ភ្នំពេញៈ ​​មន្ត្រី​ជំ​នាញ​និង​អ្នក​ស្រាវ​ជ្រាវ​ប្រ​មាណ​ជិត​ ១០០​ នាក់​ ចូល​រួម​សិក្ខា​សាលា​ស្ដី​ពី​ការ​វិវត្ត​នៃ​ភូមិ​សាស្ដ្រ​នយោបាយ​ និង​ការ​លេច​ឡើង​នៃ​សេដ្ឋ​កិច្ច​ឌីជី​ថល​កាល​ពី​ម្សិលមិញ​នៅ​សាល​បណ្ណា​ល័យ​ព្រឹទ្ធ​សភា​បាន​ធ្វើ​បទ​បង្ហាញ ​និង​កិច្ច​ពិភា​ក្សា​ស្ដី​​ពី​ការ​វិវត្ត​នៃ​ភូមិ​សាស្ត្រ​នយោ​បាយ​ក្នុង​ក្របខ័ណ្ឌ​គំ​និត​ផ្ដួច​ផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​ និង​យុទ្ធ​សាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក ​​​ក្នុង​នោះ​អ្នក​ជំនាញ​ខ្លះ ​បាន​​អះអាង​ថា​ កម្ពុជា​អាច​រួច​ផុតពី​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​ថា​បាន​លម្អៀង​ខ្លាំង​ទៅ​រក​ចិន​ ​ប្រសិន​បើ​កម្ពុជា​អាច​ដោះ​ស្រាយ​ផលវិបាក​មួយ​ចំនួន​ដែល​កំពុង​បង្ក​ឡើង​ដោយ​សារ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់​ និង​ផ្លូវ​របស់​ចិន។

ការ​យល់​ឃើញ​នេះ​ ស្រប​ពេល​ការ​គាំ​ទ្រ​របស់​កម្ពុ​ជា​ដ​ល់​គំនិត​ខ្សែ​ក្រវាត់​ និង​ផ្លូវ​របស់​ប្រទេស​ចិន ​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​ផល​វិបាក​មួយ​ចំនួ​ន​ ​ដូច​ជា​បញ្ហា​បរិស្ថាន​ ​ការ​គ្រប់​គ្រង ​និង​បញ្ហា​សន្ដិសុខ។​

​លោក​ ​ឆេង​ ​គីម​ឡុង​ ​ប្រធាន​មជ្ឈ​មណ្ឌល​ន​វា​នុ​វត្តន៍​និង​ប្រជា​ធិប​តេយ្យ​អភិ​បាល​កិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុ​វិ​ស័យ​អាស៊ាន ​(AVI)​ ​លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា ​សុខ​ចិត្ត​ល​ម្អៀ​ង​ទៅ​រក​ចិន​ដើម្បី​​ទទួល​បាន​ផលប្រយោជន៍​ពី​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​របស់​ប្រទេស​ ចិន​ ហើយ​មិនគិត​អំពី​ផល​អវិជ្ជ​មាន​មួយ​ចំនួន​ដែល​កំពុង​បង្ក​ឡើង​ដោយ​សារ​គម្រោង​នេះ​ ដែល​លោក​ថា រដ្ឋា​ភិ​បាល​កម្ពុ​ជា​ត្រូវ​បន្ថែម​ការ​គិត​គូរ​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​ ដើម្បី​ដោះស្រាយ​ផល​វិបាក​ទាំង​នោះ។​

លោ​ក​ គីម​ឡុង​ ថ្លែង​ថា៖ «​​មាន​ការ​ចោទ​ប្រកាន់​រិះគន់​ទៅ​ផល​វិបាក​លើ​បរិស្ថាន​ ការ​គ្រប់​គ្រង ហើយ​សន្ដិ​សុខ​ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ នៅ​យុទ្ធ​សាស្ដ្រ​បន្ត​ទៀត​ ដែល​រដ្ឋាភិ​បាល​ត្រូវតែ​គិត​គូរ​ឲ្យ​​គត់​មត់ ​និង​ស្រួច​ស្រាល់​ ដើម្បី​កាត់​បន្ថយ​ផលវិបាក​ទាំង​អស់​នោះ ​ហើយ​កាត់បន្ថយ​ផល​វិបាក​ទាំង​អស់​នោះ​ យើង​អាច​រួច​ផុតពី​ការ​ចោទ​ប្រកាន់​ពី​លោក​ខាង​លិច​ ថា​យើង​ងាក​ទៅ​ចិន​ដើម្បី​បាន​តែ​ផល​ប្រ​យោជន៍​ពី​ចិន​ ​ហើយ​មិន​គិត​អំពី​ផល​អវិជ្ជមាន​នៃ​គម្រោង»។​

