ភ្នំពេញៈ អ្នកញៀន​គ្រឿងញៀន​ដែល​បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​នានា​មាន​សម្ទុះ​កើនឡើង​ទ្វេដង​រហូត​ដល់ ១២០ ​ភាគរយ និង​មណ្ឌល​ផ្តល់​សេវា​សុខភាព​ផ្លូវចិត្ត ហើយ​ព្យាបាល​គ្រឿងញៀន​ក៏​មាន​សម្ទុះ​កើនឡើង​យ៉ាងខ្លាំង​ដែរ ខណៈ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​បាន​និង​កំពុង​តែ​អនុវត្ត​ខ្លាំង​ឡើងៗ​។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២១ វិច្ឆិកា ​ថា​អ្នកញៀន​គ្រឿងញៀន​ដែល​បាន​មក​ទទួល​សេវា​ព្យាបាល​ក្នុង​រយៈពេល​ ១០ ​ខែ​ក្នុង​ឆ្នាំ​ ២០១៨ នេះ​មាន​រហូត​ទៅ​ដល់​ជាង ៣០០០ ​នាក់​ហើយ​បើ​ធៀប​ជាមួយ​ឆ្នាំ​កន្លង​ទៅ​មាន​ប្រហែល​ ១០០០ ​នាក់​តែ​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​អ្នក​មក​ទទួល​សេវា​ព្យាបាល ដើម្បី​បន្សាប​គ្រឿងញៀន​មាន​ការ​កើនឡើង​រហូត​ដល់​ទៅ​​ ១២០ ​ភាគរយ​។

បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៨ របស់​ក្រសួង​សុខាភិបាល​ស្តីពី​ការព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ទូទាំង​ប្រទេស​បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការព្យាបាល​នៅ​តាម​សេវា​សុខាភិបាល​មាន​ចំនួន​ ៣២៣១ ​នាក់​ដែល​ក្នុង​នោះ​មាន​ប្រុស​ ៣០១៩ ​នាក់​ស្រី​ ២១២ ​នាក់​អ្នកញៀន​ប្រភេទ​អំហ្វេតាមីន​ ៣១០៨ ​នាក់ និង​អ្នក​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន ​១២៣ ​នាក់ ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០១៧ ​ក្នុង​ឆមាស​ទី​ ១ ​មាន​អ្នក​ញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការព្យាបាល​នៅ​តាម​សេវា​សុខាភិបាល​មាន​ចំនួន​ត្រឹម​តែ​ ១៥៩៦ ​នាក់​ប៉ុណ្ណោះ​។

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​តង់​ផ្សព្វផ្សាយ​អប់រំ​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ក្រោម​ប្រធានបទ «​ទាំងអស់​គ្នា ដើម្បី​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍​» ដែល​រៀបចំ​ឡើង​ចំនួន​ ៣ ​ថ្ងៃ​ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ទីតាំង​វត្តភ្នំ​លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​ថា​៖ «​ចំនួន​នេះ​មាន​ការ​កើនឡើង​ក្រោយ​ពី​យើង​បាន​ពង្រីក​សេវា​។ រហូត​ដល់​ឥឡូវ​នេះ​បាន​កើនឡើង​ ៣០០០ ​ជាង​ហើយ​ដែល​បាន​មក​ទទួល​សេវា​របស់​យើង បើ​យើង​ធៀប​ជាមួយ​នឹង​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​តែ​ជាង​ ១០០០ ​នាក់​ប៉ុណ្ណោះ ដូច្នេះ​ចំនួន​តួលេខ​មាន​សម្ទុះ​កើន​ខ្លាំង​រហូត​ទៅ​ដល់​ ១២០ ​ភាគរយ​»​។

