ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​អ្នកដំណើរ​ជនជាតិខ្មែរ​ ២០៤ ​នាក់ ​ដែល​ទើប​ធ្វើដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ ​ខែមិថុនា គឺមាន​ម្នាក់​ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន ជំងឺ​កូវីដ​ ១៩ ខណៈ​ ២០៣ ​នាក់​ទៀត​អវិជ្ជមាន ​ហើយ​ត្រូវបាន​បញ្ជូន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​បណ្ដា​ខេត្ត​។

ក្រសួង​បញ្ជាក់ថា បុរស​ជនជាតិខ្មែរ​អាយុ ២១ ​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​ដែល​ត្រូវ​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ១៧ ខែមិថុនា គឺជា​អ្នកជំងឺ​លើក​ទី​ ១២៩ ដែល​ត្រូវបាន​រាយការណ៍​ក្នុង​ប្រទេស​កម្ពុជា​។ បុរស​ដែល​ទើប​ធ្វើដំណើរ​មកពី​ម៉ាឡេស៊ី​រូបនេះ​គឺ​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាឡេស៊ី​បញ្ជាក់​ថា ក្នុងចំណោម​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ពី​ម៉ាឡេស៊ី​ទាំង ២០៤ នាក់ ​គឺ​ក្នុង​នោះ​មាន​ ១១៥ ​នាក់ ​ជា​អ្នក​ដែល​បាន​ជាប់គាំង​មិន​អាច​ចាក​ចេញពី​ម៉ាឡេស៊ី​តាំងពី​ថ្ងៃទី​ ៧ ខែ​មេសា​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នកដំណើរ​ផ្សេងទៀត​ដែល​លទ្ធផល​ធ្វើតេស្ដ​អវិជ្ជមាន​ទាំង​ ២០៣ ​នាក់​គឺ​ត្រូវ​បញ្ជូន​ចេញពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​បណ្ដោះអាសន្ន​នៅ​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន នៅ​ភ្នំពេញ​ទៅ​កាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅក្បែរ​លំនៅឋាន​របស់​ពួកគាត់​។

លោកស្រី​ថា អ្នកដំណើរ​ទាំងនេះ​នឹង​មិន​អនុញ្ញាត​ឱ្យ​ទៅ​ធ្វើ​​ចត្តាឡីស័ក​នៅតាម​ផ្ទះ​ទេ​។ លោកស្រី​បន្តថា​៖ «​អ្នកដំណើរ​ជាង​ ២០០ ​នាក់​ ត្រូវបាន​ចាត់ចែង​បន្ត​ទៅ​ទៀត ព្រោះ​ឥឡូវ​ពួកគាត់​ត្រូវ​ដាក់​ធ្វើ​ចត្តាឡីស័ក​បណ្ដោះអាសន្ន​ (​នៅ​ភ្នំពេញ​) ដើម្បី​រង់ចាំ​ប្រកាស​លទ្ធផល​ (​ធ្វើតេស្ដ​កូវីដ ១៩ ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​) ហើយ​លទ្ធផល​ចេញ​ហើយ​។ អ៊ីចឹង​! អ្នក​អវិជ្ជមាន​ហ្នឹង​ត្រូវ​បែងចែក​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​ខេត្ត​ដែល​ពួកគាត់​រស់នៅ អ៊ីចឹង​មាន​ការជូន​ពួកគាត់​ទៅ​មណ្ឌល​ចត្តាឡីស័ក​រៀងៗ​ខ្លួន​ទៅ​តាម​អាសយដ្ឋាន​របស់​ពួកគាត់​»​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩​ ទាំង​ ១២៩ ​នាក់ ​គឺ​ក្នុងនោះ​មាន​អ្នក​ជាសះស្បើយ​ចំនួន​ ១២៦ ​នាក់ ខណៈ​ ៣ ​នាក់ ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ គឺ​មាន​ ២ ​នាក់​ ទើប​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។

រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ទប់ស្កាត់​ការចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ទៀត នៅ​ក្នុង​ស្រុក ដើម្បី​ចៀស​ផុតពី​ការចម្លង​នៅតាម​សហគមន៍ តាមរយៈ​ការផ្ដោត​សំខាន់​លើ​ការរឹតបន្តឹង​វិធានការ​ចំពោះ​អ្នកដំណើរ​មកពី​ក្រៅប្រទេស ដោយ​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ដែល​មកដល់​ព្រលាន​យន្តហោះ​ភ្លាម​គឺ​ត្រូវ​បញ្ជូន​ទៅ​ដាក់​នៅ​កន្លែង​រង់ចាំ ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ​ ១៩ មុន​សម្រេច​ឱ្យទៅ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ ឬ​នៅតាម​មណ្ឌល​ចត្តាឡីស័ក ខណៈ​ករណី​ឆ្លង​ភាគច្រើន​ដែល​បាន​រកឃើញ​កន្លងមក​គឺជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។

កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ក្រសួង​សុខាភិបាល​បាន​ប្រកាស​លុបចោល ការតម្រូវ​ឱ្យមាន​ប្រាក់​ធានារ៉ាប់រង​សុខភាព និង​ប្រាក់​តម្កល់​ ៣ ​ពាន់​ដុល្លារ សម្រាប់​ធ្វើតេស្ដ ព្យាបាល និង​ការធ្វើ​ចត្តាឡីស័ក ចំពោះ​ពលរដ្ឋ​ខ្មែរ​កាន់​លិខិត​ឆ្លងដែន​បរទេស ដែល​មាន​ទិដ្ឋាការ​ពិសេស​ (Visa K) ប៉ុន្តែ​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​គ្មាន​ជំងឺ​កូវីដ​ និង​មាន​សុពលភាព​រយៈពេល​ ៧២ ​ម៉ោង​ចាប់ពី​ពេលចេញ​ដំណើរ​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា កម្ពុជា​បាន​តម្រូវ​ឱ្យ​ជនបរទេស បង់ថ្លៃ​សេវា​ផ្សេងៗ​នៅក្នុង​អំឡុងពេល​កូវីដ ១៩ ​នេះ ​គឺ​មាន​តម្លៃថោក​បំផុត បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំងនោះ​ទេ​។

ថ្វីដ្បិត​នៅក្នុង​ប្រទេស​កម្ពុជា​គ្មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​កងកម្លាំង​រក្សា​សន្ដិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​ ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។ ក្រសួង​ការពារជាតិ​ឲ្យ​ដឹងថា កម្ពុជា​មាន​កងកម្លាំង​រក្សា​សន្ដិភាព​ ១០ ​នាក់​នៅ​ប្រទេស​ម៉ាលី​ និង​យោធា​សិក្ខាកាម​ ៦ ​នាក់​ នៅ​ប្រទេស​រុស្ស៊ី​ បាន​ឆ្លង​ជំងឺ​កូវីដ ​១៩ ប៉ុន្តែ​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​អស់​ហើយ​៕