​ប្រទេស​ជាង​ ៧០​ ហើយ​នៅ​ក្នុង​ពិភព​លោក​ បាន​គាំ​ទ្រ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​របស់​ប្រទេស​ចិន​ដែល​បាន​ប្រកាស​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៣។ ​ប៉ុន្តែ​គម្រោង​ដ៏មហិ​ច្ឆតា​របស់​ប្រទេស​ ចិន​ ដែល​ផ្ដោត​លើ​ការ​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ថា​ នឹង​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ប្រទេស​ ចិន។​

​ទោះ​ជា​យ៉ាង​ណា​កាល​ពី​ចុង​ខែ​មេសា ​នៅ​ក្នុង​វេទិកា ​«ខ្សែក្រវាត់​និង​ផ្លូវ»​ លើក​ទី២ នៅ​ក្នុ​ង​ប្រទេស​ ចិន​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ បាន​អះអាង​ថា​ កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​របស់​ប្រទេស​ ចិន ​ឡើយ​ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ឯក​រាជ្យ​ មាន​អធិប​តេយ្យ​ភាព​ ហើយ​កម្ពុ​ជា​នឹង​ជ្រើស​រើស​យក​គម្រោង​ណា​ដែល​ចាំ​បាច់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ។​

​ភ្នំ​ពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់​ទង​សុំ​ការ​លើក​ឡើង​ជុំវិញ​បញ្ហា​នេះ​ពី​លោក ​មាស​ នី​ អ្នក​វិភាគ​នយោ​បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​សារ​លោក​មិន​លើក​ទូរស័ព្ទ។​ ​

​លោក​ ​គិ​ន ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​យល់​ថា ទោះ​បី​ជា​កម្ពុជា​ខំប្រឹង​ធ្វើ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​អាច​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​ឡើយ​ ​ព្រោះ​លោក​ថា ​ការ​ចោទ​ថា​កម្ពុជា​លម្អៀង​ទៅ​ចិន​ មិន​មែន​ដោយ​សារ​រឿង​អ​សន្ដិ​សុខ ​សណ្ដាប់​ធ្នាប់​ ​ឬ​បរិស្ថាន​ឡើយ​ ប៉ុន្តែ​ដោយ​សារ​ចិន​និង​សហ​រដ្ឋ​អាមេរិក កំពុង​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​និង​ពិភពលោក។​

លោក ភា ថ្លែង​​​ថា៖ ​«​ពី​ព្រោះ​ឥឡូវ​នេះ​យើង​ឃើញ​ថា ​ចិន​កំពុង​ធ្វើ​ដំ​ណើរ​យ៉ាង​លឿន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​ទាំង​នយោបាយ​​និង​សេដ្ឋ​កិច្ច​ ហើយ​ជា​ប្រទេស​ធំ​ទី២​ ខាង​សេដ្ឋ​កិច្ច​បន្ទាប់​ពី​សហរ​ដ្ឋ​អា​មេរិក​ ​អ៊ី​ចឹង​សហ​រដ្ឋ​អាមេ​រិក​បារម្ភ​ណាស់​រឿង​នេះ​ ហើយ​បើ​និយាយ​ដល់​លោក​ខា​ង​លិច​ ​គឺ​សហ​រដ្ឋ​អា​មេរិក​ជា​បង​ធំ​ឬ​ជា​អ្នក​បោះ​មេ​នេះឯង»។​

​លោក​ ​ហ៊ុន ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កាល​ពីពេល​ថ្មីៗ​កន្លង​មក​បាន​ប្រកាស​ថ្កោល​ទោស​​ចំពោះ​អ្នក​រិះគន់​អ្នក​វិនិ​យោ​គ​ចិន​នៅ​កម្ពុជា​ ​ដោយ​លោក​បាន​ឆ្លើយ​តប​ទៅ​កាន់​ក្រុម​អ្នក​រិះ​គន់​ទាំង​នោះ​ថា​ អ្ន​ក​វិនិ​យោគ​ចិន​ មិន​បាន​មក​ដាក់​អាណានិគម​មក​លើ​កម្ពុជា​ឡើយ ​ប៉ុន្តែ​វា​ជា​ភ​ព្វ​សំណាង​ទៅ​វិញ​ទេ ​ដែល​កម្ពុជា​ទទួល​បាន​អ្នក​វិនិយោគ​ពី​ប្រទេស​នេះ ​ពីព្រោះ​ប្រទេស​នៅ​ក្នុង​ពិភពលោក​ ​កំពុង​ទាក់​ទាញ​ចង់​បាន​អ្នក​វិនិយោគ ​និង​អ្នក​ទេសចរ​ចិន៕​