្នាំ​នេះ អ្នក​ជំនាញ​ការ​ផ្នែក​កសិកម្ម​បាន​អំពាវនាវ និង​ជំរុញ​ដល់​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ក្នុង​ការ​បង្កប​ង្កើន​ផល​ស្រូវ​ដើម​រដូវ​វស្សា​នេះ​ ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់ ទៅ​លើ​ការ​ត្រួត​ពិនិត្យ​ស្រូវពូ​ជដែល​មាន​គុណភាព និង​ដែល​មាន​តម្រូវ​ការ​ច្រើន​នៅ​លើ​ទីផ្សារ ព្រម​ទាំង​មធ្យោបាយ​នានា ដែល​បម្រើ​ដល់​ការងារ​បង្ក​បង្កើន​ផល​នា​ដើម​រដូវ​វស្សា​នេះ។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៧ ខែ​មេសា​ថា នៅ​ពេល​នេះ របាយ​ទឹក​ភ្លៀង​បាន​ធ្លាក់​ជោកជាំ និង​មាន​ទឹក​ដក់​នៅ​ក្នុង​ដី​ស្រែ​មួយ​ចំនួន​ហើយ។ នេះ​ជា​សញ្ញា​មួយ​ប្រាប់​ដល់​ប្រជាកសិករ​ថា វា​ជា​ពេលវេលា​ដែល​ត្រូវ​ចាប់​ផ្ដើម​បង្កបង្កើន​ផល​ស្រូវ​ដើម​រដូវ​វស្សា​ហើយ។ ជាពិសេស​ប្រជាកសិករ​ដែល​រស់នៅ​ក្នុង​តំបន់​វាល​ទំនាប​កណ្ដាល​ភាគ​ខាង​ត្បូង និង​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​សំខាន់​ក្នុង​ពេល​នេះ ប្រជាកសិករ​ត្រូវ​ត្រួត​ពិនិត្យ​ទៅ​លើ​ចំណុច​សំខាន់ ៣ រួម​មាន​ការ​ជ្រើសរើស​ស្រូវ​ពូជ​ដែល​មាន​គុណភាព និង​មាន​តម្រូវការ​ចាំបាច់​ខ្លាំង​នៅ​ក្នុង​ផ្សារ​ស្រូវ​អង្ករ ការ​ត្រួត​ពិនិត្យ​ទៅ​លើ​មធ្យោបាយ​នានា ដែល​បម្រើ​ដល់​ការងារ​បង្កបង្កើន​ផល​ស្រូវ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​បង្កបង្កើន​ផល និង​ការ​ត្រួត​ពិនិត្យ​ប្រភព​ទឹក​ឲ្យ​បាន​ច្បាស់លាស់ ចៀស​វាង​មាន​ការ​ខ្វះខាត ដែល​នាំ​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ ក្រោយ​ការ​ដាំដុះ​រួច»។

យោង​តាម​ការ​ព្យាករ​អាកាសធាតុ​លើក​ទី២ សម្រាប់​ឆ្នាំ ២០២១ របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២១ ខែមេសា បាន​បញ្ជាក់​ថា រដូវ​វស្សា​ឆ្នាំ​នេះ នឹង​គ្មាន​កូន​រដូវ​ប្រាំង​កើត​ឡើង​នោះ​ទេ។ ប៉ុន្តែ​មាន​ព្យុះ​ប្រមាណ​ពី ៨ ទៅ ៣០ ព្យុះ កើត​ឡើង​នៅ​ក្នុង​សមុទ្រប៉ាស៊ីហ្វិក និង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ឥទ្ធិពល​នៃ​ព្យុះ​ទាំង​នោះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ បាតុភូត​គ្រោះ​ធម្មជាតិ ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ក៏​នឹង​កើត​មាន​ច្រើន​ផង​ដែរ។

ចាប់​តាំង​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​កាល​ពី​សប្ដាហ៍​ទី៣ នៃ​ខែ​មេសា ឆ្នាំ ២០២១ មក​ទល់​ពេល​នេះ ការងារ​ភ្ជួរ​រាស់​ដី​ស្រែ​របស់​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​បាន​សម្រេច​ចំនួន​ជាង ៨៥ ០០០ ហិកតា និង បាន​ដាំដុះ​ស្រូវ​ដើម​រដូវ​វស្សា [ប្រភេទ​ស្រូវ​ស្រាល] បាន​ចំនួន​ជាង ២៤ ០០០ ហិកតា។ នេះ​បើ​តាម​លោក ងិន ឆាយ។

លោក​បន្ត​ថា ចំណែក​ការងារ​ប្រមូល​ផល​ស្រូវ​ប្រាំង​នៅ​ទូទាំង​ប្រទេស​បាន​សម្រេច​រួច​រាល់​ទាំង​ស្រុង​ហើយ ជាមួយ​បរិមាណ​ផល​សរុប ២,៩៣ លាន​តោន លើ​ផ្ទៃ​ដី​ដាំដុះ​សរុប ៦៤៦ ៥៣០ ហិកតា៕