សៀមរាប: អ្នកជំនាញក្នុងវិស័យសកម្មភាពមីនកាលពីម្សិលមិញបានជំរុញលើកទឹកចិត្តស្ដ្រី (យេនឌ័រ) ឲ្យចូលរួមនៅក្នុងសកម្មភាពកម្ចាត់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីរួមចំណែកកាត់បន្ថយទីតាំងមានមីននៅកម្ពុជា និងតំបន់អាស៊ាន។
ការលើកឡើងពីបញ្ហានេះត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ការពង្រឹងចំណេះដឹងផ្នែកសកម្មភាពមីន និងលើកកម្ពស់ឲ្យមានការរៀបចំវេទិកាសម្រាប់ការចែករំលែកចំណេះដឹងផ្នែកសកម្មភាពមីនបន្ថែមទៀតនាពេលអនាគតសម្រាប់ប្រទេសសមាជិកអាស៊ាន» ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិពីប្រទេសសមាជិកអាស៊ានទាំង ១០ សាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសមាជិកអាស៊ានដៃគូអភិវឌ្ឍន៍ និងអង្គការផ្នែកសកម្មភាពមីននានាសរុបប្រមាណ ១០០ នាក់ដែលប្រព្រឹត្តទៅពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៤ ខែវិច្ឆិកានៅខេត្តសៀមរាប។
លោក លី បញ្ញារិទ្ធិ៍ នាយកប្រតិបត្តិមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានថ្លែងក្នុងព្រឹត្តិការណ៍នោះថា តាមតម្រូវការនៅក្នុងសកម្មភាពមីននាពេលបច្ចុប្បន្ន គេត្រូវការស្ត្រីចូលរួមជាមួយការងារនេះឲ្យបានច្រើនដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា និងក្នុងតំបន់អាស៊ាន។
លោកបន្តថាក្នុងនោះការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីនក៏ត្រូវបានលើកយកមកពិភាក្សា ដោយផ្តោតលើផលប៉ះពាល់ខុសគ្នានៃគ្រោះថ្នាក់ដោយសារមីនលើបុរស និងស្ត្រីដូចជាផ្នែកថែទាំវេជ្ជសាស្ត្រ និងការបំពេញការងារជាដើម។ ក្រៅពីនេះដើម្បីឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់មន្ត្រីជំនាញកំពុងពង្រឹងគុណភាពនៃការប្រើប្រាស់បច្ចេកវិទ្យាដូចជាសុនខ និងកណ្តុរក្នុងប្រតិបត្តិការបោសសម្អាតមីន។
លោក លី បញ្ញារិទ្ធិ៍ បានបញ្ជាក់ថា៖ «សិក្ខាសាលាថ្នាក់តំបន់ដែលមានរយៈពេល ៣ ថ្ងៃនេះមានវគ្គពិភាក្សាលើប្រធានបទសំខាន់មួយចំនួនដូចជាយុទ្ធសាស្ត្រក្នុងការពង្រឹងនូវជំនួយដល់ជនពិការដោយសារមីន និងវិធីសាស្ត្រក្នុងការអប់រំយល់ដឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីនជាពិសេសលើកទឹកចិត្តស្ត្រីឲ្យចូលរួមដែរ»។
ចំណែកលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថាលោកគាំទ្រចំពោះការលើកទឹកចិត្តនេះព្រោះក្នុងចំណោមបុគ្គលិកស៊ីម៉ាក់ដែលកំពុងបំពេញការងារចំនួន ១៥០០ នាក់ក្នុងនោះមានបុគ្គលិកជាស្ដ្រីជាង ១៦០ នាក់។ លោកបន្តថាបុគ្គលិកជាស្ដ្រីទាំងនោះភាគច្រើនពួកគាត់ជាអតីតគ្រូបង្រៀន ហើយបច្ចុប្បន្នពួកគាត់ក៏កំពុងបម្រើការងារនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាលើគ្រប់ផ្នែកទាំងអស់។
លោកបញ្ជាក់ថា៖ «លទ្ធភាពការងារដែលស្ដ្រីកំពុងតែធ្វើនៅក្នុងស្ថាប័នមួយនេះគឺមិនចាញ់បុគ្គលិកបុរសនោះទេ។ ទោះបីជាការងារទាំងនោះមានបញ្ហាប្រឈមនឹងគ្រោះថ្នាក់មួយចំនួនក៏ដោយក៏ស្ដ្រីដែលធ្វើការនៅក្នុងផ្នែកនេះមិនរួញរាដែរ»៕