ភ្នំពេញ: ស្ត្រី​ជា​សកម្មជន​អ្នក​តវ៉ា​ដីធ្លី​ចំនួន ៣ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ដោះលែង​វិញ​កាលពី​ម្សិលមិញ​ បន្ទាប់ពី​ពួកគេ​ត្រូវ​ឃាត់​ខ្លួន​យក​ទៅ​សួរនាំ​រយៈពេល​ជាង​ ១ ​ម៉ោង​ក្នុង​អំឡុង​ពេល​តវ៉ា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ពលរដ្ឋ​ទាំង ៣ ​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ​មាន​អ្នកស្រី ស៊ា ណារ៉េត តំណាង​ពលរដ្ឋ​អតីត​បឹងកក់​, អ្នកស្រី ច្រាយ នីម តំណាង​ពលរដ្ឋ​សហគមន៍​ព្រលាន​យន្តហោះ SOS និង​អ្នកស្រី ព្រាប រដ្ឋា តំណាង​ពលរដ្ឋ​មកពី​ខេត្ត​កោះកុង​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ដោះលែង​វិញ​នៅ​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់ ក្រោយ​ពី​សួរនាំ​រយៈពេល​ជាង​ ១ ​ម៉ោង​។

ប្រជាពលរដ្ឋ​ជាង ៣០ ​នាក់​មកពី​សហគមន៍​មាន​ជម្លោះដីធ្លី​ខេត្ត​កោះកុង​អតីត​បឹងកក់ បុរីកីឡា និង​សហគមន៍​ផ្សេងទៀត​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​វិវាទ​ដីធ្លី​របស់​ពួកគេ ប៉ុន្ដែ​ត្រូវ​សមត្ថកិច្ច​រារាំង​។ ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី​ទាំងនោះ​ក៏​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។

អ្នកស្រី ច្រាយ នីម តំណាង​ពលរដ្ឋ​សហគមន៍​ព្រលាន​យន្តហោះ SOS ដែល​ចេញ​មក​ជួយ​គាំទ្រ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​បាន​ប្រាប់​ថា ខណៈ​ក្រុម​ពលរដ្ឋ​ទៅ​ប្រមូលផ្តុំ​គ្នា​ឈរ​លើក​បដា​នៅ​សួនច្បារ​មុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច និង​សន្តិសុខ​ខណ្ឌ​ដូនពេញ​រុញច្រាន ហើយ​បាន​ឃាត់​ខ្លួន​អ្នកស្រី និង​ស្ត្រី ២ ​នាក់​ផ្សេងទៀត​លើក​ដាក់​លើ​ឡាន និង​បញ្ជូន​ទៅ​សាលាខណ្ឌ​ដូនពេញ​។

អ្នកស្រី​បន្ត​ថា​ក្រុម​អ្នកភូមិ​បាន​សម្រេច​ចិត្ត​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន ក្រោយ​ពី​ស្ថាប័នរដ្ឋ​នានា​មិន​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​របស់​ពួកគេ​។ ម្យ៉ាង​ទៀត​ថ្មីៗ​នេះ​លោក ហ៊ុន សែន បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ សម្រាប់​ទទួល​ពាក្យ​បណ្តឹង​តវ៉ា​ផ្សេងៗ​នៅ​មុខ​ភូមិគ្រឹះ​របស់​លោក ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ជូន​ពលរដ្ឋ​។

ក្រុម​នគរបាល​រារាំង​ពលរដ្ឋ​មក​តវ៉ា​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​កាលពី​ម្សិលមិញ​។ផា លីណា

អ្នកស្រី​បន្ថែម​ថា​៖ «​ការបង្កើត​គណៈកម្មការ​នេះ​មិនមែន​សម្រាប់​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដែល​ពួកគាត់​រង​ភាពអយុត្តិធម៌​ដូច​ដែល​សម្តេច​គាត់​ថា​ទេ​។ ផ្ទុយ​ទៅ​វិញ​គណៈកម្មការ​នេះ​បាន​បង្ក្រាប​ទៅ​លើ​អ្នកតវ៉ា​រាល់​អ្នក​មាន​បញ្ហា​ដីធ្លី​គ្រប់​ទីកន្លែង​ដែល​មក​ភូមិគ្រឹះ​សម្តេច​ទៅ​វិញ​»​។

អ្នកស្រី សាំង ពុយ តំណាង​ពលរដ្ឋ​មកពី​ខេត្ត​កោះកុង​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អត់​យល់​ថា សម្ដេច​លោក​បង្កើត​គណៈកម្មការ​ដោះស្រាយ​ទំនាស់​នៅ​មុខ​ផ្ទះ​គាត់​ហ្នឹង​យ៉ាង​ម៉េច​ទេ បើ​មន្ត្រី​គ្មាន​អ្នក​ចេញ​មក​ទទួល ហើយ​ថែម​ទាំង​ចាប់​ពលរដ្ឋ​ទៀត​។ ក្រោយពី​ពួក​ខ្ញុំ​ទៅ​ផ្ទះ​សម្ដេច​គ្មាន​លទ្ធផល​នេះ ខ្ញុំ​ក៏​បន្ត​ដំណើរ​ទៅ​ការិយាល័យ UN ប្រចាំ​នៅ​កម្ពុជា​វិញ​»​។

អ្នកស្រី សាំង ពុយ បន្ថែម​ថា​ភាគី UN បាន​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ដោយ​ក្ដី​រីករាយ និង​បាន​សន្យា​ថា​នឹង​យក​ញត្តិ​នេះ​ទៅ​ពិនិត្យ និង​ប្រជុំ​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​។

លោក​ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមេរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​មន្ត្រី​ចម្រុះ​ដោះស្រាយ​បណ្ដឹង​នៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល និង​ជា​អនុប្រធាន​ក្រុម​ដឹកនាំ​មន្ត្រី​ចម្រុះ​ដោះស្រាយ​បណ្ដឹង​បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទេ​។

លោក ស៊ឹង សែនករុណា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា តើ​ពលរដ្ឋ​អាច​ទៅ​ដាក់​ពាក្យ​បណ្តឹង​បាន​ដោយ​របៀប​ម៉េច បើ​សិន​ជា​មាន​វិធានការ​ដូច​ព្រឹក​មិញ​ (​ម្សិលមិញ​) ​នេះ​? អ៊ីចឹង ហើយ​គួរតែ​ឲ្យ​ពួកគាត់​បាន​ទៅ​ដល់​ជួប​ជាមួយ​គណៈកម្មការ ហើយ​ដាក់​ពាក្យបណ្តឹង​តាម​គោលបំណង​របស់​ពួកគាត់ នោះ​ទើប​ជា​រឿង​មួយ​ត្រឹមត្រូវ​តាម​គោលបំណង​នៃ​ការបង្កើត​គណៈកម្មការ​នោះ​»៕