The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកជំនាញ​ស្នើ​អ្នក​កាសែត​ឈប់​ប្រើ​ពាក្យ​ រើស​អើង​អ្នក​ញៀន​ថ្នាំ

អ្នកជំនាញ​ស្នើ​អ្នក​កាសែត​ឈប់​ប្រើ​ពាក្យ​ រើស​អើង​អ្នក​ញៀន​ថ្នាំ

Content image - Phnom Penh Post
ក្រុមអ្នកកាសែតក្នុងកិច្ចប្រជុំផ្សព្វផ្សាយក្រមប្រតិបត្តិនៅក្លិបអ្នកកាសែតកម្ពុជា ម្សិលមិញ។ ហុង មិនា

អ្នកជំនាញ​ស្នើ​អ្នក​កាសែត​ឈប់​ប្រើ​ពាក្យ​ រើស​អើង​អ្នក​ញៀន​ថ្នាំ

ភ្នំពេញៈ អ្នកជំនាញ​អំពាវ​នាវ​អ្នកសារព័ត៌មាន​ គួរប្រើ​ប្រាស់​ពាក្យពេចន៍​ និង​បង្ហោះ​រូបភាព​ឱ្យ​ស្របតាម​ក្រម​សីលធម៌​ ដើម្បី​ចៀស វាង​នូវ​ការ​រាយ​ការណ៍​ឬ​សរសេរ​ព័ត៌មាន​យក​ទៅ​ចុះផ្សាយ​ ដែល​ជាការ​មាក់​ងាយ​ និង​រើស​អើង​ចំពោះ​អ្នក​ប្រើប្រាស់​សារ​ធាតុ​ញៀន។

លោក​ ឆាយ សុផល ​សាស្ដ្រា​​ចារ្យ​​ផ្នែក​សារព័ត៌មាន​ និង​ជា​នាយក​ប្រតិបត្តិ​ក្លិប​អ្នក​កាសែត​​កម្ពុជា​លើកឡើងថា​ អ្នកប្រើ​ប្រាស់​សារធាតុ​ញៀន​ ត្រូវបាន​គេ​ចាត់ទុកជា​ជនរងគ្រោះ​ និង​ជា​ជន​មាន​ជំងឺ ​ដូច្នេះ​អ្នក​សារព័ត៌មាន​មិន​ត្រូវធ្វើ​សេចក្ដី​រាយ​ការណ៍​ឬ​អត្ថាធិប្បាយ​ លក្ខណៈ​បន្ទុចបង្អាក់​ធ្វើឱ្យ​ពួកគេ​បាក់ទឹកចិត្ត​ឡើយ។

ការលើកឡើង​នេះ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នកសារ​ព័ត៌​មាន​ក្នុង​សេចក្ដី​រាយការណ៍​ទាក់ទិន​នឹង​អ្នក​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​សារ​ធាតុ​ញៀន ​ដែល​រៀបចំ​នៅ​ទីស្នាក់ការ​​ក្លិប​អ្ន​ក​សែត​កម្ពុជា ​កាល​ពី​ម្សិលមិញ។

លោក​ថា៖​ «ដូច្នេះ​ប្រសិន​ណា​ពួកគាត់​ជា​ជនរងគ្រោះ​ឬ​មាន​ជំងឺ​ ហើយ​យើង​ប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន​តាមរយៈ​អត្ថបទ ​ឬ​ធ្វើ​អត្ថាធិប្បាយ ឬ​តាមរយៈ​កាយវិកា​រ គឺ​ឱ្យ​ពួកគាត់​កាន់តែ​ឈឺចាប់​ទៅទៀត​ ដូច​យើង​ប្រើពាក្យ​ថា ​ពួក​អាស្ទាវ​បែក​ថ្នាំ ​ស្ដ្រី​បែក​ថ្នាំ​ ស្ដ្រី​ឆ្កួត​ថ្នាំ​ ឬ​អា​ខ្ទើយ​បែក​ថ្នាំ​ជាដើម ​ពាក្យ​ទាំងអស់​ហ្នឹង ​គឺ​បំបាក់​ទឹកចិត្ត។ អ៊ីចឹង​ក្នុងនាម​ជា​អ្នក​សារព័ត៌មាន​គួរ​ព្យាយាម​កុំ​បន្ទោស ​តែ​ត្រូវ​ប្រើប្រាស់​ពាក្យ​ពេចន៍​យ៉ាង​ម៉េច​លើក​ទឹកចិត្ត ​មិនមែន​លើក​ទឹកចិត្ត​ឱ្យប្រើ​សារធាតុ​ញៀន​ទេ តែ​លើក​ទឹកចិត្ត​ជួយ​ជំរុញ​ពួកគាត់​មករក​សេវា​ព្យាបាល»។

ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សេចក្ដី​រាយ​ការណ៍​ទាក់ទិន​នឹង​អ្នក​ទទួល​រង​ផលប៉ះពាល់​ដោយសារ​សារធាតុ​ញៀន ​គឺមាន​ចំនួន​ ១៥ ប្រការ ​ក្នុងនោះ​ដូចជា ​បញ្ឈប់​សេចក្ដី​រាយការណ៍​បែប​មាក់ងាយ​ និង​រើស​អើង​​ដែលនាំ​ឲ្យរំខាន​ដល់​ការផ្ដល់​សេវា​ព្យាបាល​ ការស្ដារ​នីតិសម្បទា ​ដល់​អ្នកប្រើប្រាស់​សារធាតុ​ញៀន។ មិន​គួរ​រាយការណ៍​ព័ត៌មាន​ដែល​បង្ហាញ​លម្អិត​ពី​អត្ដសញ្ញាណ​ទាំង​ខ្លឹមសារ​សំណេរ ​សំឡេង​ រូបថត ​និង​រូបភាព​វីដេអូ​របស់​អ្នក​ប្រើ​សារធាតុ​ញៀន ​ឬ​លម្អិត​អំពី​សាវតារ​នៃ​សមាជិក​គ្រួសារ​អ្នក​ប្រើ​សារ​ធាតុ​ញៀន​ឡើយ​។

លើស​ពីនេះ ​មិនត្រូវ​រាយ​ការណ៍​​នូវ​ពាក្យពេចន៍​មួយ​ចំនួន​​ដែលនាំឱ្យ​អាម៉ាស់​និង​រើសអើង​ចំពោះ​អ្នក​ប្រើប្រាស់​​សារធាតុ​ញៀន​ឡើយ ដូចជា ​ពាក្យ​អ្នក​បែក​ថ្នាំ ​ឆ្កួត​ថ្នាំ​ និង​លេង​ថ្នាំ​ជាដើម។

លោក​ ជួប សុខ​ចំរើន​ នាយកប្រតិបត្តិ​អង្គការ​ខា​ណា ​លើកឡើងថា​ អ្នកសារព័ត៌មាន​បាន​ដើរតួនាទី​ដ៏​សំខាន់​ជួយ​ជំ​រុញ​ឲ្យអ្នកប្រើប្រាស់​សារធាតុ​ញៀន​ មក​ទទួល​សេវា​ព្យាបាល ​ប៉ុន្តែ​ប្រសិនបើ​ក្រុម​អ្នកសារព័ត៌មាន​មិន​បាន​អនុវត្ត​ទៅតាម​ក្រម​សីលធម៌​នោះ ​វា​នឹង​ធ្វើឲ្យ​កាន់តែ​ប៉ះពាល់​ទៅដល់​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​ផ្ទាល់​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

លោក​ថ្លែងថា​៖ «ទី១ អាច​ធ្វើឱ្យ​គាត់​ហ្នឹង​មិន​ហ៊ាន​ចេញ​មក​ទទួល​សេវា​ព្យាបាល។ ទី២ ​អាចធ្វើឱ្យ​គាត់​ហ្នឹង​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់​តាម​រយៈ​​ការផ្សាយ​អំពី​អត្ត​សញ្ញាណ​​របស់​គាត់​ ដែល​អាចឲ្យ​ពួកគាត់​បន្ត​លាក់​មុខ ​ហើយ​មិន​ចេញមក​ទទួល​សេវា​ព្យាបាល​ ដែល​ធ្វើឱ្យ​ស្ថានភាព​សុខភាព​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ»។

លោក​បន្ថែមថា៖ «ប៉ុន្តែ​អ្នក​សារព័ត៌មាន​ជួយ​គាំទ្រ​លើកទឹកចិត្ត​ពួកគាត់ ​ឱ្យ​ពួកគាត់​យល់​អំពី​តម្លៃ​សុខភាព​ នឹង​ធ្វើឱ្យ​ពួកគាត់​ចេញ​ទៅរក​សេវា​ព្យាបាល​ទាន់ពេល ​ព្រោះ​ឥឡូវ​ការផ្ដល់​សេវា​ព្យាបាល​មាន​ច្រើន​កន្លែង​ណាស់»។

តាមរបាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន​ការព្យាបាល​និង​ស្ដារ​នីតិសម្បទា​សម្រាប់​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​គឺ​មាន​ ២ ប្រភេទ​ ទី១ ​គឺ​ធ្វើឡើង​តាម​សហគមន៍ ​ដូចជា​នៅតាម​មន្ទីរពេទ្យ​បង្អែក​ មណ្ឌល​សុខភាព ​ជាដើម ​ដែលមាន​ចំនួន​ ៤៣០ កន្លែង​ និង​ទី២​ ការព្យាបាល​នៅ​តាម​មជ្ឈមណ្ឌល​បណ្ដោះ​អាសន្ន​មាន​ចំនួន ១៦ កន្លែង​ ដែល​ស្ថិត​នៅ​ទូទាំង​ប្រទេស៕

អត្ថបទគួរចាប់អារម្មណ៍