ភ្នំពេញៈ ​​អ្នក​ជំនាញ​ឯក​ទេស​អន្តរ​ជាតិ​ប្រមាណ​ជិត ​១០០​ នាក់​ បាន​ចូល​រួម​ចែក​រំលែក​បទ​ពិសោធ និង​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ ព្រះ​រាជ​អាជ្ញា ​និង​មន្ត្រី​នគរ​បាល​កម្ពុជា​ រយៈ​ពេល ៦​ ថ្ងៃ ជុំវិញ​នីតិ​វិធី​នៃ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ឃាត​កម្ម​នៅ​កម្ពុជា ​ខណៈ​មន្ត្រី​ជំ​នាញអះអាង​ថា​ ការ​បណ្តុះបណ្តាល​នេះ​ ជា​ធាតុ​ចូល​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​របស់​មន្ត្រី​ ស្រប​ពេល​បទ​ល្មើស​ឃាតកម្ម​លើ​កុមារ​ហាក់​កើន​ឡើង។

សិក្ខា​សា​លា​ស្តីពី​បទ​ល្មើស​មនុស្ស​ឃាត​ ការ​ផ្តួច​ផ្តើម​គំនិត​ជា​មូល​ដ្ឋាន​គ្រឹះ​សំខាន់ៗ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​ការពារ​កុមារ​ CPU សហ​ការ​ជា​មួយ​អង្គ​ការ ​Cambodia Childrens Fund ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង ដោយ​មាន​សិក្ខា​កាម​ជិត ២០០ នាក់ ​មក​ពី​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​ចូល​រួម​ចាប់​ពី​ថ្ងៃទី​ ១០ ​ដល់​ថ្ងៃទី ១៥​ ខែ មិថុនា​ ២០១៩។​

​លោក​ James McCabe ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​ការពារ​កុមារ បាន​ឲ្យ​ដឹង​​ក្នុង​ឱកាស​នោះ​ថា​ ព្រឹត្តិ​ការណ៍​នេះ ​នឹង​ត្រូវ​បាន​បើក​ចំហដល់​មន្ត្រី​កង​កម្លាំង​នគរ​បាល​ជាតិ​កម្ពុជា ​កង​រាជ​អាវុធ​ហត្ថ​ និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន​ ដែល​មាន​ភារកិច្ច​ខាង​ស៊ើប​អង្កេត​ទៅ​លើ​បទល្មើស​ដ៏​សំខាន់​មួយ​ក្នុង​ចំ​ណោម​បទ​ល្មើស​សំខាន់​ផ្សេងៗ​ទៀត​ ដូច​ជា​មរណភាព​រប​ស់​មនុស្ស​ដទៃ​ផ្សេង​ទៀត។​ ​

​លោក​បន្ត​ថា​ ​ជា​មួយ​គ្នា​នេះ ​មន្ត្រី​ជំនាញ​ឯក​ទេសបរទេស​ទាំង​នោះ​​ ធ្វើ​បទ​បង្ហាញ​ផ្សេងៗ​ ​និង​ធ្វើ​ការ​ពិភា​ក្សា​អំពី​បច្ចេកទេស​ស៊ើប​អង្កេត​ និង​បច្ចេក​ទេស​កោសល្យ​វិច័យ​នា​សម័យ​ទំនើប​ ដើម្បី​ជា​វិធី​សាស្ត្រ​ឈាន​ទៅ​រក​ការ​បំបែក​រឿង​ក្តី​នៃ​អំពើ​ឃាត​កម្ម​ ជា​ពិសេស​បទ​ល្មើស​ឃាត​កម្ម​លើ​កុមារ​ជាដើម។​

​លោក ​McCabe ​ថ្លែង​ថា​៖​ «​អ្នក​ចូល​រួម​ទាំង​អស់ ​នឹង​ទទួល​បាន​ចំណេះ​ដឹង​គ្រប់​ទាំង​អស់ ​មិន​ត្រឹមតែ​ឆ្លើយ​តប​ទៅ​នឹង​បទ​ល្មើស​ប្រឆាំង​ជា​មួយ​កុមារ​ទេ​ គឺ​អាច​អនុវត្ត​បាន​គ្រប់​បទ​ល្មើស​ទាំង​អស់​ ដែល​កើតឡើង។ ប្រទេស​ កម្ពុជា​កំពុង​អភិ​វ​ឌ្ឍលឿន​រហ័ស ​ដូច្នេះ​ដើម្បី​ឲ្យ​មន្ត្រី​កម្ពុជា គិ​ត​ពី​វិធី​សាស្ត្រ​បច្ចេក​វិទ្យា​ដែល​មិនទាន់​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ដូច​ជា​ការ​គ្រប់​គ្រង​ក​ន្លែ​ង​កើត​ហេតុ​ ការ​ប្រើ​ប្រាស់​អង្គ​ធាតុ​ប្រតិករ​ទៅ​នឹង​ឈាម ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​ចាប់​យក​សំណាក​ DNA​ ដែល​វា​នឹង​មក​ដល់​កម្ពុជា»។​

