ភ្នំពេញៈ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​ជាង ១ ម៉ឺន ៨ ពាន់​នាក់ ដែល​មក​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​ស្តារ​នីតិ​សម្បទា និង​សេវា​សុខាភិបាល​តាម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស កុំ​ឲ្យ​ពួកគេ​វិល​រក​សភាព​ដើម​វិញ ខណៈ​ក្នុង​ឆ្នាំ ២០១៨ ចំនួន​នៃ​ការ​ស្វែងរក​សេវា​សុខាភិបាល​តាម​រាជធានី​ខេត្ត​មាន​ការ​កើន​ឡើង ៧០%។

តាម​របាយការណ៍​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ ២០១៨ កន្លង​មក​នេះ អ្នក​ញៀន​គ្រឿង​ញៀន ដែល​ទទួល​បាន​ការ​ព្យាបាល​នៅ​មណ្ឌល​បណ្តោះ​អាសន្ន​ចំនួន ១៣ ១៦១ នាក់ ស្មើ ៧១% និង​តាម​សេវា​សុខាភិបាល​សាធារណៈ​ទូទាំង​ប្រទេស​ចំនួន ៥ ៣៩៦ នាក់ ស្មើ ២៩% ក្នុង​ចំណោម​អ្នក​ញៀន​គ្រឿង​ញៀន​ទាំង​ជាង ១៨ ៥៥៧ នាក់ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៨។

លោក កែ គឹមយ៉ាន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការព្យាបាល និង​ស្តារនី​តិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន កាល​ពី​ម្សិលមិញ​នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​យ៉ាង​ដូច្នេះ​ថា៖ «ជា​ការ​ពិត គ្រឿង​ញៀន គឺ​ចេះ​តែ​រាល​ដាល​ទៅៗ ដល់​អ្នក​ប្រើប្រាស់​ថ្មី តែ ១ ទៀត អ្នក​ចាស់​ដែល​មាន​ក្នុង​បញ្ជី​របស់​យើង​រាល់ថ្ងៃ ប្រមាណ ១ ម៉ឺន ៨ ពាន់​នាក់​នៅ​តែ​បន្ត។

អ៊ីចឹង​រឿងរ៉ាវ​ថ្មី​ហ្នឹង​បូក​បញ្ចូល​គ្នា ធ្វើ​ឲ្យ​តួលេខ​នេះ​កើន​ឡើង តែ​អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​នេះ គឺ​ត្រូវ​គ្រប់គ្រង​សមាស​ភាព​ចាស់ (អ្នក​ញៀន) ដែល​មាន​ក្នុង​បញ្ជី ដោយ​ផ្តោត​លើ​ការ​ព្យាបាល​ពួកគេ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​ការ​កើន​ឡើង​ទៀត»។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រូបនេះ​អះអាងថា បទ​ល្មើស​គ្រឿង​ញៀន​ដែល​បង្ក្រាប​កន្លង​មក​នេះ មាន​ការ​ថយ​ចុះ ២% ចំណែក​ចំនួន​ជន​សង្ស័យ​ដែល​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​ក៏មាន​ការ​ថយ​ចុះ ១០% ផង​ដែរ តែ​បែរ​ជា​មាន​ការ​កើន​ឡើង​វិញ​ជាង ៣ ដង​នៃ​ចំនួន​គ្រឿង​ញៀន​ដែល​ចរាចរណ៍​នៅ​កម្ពុជា បើ​ប្រៀប​ធៀប​រវាង​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ ពី​ចំនួន ១៧៣ គ.ក្រ ដល់​ទៅ ៥៣៦,៣៦ គ.ក្រ​ដែល​អាជ្ញាធរ​បង្ក្រាប​បាន។

