សៀមរាបៈ ក្រុម​អ្នកជំនាញ​ការ​ចំពោះ​កិច្ច​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ចគាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការកសាង​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែល​បានគិត​គូរ​ដល់​សុវត្ថិភាព​របស់​អ្នក​ធ្វើដំណើរ បញ្ហា​បរិស្ថាន តម្លៃ​វប្បធម៌ តម្លៃ​បេតិកភណ្ឌ​បែប​ជនបទ​មិន​ប៉ះពាល់​ដល់​ស្រទាប់ដី និង​មាន​ភាពបត់បែន​ទៅ​តាម​ដើមឈើ​តូចធំ​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។

ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃអាទិត្យ​បញ្ជាក់ថា​៖ «​ក្រុម​អ្នក​ជំនាញការ​បាន​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការរៀបចំ​ផ្លូវ​កង់​នេះ និង​ថែមទាំង​បាន​គិតគូរ​ខ្ពស់​ចំពោះ​សុវត្ថិភាព​ក្នុង​ការធ្វើដំណើរ​ទៅ​មក​ប្រកប​ដោយ​សុវត្ថិភាព​របស់​ប្រជាជន សិស្សានុសិស្ស ភ្ញៀវទេសចរ​ក៏​ដូចជា​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​បញ្ហា​បរិស្ថាន​»​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា អ្វីដែល ICC-Angkor បាន​សាទរ​នោះ គឺជា​ការផ្តួចផ្តើម​ថ្មី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការបង្កើត​ផ្លូវ​កង់​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នេះ​ក៏​ដូចជា​សុវត្ថិភាព​រស់នៅ​សិស្សានុសិស្ស​ដែល​ត្រូវការ​ធ្វើដំណើរ​ទៅ​មក​ជាប្រចាំ​រៀងរាល់ថ្ងៃ​។ មួយវិញ​ទៀត​ការស្ថាបនា​ផ្លូវ​ក៏​ដើម្បី​បង្កើត​ផលិតផល​ថ្មី​មួយទៀត ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​ប្រាសាទ​ផង និង​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ផង​។

លោក ឡុង កុសល ថ្លែងថា​៖ «(​ភ្ញៀវទេសចរ​) គាត់​អាច​មើលឃើញ​ផ្ទះ និង​របៀបរបប​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។ ទី​ ៣ ​គឺ​ផលប្រយោជន៍​ទៅដល់​ផ្នែក​បរិស្ថាន​គឺថា​យើង​ធ្វើយ៉ាងណា​រៀបចំ​ទីកន្លែង​ហ្នឹង​ឱ្យ​បាន​ល្អប្រសើរ​។ ទាំងនេះ​គឺជា​ចំណុច​ ៣ ​យ៉ាង​ដែល​សំខាន់​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ផ្លូវ​កង់​ហ្នឹង​»​។ បើតាម​លោក ឡុង កុសល កាលពី​មុន​ចំណុច​នេះ​គឺជា​ដីព្រៃ​ធម្មតា​មិន​មាន​ផ្លូវ​នោះទេ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ផ្លូវ​នេះ​ឡើង​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស ក៏ដូចជា​ភ្ញៀវទេសចរ​ក្នុងការ​ជិះ​កង់ កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវធំ​ផងដែរ​។ ផ្លូវ​នេះ​កសាង​ក្នុងទិសដៅ​ស្រប​នឹង​ផ្លូវ​កៅស៊ូ​ដែល​មាន​ស្រាប់ និង​ឃ្លាត​ពី​ផ្លូវ​កៅស៊ូ​ចម្ងាយ​ប្រមាណ​ ២៥ ​ម៉ែត្រ​ដោយ​អាស្រ័យ​ទៅតាម​ទីតាំង​ និង​ស្ថានភាព​ដី​។

