សៀមរាបៈ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សន្និដ្ឋានថា ព្រះពុទ្ធ​បដិមា​បែកបាក់​ចំនួន​ ២១ ​អង្គ ​ដែល​រកឃើញ​កប់​ក្នុង​ដី​នៅក្បែរ​ប្រាសាទអង្គរវត្ត​ គឺជា​ការកប់​របស់​អ្នក​ជំនាន់​មុន​ក្នុង​ន័យ​គោរព​នូវ​បដិមា​ដែល​បែកបាក់ ដែល​មិនមែន​ជា​ការកប់​ចោល​ដោយសារ​តែ​មាន​ជម្លោះ​ផ្នែក​សាសនា​នោះទេ​។

ការអះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ការធ្វើ​បាឋកថា​ស្តីពី «​ព្រះពុទ្ធ​បដិមា​នៅ​អង្គរវត្ត​» ​កាលពី​ម្សិលមិញ​នៅ​សាលសន្និសីទ​អង្គរ​នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​អប្សរា បន្ទាប់ពី​រកឃើញ​ព្រះពុទ្ធ​បដិមា​បាក់បែក​ចំនួន ២១ ​អង្គ​នៅក្នុង​រណ្តៅ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ទីធ្លា​មុខ​រួត​ព្រះរយ​ព្រះពាន់​កាលពី​ខែមេសា ឆ្នាំ​ ២០២០​។

លោក​សាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា បន្ទាប់ពី​ប្រទះ​ឃើញ​នូវ​ព្រះពុទ្ធ​បដិមា​ទាំងនេះ រួមទាំង​ការរកឃើញ​ព្រះពុទ្ធ​បដិមា​ផ្សេងៗ​ទៀត​នៅក្នុង​ដី ដែល​ត្រូវបាន​កប់​ចោល​ក៏​មាន​ការសន្និដ្ឋាន​ខុសៗ​គ្នា​ពី​ក្រុម​អ្នកស្រាវជ្រាវ ដោយ​អ្នកខ្លះ​សន្និដ្ឋាន​ថា ព្រះពុទ្ធ​បដិមា​ដែល​ត្រូវបាន​កប់​ចោល​នេះ ក៏​ព្រោះតែ​កើតមាន​ជម្លោះ​សាសនា​រវាង​អ្នក​កាន់​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ដែល​បណ្តាល​ឲ្យ​អ្នក​ដែល​មិន​ពេញ​ចិត្តនឹង​សាសនាព្រះពុទ្ធ បាន​បំផ្លាញ​រូបសំណាក​ព្រះពុទ្ធ និង​កប់​រូប​បដិមា​ទាំងនោះ​នៅក្នុង​ដី​។

ប៉ុន្តែ​លោក សុខរិទ្ធី អះអាង​ថា ការសន្និដ្ឋាន​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​ថា​តាម​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ចូលមក​កម្ពុជា​គឺ​សាសនា​ទាំង​ ២ ​នេះ​បាន​រួមរស់​ជាមួយ​គ្នា​ដ៏ល្អ ម្យ៉ាង​សម្រាប់​ព្រះពុទ្ធ​បដិមា​ដែល​ត្រូវបាន​កប់​រួមគ្នា​ជាច្រើន​ក្នុង​រណ្តៅ​តែ​ ១ នេះ​ក៏​មិនមែន​កើតចេញ​ពី​ជម្លោះ​សាសនា​នោះដែរ​។

លោក​ថា ជាទូទៅ​សម្រាប់​អ្នកមាន​ជំនឿ​ដែល​ជឿ​លើ​បដិមា​ដែល​ស័ក្ដិសិទ្ធិ​ទាំងនោះ គឺ​តែង​រៀបចំ​រូប​ដែល​បាក់បែក​កប់​នៅ​កន្លែង​ទីតាំង​សមរម្យ តែ​មិនមែន​មាន​ន័យថា បោះចោល​ទេ​។

លោក​បញ្ជាក់​ថា​៖ «​រឿង​សំខាន់​នោះ ២ គឺ​ម៉េច​បាន​គេ​កប់​ចោល​។ នៅ​ (​ប្រាសាទ​) បន្ទាយស្រី​មាន​អ្នកប្រាជ្ញ​ជាច្រើន ខំប្រឹងប្រែង​ទាញ​រឿង​កែប្រែ​សាសនា ការប្តូរ​សាសនា​អាច​នឹង​មាន​ការបំផ្លាញ​ព្រះពុទ្ធ​បដិមា​ចាស់​ចោល ហើយ​យក​ទៅ​កប់​ចោល​។ មាន​ច្រើន​គ្នា​ដែល​យល់​អ៊ីចឹង​។ ចំពោះ​អ្នកប្រាជ្ញ​មួយចំនួន​ទៀត​គឺ​មិន​យល់​អ៊ីចឹង​ទេ​ព្រោះ​បញ្ហា​ទំនាស់​សាសនា មិន​មាន​នៅ​ស្រុក​ខ្មែរ​ទេ​។ ទំនាស់​សាសនា​អាច​មាន​នៅ​ប្រទេស​ដទៃ ប៉ុន្តែ​មិនមាន​នៅក្នុង​ស្រុក​ខ្មែរ​ទេ​»​។

