ភ្នំពេញៈ អ្នកជំនាញអំពាវនាវឲ្យអ្នកជំងឺផ្លូវចិត្តស្វែងរកសេវានិងផ្តល់ការប្រឹក្សាតាមមន្ទីរពេទ្យមណ្ឌលសុខភាព ខណៈដែលអ្នកជំងឺផ្លូវចិត្តភាគច្រើនមិនហ៊ាននិយាយនិងមិនហ៊ានស្វែងរកសេវាពិគ្រោះនោះទេ បណ្តាលឲ្យបញ្ហានេះបង្កផលវិបាកដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ដែលឈានទៅរកការសម្លាប់ខ្លួនក៏មាន។
យោងតាមការប៉ាន់ប្រមាណសុខភាពជាសកលរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៥ នៅលើពិភពលោកមានមនុស្ស ៣០០ លាននាក់មានជំងឺធ្លាក់ទឹកចិត្ត ចំនួននេះតាងឲ្យ ៤% នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងពិភពលោក។
បុគ្គលមួយមានបញ្ហាធ្លាក់ទឹកចិត្តអាចត្រូវបានសម្គាល់ដោយអាការៈ ដូចជា មានការសម្ពាធផ្លូវចិត្ត បាត់បង់ការចាប់អារម្មណ៍ ឬ ភាពរីករាយ ការថយចុះថាមពល ចេះតែគិតថាខ្លួនមានកំហុស ឬ គ្មានតម្លៃអស់សង្ឃឹម គេងមិនលក់ ឬ ញាំមិនបាន ជាដើម។ ជំងឺធ្លាក់ទឹកចិត្តនេះវានឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់បុគ្គលដែលកើតរហូតងាយនាំឲ្យពួកគេឈានទៅរកការសម្លាប់ខ្លួនក៏មាន។
លោកឈិត សុផលប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាលបានថ្លែងនៅក្នុងឱកាសសន្និសិទព័ត៌មានថា សម្រាប់នៅ កម្ពុជាពុំមានការសិក្សាឬរបាយការណ៍បញ្ជាក់ច្បាស់ពីចំនួនអ្នកកើតជំងឺធ្លាក់ទឹកចិត្តនៅឡើយទេ តែតាមការប៉ាន់ស្មាននៅកម្ពុជាចំនួនប្រហែល ៤ សែននាក់ហើយក្រសួងដាក់ទិសដៅថាក្នុងឆ្នាំ ២០២០ ត្រូវគ្រប់គ្រងអ្នកជំងឺទឹកចិត្តឲ្យបាន ៥០% ។
លោកបានបន្ថែមថាអ្នកជំងឺធ្លាក់ទឹកចិត្តមិនហ៊ាននិយាយឬរកសេវាពិគ្រោះនោះទេ។
លោកថា «យើងបានលើកប្រធានបទLet’s Talk គឺតោះនាំ គ្នានិយាយគឺចង់ជំរុញឲ្យអ្នកជំងឺក្រុមគ្រួសារលើកទឹកចិត្តពួកគេក្នុងការហ៊ាននិយាយនិងស្វែងរកការពីគ្រោះពីអ្នកជំ នាញសុខភាពផ្លូវចិត្តនៅតាមមន្ទីរពេទ្យមណ្ឌលសុខភាពឬអង្គការបើមិនដូច្នេះនេះ បញ្ហានេះនឹងបង្កជាការលំបាកនៅថ្ងៃខាងមុខ»។
ក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធានផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់បន្ថែមថា មូលហេតុនៃជំងឺធ្លាក់ទឹកចិត្ត គឺ កត្តាបរិយាកាសសង្គម កត្តាជីវសាស្ដ្រនិងសេរីរាង្គ កត្តាពិន្ធុ ,ទី៤- កត្តាបុគ្គលិកលក្ខណៈ កត្តាគីមីសាស្ដ្រខាងក្រៅ និងក្នុងខួរក្បាល។
លោកមានប្រសាសន៍ថា «ភាគច្រើនស្រ្តីជួបបញ្ហាផ្លូវចិត្តច្រើនជាងបុរសគឺកត្តាអ័រមូនការអស់រដូវជាដើមបណ្តាលឲ្យគាត់ឆាប់មួលម៉ៅជាដើម»៕