លោក​ យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវបាន​ស្រង់​សម្ដី​នៅក្នុង​ហ្វេសប៊ុក​នេះ​ថា​៖ «​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គិតគូរ​ច្បាស់​ពី​ការលើក​តម្លៃ​បរិស្ថាន តម្លៃ​វប្បធម៌ ក៏ដូចជា​តម្លៃ​បេតិកភណ្ឌ​បែប​ជនបទ​ពិសេស​ផ្លូវ​កង់​នេះ កសាង​ជា​ប្រភេទ​ផ្លូវ​ស្រាល​មិន​ប៉ះពាល់​ដល់​ស្រទាប់ដី និង​មាន​ភាពបត់បែន​ទៅ​តាម​ដើមឈើ​តូចធំ​ជាច្រើន​»​។

បើតាម​លោក យិត ចាន់ដារដ្ឋ ផ្លូវ​កង់​នេះ​មាន​ទទឹង ២ ​ម បណ្ដោយ ២៣ គ.ម ចេញពី​កន្លែង​ឆែក​សំបុត្រ​ចាស់ កាត់​ក្រោយ​អង្គរវត្ត​បន្ត​ទៅ​ប្រាសាទ​ក្រវាន់​កាត់​ខាងត្បូង​ប្រាសាទ​បន្ទាយក្ដី​បត់​ទៅខាង​ជើង​ប្រាសាទ​តាព្រហ្ម​ឆ្ពោះទៅ​ស្ពាន​ប្រាសាទតាកែវ​។ ចំណែក​តំបន់​ផ្លូវ​វង់​ធំ គឺ​ចេញ​ដំណើរ​ពី​ស្រះស្រង់​រហូត​ដល់​ដី​ឆ្នាំង​។

បើ​តាម​ហ្វេសប៊ុក​ដដែល បច្ចុប្បន្ន​ផ្លូវ​កង់​ដែល​កំពុង​ស្ថិត​ក្នុង​គម្រោង​សាកល្បង​បាន​ស្ថាបនា​រួចរាល់​ប្រវែង​ ៣០០ ​ម៉ែត្រ ហើយ​នឹង​បន្ត​ធ្វើ​ទៀត ក្រោយពី​កិច្ចប្រជុំ​ពេញអង្គ​នៃ ICC Angkor នៅ​ពាក់កណ្ដាល​ខែធ្នូ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​សុក្រ​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​ពេញអង្គ​នេះ​នឹង​មាន​វត្តមាន​លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា សហប្រធាន ICC-Angkor ទាំង​ ២ គឺ​បារាំង និង​ជប៉ុន និង​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​។ កិច្ចប្រជុំ​នេះ​នឹង​តាមដាន​គ្រប់​អនុសាសន៍ បច្ចេកទេស​ជួសជុល ពិនិត្យមើល​ផលប៉ះពាល់​ចំណុច​វិជ្ជមាន អវិជ្ជមាន ដើម្បី​គាំពារ​អភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព នៅក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្សជាតិ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ICC-Angkor ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ថ្ងៃ​អាទិត្យ​ឱ្យដឹងថា អ្នកជំនាញ​ចំពោះ​កិច្ច​របស់ ICC-Angkor ចុះ​ពិនិត្យ​ទីតាំង​គម្រោង​មួយចំនួន​នៅ​ឧទ្យាន​អង្គរ និង​តំបន់​សំបូរ​ព្រៃគុក​ចាប់ពី​ថ្ងៃទី​ ៣ ​ដល់​ថ្ងៃទី​ ៩ ខែធ្នូ​។ នៅក្នុង​អំឡុង​ពេលនេះ​អ្នកជំនាញ​ចំពោះ​កិច្ច​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​ និង​ក្រុមការងារ​ក្រសួង​ទេសចរណ៍​ក៏​ធ្វើ​ទស្សនកិច្ច​បឹង​ទន្លេសាប ដើម្បី​រៀបចំ​សេចក្តី​ព្រាង​ប្លង់​មេ (Master plan) សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​៕