​លោក ​Nigel Lee​ សាស្ត្រាចា​រ្យ​ផ្នែក​កោ​សល្យ​វិច័យ​មក​ពី​ប្រទេស​អង់​គ្លេស​ បាន​និយាយ​ថា​ មន្ត្រី​ប៉ូលិស​នៅ​ទូទាំង​ពិភពលោក​ សុទ្ធ​តែ​មាន​បទ​ពិសោធ​​ខុស​ៗគ្នា​ទៅ​តាម​តំបន់​ និងបទ​​ល្មើស​ដែល​កើត​ឡើង។​ ដូច្នេះ ដើម្បី​ឲ្យ​ប្រាក​ដ​ថា​ មន្ត្រី​ប៉ូលិស​ ជា​ពិសេស​មន្ត្រី​មាន​សមត្ថ​កិច្ច​របស់​ក​ម្ពុ​ជា បាន​អនុ​វត្ត​ទៅ​តាម​បច្ចេក​ទេស​ដ៏​ត្រឹម​ត្រូវ​នោះ ការបណ្តុះ​បណ្តាល​គឺ​ជា​រឿង​សំខាន់។​

​លោក​បញ្ជាក់​៖​ ​«​វា​ដូច​មាន​ការ​កើត​ឡើង​ចំពោះ​មន្ត្រី​ប៉ូលិស​នៅ​ទូទាំង​ពិភព​លោក​ដែរ ​ពេល​ខ្លះ ​ពួក​គាត់​មាន​ជំនាញ​ហើយ​ ប៉ុន្តែ​មាន​បទ​ពិសោធ​​​ខ្លះ ​ពួកគាត់​បាន​អនុវត្ត​ទៅវា​ខុស។​ អ៊ី​ចឹ​ង​កា​រ​រៀន​នូវ​ជំនាញ​ទាំងនេះ ​គឺ​ត្រូវ​តែ​រៀន​ឡើង​វិញ​ និង​ដដែលៗ ​ដើម្បី​ឲ្យ​ប្រាកដ​ថា ការ​អនុ​វត្ត​របស់​ពួក​គាត់ ​គឺ​លែង​មាន​កំហុស»។​

​លោក​ អុិន ​បូរ៉ា ​អគ្គ​ស្នង​ការរង​នគរ​បាល​ជាតិ​ ថ្លែង​ថា​បទ​ល្មើស​ឃាត​កម្ម ​ជា​ពិសេសបទល្មើស​លើ​កុមារ​នេះ ​មិន​មែន​ជា​បញ្ហា​របស់​កម្ពុជា​តែ​ម្នាក់​ឯង​នោះ​ទេ​ វា​គឺ​ជា​បញ្ហា​របស់​ពិភព​លោក​ទាំង​មូល​ ដែល​ចាំ​បាច់​ត្រូវ​ពិភាក្សា​គ្នា​ ដើម្បី​ឈាន​ទៅ​រក​វិធាន​ការ​ទប់​ស្កាត់​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​ឲ្យ​ស្រប​ទៅ​តាម​ការ​អភិ​វ​ឌ្ឍរបស់​សង្គម។​

ប្រទេស​ កម្ពុជា​ បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុងការ​​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ធំៗ​ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បទ​ល្មើស​ទាំង​នោះ​មាន​ការ​ថយ​ចុះ ​ស្រប​ពេល​ស្ថា​នការណ៍​ចុង​ក្រោយ​នេះ​ ​បទ​ល្មើស​ធំៗ​ ដូច​ជា​ប្លន់​ប្រដាប់​អាវុធ​ជា​ដើម​នោះ ​ពិត​ជា​មាន​ការ​ថយ​ចុះ ​ប៉ុន្តែ​បែរជា​បទ​ល្មើស​ឃាត​កម្ម​រំលោភ​សម្លាប់​មាន​ការ​កើន​ឡើង​ទៅវិញ។​

​លោក​ថ្លែង​ថា​៖​ ​«​យើង​នឹង​បន្ត​ខិតខំ​ការងារ​ទាំង​នេះ ​ព្រោះ​បទ​ល្មើស​តែង​មាន​ការ​វិវត្ត​ អ៊ី​ចឹ​ង​ទាម​ទារ​ឲ្យ​មន្ត្រី​នគ​រ​បាល​របស់​យើង​ មា​ន​មុខ​ជំនាញ​ច្បាស់​លាស់​ ដើម្បី​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការងារ​ស៊ើប​អង្កេត​នេះ ដែល​នៅ​ពេល​នេះ ​មាន​ស្ថាប័ន​ច្រើន​ណាស់​ ដែល ​CPU​ បាន​នាំ ​(​ជំនាញ​)​ ​ពាក់​ព័ន្ធ​នឹង​ការងារ​ច្បាប់​ទម្លាប់។​ ហើយ​ក្នុង​ពេល​ខាង​មុខនេះ CPU​ នឹង​បន្ត​ធ្វើ​ការ​បណ្តុះ​បណ្តាល​ទៅ​លើ​មន្ត្រី​របស់​យើង​ នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ ដែល​យើង​កំពុង​តែ​ឯកភាព​គ្នា ​ដែល​នឹង​បន្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត»។​

​យោង​តាម​​អង្គការ​ CPU ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មក​ បាន​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​កម្ពុជា​ ដោយ​ធ្វើ​ការ​លើ​បទ​ល្មើស​ឃាត​កម្ម​ប្រមាណ​ ១ ៤៤៣ ករណី​ ដោយ​ក្នុង​នោះ ​៨៣ % ​បាន​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ជនល្មើស ដាក់​ទោស​ទណ្ឌ​យ៉ាងតឹងរឹុង​ ដែល​​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​អាជ្ញា​ធរកម្ពុជា​ ក្នុងការ​ចូល​រួម​ទប់​ស្កាត់​បទល្មើស​ឃាត​កម្ម​ ជា​ពិសេស​កើត​ឡើង​លើ​កុមារ៕​