លោកស្រី ភិន វិជ្ជាសច្ចរ៉ា ដែល​បាន​ធ្វើ​បទបង្ហាញ​ដែរនោះ​ថ្លែងថា រូប​បដិមា​ដែល​រកឃើញ​ក្នុង​កំណាយ​រណ្តៅ​តែ​ ១ ​ទាំងនេះ​គឺមាន​មនុស្ស​រៀបចំ​ទុកដាក់​យ៉ាង​ត្រឹមត្រូវ​ដោយ​អង្គ​បដិមា​ភាគច្រើន​ត្រូវ​ដាច់​ជា​បំណែកៗ ហើយ​ខ្លះ​ក៏​រក​មិនទាន់​ឃើញ​ព្រះសិរ និង​ខ្លះ​បាត់​ដៃ ឬ​ខ្លះ​បាត់​ជើង​ជាដើម​។ លោកស្រី​បន្តថា ចំពោះ​ទម្រង់​ព្រះបដិមា​វិញ គឺ​មួយ​ចំនួន​មាន​ទម្រង់​ទ្រង់​ឈរ ហើយ​មួយចំនួន​ទៀត​មាន​ទម្រង់​ប្រក់​នាគ​សមាធិ និង​គង់​សមាធិ​លើ​បល្ល័ង្ក​។

លោកស្រី​បន្ថែម​ថា ទាំងនោះ​មាន​ដងខ្លួន​ព្រះពុទ្ធ​បដិមា​សម័យ​ក្រោយ​អង្គរ​បំណែក​រូប​សិល្បៈ សម្ភារ​ប្រើប្រាស់ កាំបិត ដប​។​ល​។ ដែល​តាម​ការសន្និដ្ឋាន​រូប​ទាំងនោះ​ត្រូវបាន​នាំយក​ពី​រួត​ព្រះពាន់ ហើយ​តាម​ការសន្និដ្ឋាន ការកប់​នេះ​អាចធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ​ ១៩៨០​។

លោកស្រី​បញ្ជាក់​ថា​៖ «​ជា​ចុងបញ្ចប់ តើ​ការកប់​ព្រះពុទ្ធ​បដិមា​នេះ​ក្នុង​ន័យ​អ្វី​ក៏ដោយ​ក្នុង​រយៈពេល​មិន​ដល់​ ១០០ ឆ្នាំ​ក៏ដោយ ក៏​វា​ជា​ប្រវត្តិសាស្ត្រ​មួយ ហើយ​យើង​ដឹង​ទៀតថា ព្រះ​ពុទ្ធបដិមា​ទាំងអស់​នេះ​គឺ​មាន​ប្រភព​មកពី​ខឿន​ព្រះពាន់​នៅ​ផ្នែក​ខាងត្បូង​ (​ប្រាសាទ​)​។ ដូច្នេះ​ជា​គំនិត​ពួកខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់យក​ព្រះ​ពុទ្ធបដិមា​ទាំងអស់​នេះ​ទៅ​ដាក់​នៅ​ទីតាំង​ដើម​»​។

លោក វង់ សុធារ៉ា សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ និង​សិលា​ចារិក​នៃ​សាលា​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា ការសន្និដ្ឋាន​បែបណា​របស់​អ្នក​បុរាណវិទ្យា​គឺ​គ្រាន់​ជា​ការយល់ឃើញ​របស់​បុគ្គល​នីមួយៗ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ថា ចំពោះ​សិលា​ចារិក​ជាច្រើន​ដែល​បាន​បន្សល់​ទុកជា​ភ័ស្តុតាង​បាន​បង្ហាញ​ពី​ជំនឿ​របស់​អ្នក​កាន់​ព្រះពុទ្ធសាសនា​គឺ​មានតែ​វិធី​បិទ​ព្រះ​ដែល​បាន​បាក់បែក​ឲ្យ​ជាប់​ល្អ​ឡើងវិញ​។

លោក​ថា ចំពោះ​ការកប់​ព្រះពុទ្ធ​បដិមា​នៅក្នុង​ដី​គឺ​លោក​គិតថា មិនមែន​ជា​ស្នាដៃ​របស់​អ្នក​កាន់​ព្រះពុទ្ធសាសនា​នោះទេ​ហើយ​បើសិន​ជា​រកឃើញថា ការកប់​ព្រះពុទ្ធបដិមា​ទាំងនេះ​ធ្វើ​ក្នុង​ឆ្នាំ​ ១៩៨០ ទៀត​នោះ​វា​អាច​ជា​សកម្មភាព​របស់​ក្រុមចោរ​ដែល​លួច​លក់​វត្ថុ​បុរាណ​៕