លោក​បន្តថា ការកើនឡើង​នៃ​គ្រឿងញៀន​ដែល​កំពុង​ចរាចរ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​អត្រា​នៃ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចេះ​តែ​មាន​កើន​ឡើង​ផង​ដែរ ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បន្សាប និង​ទប់​ស្កាត់​ពួកគេ និង​ត្រូវ​ពង្រឹង​ក្នុង​មណ្ឌល​ស្តារ​នីតិ​សម្បទា និង​សេវា​សុខាភិបាល ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយ​មានជ័យ និង​តំបន់​ទេសចរណ៍​មួយ​ចំនួន ដូចជា​ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​សម្ទុះ​ខ្លាំង​នៃ​ការ​កើន​ឡើង​នូវ​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​ភាព​អសន្តិសុខ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ជា​រៀងរាល់​ឆ្នាំ របាយ​ការណ៍​បាន​បង្ហាញ​ថា អ្នក​ញៀន​គ្រឿង​ញៀន​ដែល​ទទួល​បាន​ការ​ព្យាបាល​មាន​ចំនួន​កើន​ឡើង​ជានិច្ច ជា​ពិសេស​ក្នុង​ឆ្នាំ ២០១៨ នេះ មាន​ការ​កើន​ឡើង​នៃ​អ្នក​ញៀន​គ្រឿង​ញៀន​ប្រមាណ ៧០% ដែល​បាន​ស្វែងរក​សេវា​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​ជាង ៤០០ កន្លែង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៨។

លោក​បន្តថា៖ «រីឯ​ចំនួន​អ្នកញៀន​គ្រឿងញៀន​ដែល​ទទួល​បាន​ការព្យាបាល និង​ស្តារនី​តិ​សម្បទា​ក្នុង​មណ្ឌល​បណ្តោះ​អាសន្ន​ទាំង ១៧ ក៏​កើន​ឡើង​ផង​ដែរ»។

លោក ងី មាន​ហេង ប្រធាន​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ដែល​តំណាង​ឲ្យ​មណ្ឌល​សុខភាព​ចំនួន ១០ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការ​លើក​ឡើង​ឲ្យ​មាន​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​ទាំង​នោះ​កុំ​ឲ្យ​វិល​ត្រឡប់​មក​សភាព​ដើម​វិញ គឺជា​រឿង​ត្រឹមត្រូវ តែ​កត្តា​ធំ​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ញៀន​គ្រឿង​ញៀន​ដោយ​ខ្លួន​ឯង។

លោក​បញ្ជាក់ថា៖ «ខាង​មណ្ឌល​ស្តារនីតិសម្បទា និង​ខាង​ក្រសួង​សុខាភិបាល និង​ភាគី​ពាក់​ព័ន្ធ​ក្តី​ហ្នឹង ប្រឹង​យក​ចិត្ត​ទុក​ដាក់​ណាស់ ដើម្បី​អប់រំ​គាត់ ឲ្យ​គាត់​អនុវត្ត​តាម​ឲ្យ​បាន តែ​សំខាន់​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគាត់​គឺជា​រឿង​សំខាន់​ជាង ព្រោះ​បើ​គាត់​អត់​បាន​ប្តេជ្ញា​ចិត្ត​ខ្លួន​គាត់​ទេ គាត់​នឹង​អាច​វិល​ទៅ​វិញ»។

លោកស្រី Nargiza Khodjaeva team Lead of WHO ថ្លែងថា ជា​គោល​ការណ៍​ចម្បង​សម្រាប់​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន គឺ​ច្បាស់​ណាស់ ត្រូវ​គោរព​តាម​ស្តង់ដា​មួយ​ចំនួន ដែល​ភាគី​ពាក់ព័ន្ធ​គួរ​ចូលរួម ដូចជា​មន្ត្រី​អនុវត្ត​ច្បាប់ មន្ត្រី​តុលាការ និង​មន្ត្រី​ពន្ធនាគារ គួរ​តែ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជាមួយ​នឹង​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល និង​ស្តារ​នីតិ​សម្បទា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ហើយ​ជន​ញៀន​គ្រឿង​ញៀន គួរតែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ត បើ​ទោះ​ជា​ពួកគេ ត្រូវ​បាន​ដោះ​លែង​ហើយ​ក្តី។

លោកស្រី Nargiza Khodjaeva team leader of WHO បន្តថា៖ «ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រ ចិត្ត​សាស្ត្រ ការ​ព្យាបាល​ដែល​មាន​រយៈពេល​វែង ការ​ស្តារ​លទ្ធភាព​ពលកម្ម ដែល​មណ្ឌល​ស្តារ​នីតិ​សម្បទា និង​សេវា​សុខាភិបាល​តាម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស បាន​ទទួល​ការ​ព្យាបាល​ដល់​ពួកគេ កុំ​ឲ្យ​មាន​ការ​កើន​ឡើង»៕