លោកស្រី​បន្ថែម​ថា​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន​មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពហុវិស័យ​រួមមាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ក្រសួង​សុខាភិបាល ស្ថាប័ន​អនុវត្ត​ច្បាប់ និង​អង្គការ​មិនមែន​រដ្ឋាភិបាល គ្រួសារ និង​សហគមន៍​ក្នុង​ការ​ធានា​ឱ្យ​ការព្យាបាល​មាន​ប្រសិទ្ធភាព​។ លោកស្រី​អះអាង​ថា​សម្រាប់​អ្នកញៀន​គ្រឿងញៀន​ចង់​បន្សាប​នោះ​គាត់​ត្រូវ​មក​ទទួល​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ ២០ ​ដង​ក្នុង​ ១ ​ឆ្នាំ និង​អនុវត្ត​តាម​មិន​អាក់ខាន​នឹង​អាច​បន្សាប​ភាព​ញៀន​នោះ​បាន​ហើយ​។

លោកស្រី​បញ្ជាក់​ថា​៖ «​វា​ជា​ការ​លំបាក​ណាស់​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ពីព្រោះ​ភាគច្រើន​គាត់​ឥត​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ​។ គាត់​មក​ម្តង ២ ​ដង​អ៊ីចឹង គាត់​អាក់ខាន គាត់​លែង​មក​ទៀត ដូច្នេះ​ភាព​លាប់​របស់​គាត់​ធ្វើឲ្យ​គាត់ កាន់តែ​ទៅ​ប្រព្រឹត្ត​គ្រឿងញៀន ដូច្នេះ​អ៊ីចឹង​ចង់​មិន​ចង់ បើ​គាត់​មិន​ព្រម​មក​ពិនិត្យ​ថ្ងៃ​ណា​មួយ​គាត់​នឹង​ចូល​ទៅ​ក្នុង​បទឧក្រិដ្ឋ ព្រោះ​គ្រឿងញៀន​នេះ​គឺជា​បញ្ហា​មួយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខួរក្បាល និង​ផ្លូវ​ចិត្ដ​នៅ​ពេល​ដែល​គាត់​ញៀន​ហើយ គឺ​គាត់​នឹង​លែង​ដឹង​ខុសត្រូវ​ហើយ​រហូត​ទៅ​ដល់​ហ៊ាន​លើក​ដៃ​វាយ ហ៊ាន​សម្លាប់​មាតាបិតា​ដែល​ជា​អ្នក​មាន​គុណ​របស់​គាត់ ឬ​ក្រុម​គ្រួសារ​របស់​គាត់ ដើម្បី​ទារ​រកលុយ​ទិញ​គ្រឿងញៀន​»​។

លោក​ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​មាន​ការរៀបចំ​ចាត់ចែង​ឲ្យ​មាន​គណៈកម្មការ​នៅ​តាម​សហគមន៍​នៅ​តាម​ឃុំ​នីមួយៗ​ដោយ​មាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ស្វែងរក​អ្នកញៀន​គ្រឿងញៀន​ឲ្យ​មក​ទទួល​សេវា​ព្យាបាល​។

លោក​ថា​៖ «​មណ្ឌល​សុខភាព​តាម​សហគមន៍​បាន​ដាក់​ដំណើរការ​ដែល​ធ្វើឲ្យ​មាន​អ្នក​ស្ម័គ្រចិត្ត​ខ្លះ​ទៅ​ទទួល​យក​សេវា​ព្យាបាល​។ ឥឡូវ​យើង​បង្កើត​ឲ្យ​មាន​យន្តការ​នៅ​តាម​ឃុំ​ ឬ​សង្កាត់​ដែល​ជា​យន្តការ​មូលដ្ឋាន​ក្នុង​ការ​ពិនិត្យ​រកមើល​អ្នកញៀន​គ្រឿងញៀន និង​ប្រាប់​អាណាព្យាបាល ឬ​មាតាបិតា​ ឬ​ក៏​បងប្អូន​របស់​ពួកគេ​ ឬ​ឲ្យ​ខ្លួនគេ​ផ្ទាល់​ឲ្យ​មាន​ភាពក្លាហាន​ទៅ​ទទួល​ការព្យាបាល​»៕