បន្ទាយមានជ័យៈ ​ក្រុមអាជីវករ​ទិញ​ជ្រូក​ពី​ថៃ​មក​លក់​នៅតាម​ព្រំដែន​ជា​លក្ខណៈ​គ្រួសារ​នៅតាម​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ​ជិត​ ៥០ ​នាក់​​ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាឃុំ​អូរ៣ជាន់​កាលពី​ថ្ងៃទី​ ២៩ មីនា ដើម្បី​ស្នើឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ជាមួយ​តំណាង​ក្រុមហ៊ុន​នាំចូល​ជ្រូក​ពី​ថៃ​មួយ ​ដែល​បាន​រារាំង​ពួកគាត់​មិនឱ្យ​ដឹក​ជ្រូក​តាម​ម៉ូតូ​មក​កាប់​លក់​ក្នុង​ស្រុក​ជាប់​ព្រំដែន​។

លោក តែ គឹមឡុង តំណាង​អាជីវករ​លក់​សាច់ជ្រូក​នៅ​ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពីថ្ងៃ​ ២៩ ​មីនា​ថា ពួកគាត់​ជា​អាជីវករ​លក់​សាច់ជ្រូក​តូចតាច​ ដើម្បី​ចិញ្ចឹមជីវិត​មិនមែន​ជា​អ្នកមាន​ធនធាន​រហូត​បើក​ក្រុមហ៊ុន​​នាំចូល​ជ្រូក​ពី​ថៃ​មក​ផ្គត់ផ្គង់​ក្នុង​ស្រុក​ដូច​គេ​នោះទេ​។

លោក​ថ្លែងថា​៖ «​ក្នុង​ ១ ​សប្ដាហ៍ ខ្ញុំ​បាន​ចូល​ទៅ​ទិញ​ជ្រូក​ពី​កសិករ​ថៃ​ចំនួន​ ២ ​លើក​ក្នុង​ ១ ​លើក​ខ្ញុំ​ទិញ​ពី​ ១ ​ក្បាល​ទៅ​ ២ ​ក្បាល​តាម​ជ្រូក​តូច​ ឬ​ធំ ដោយ​ដឹក​តាម​ម៉ូតូ​មក​កាប់​លក់​ និង​ផ្គត់ផ្គង់​ដល់​អាជីវករ​ក្នុង​ផ្សារ​អូរ៣ជាន់​»​។

បើតាម​លោក គឹមឡុង កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​តែង​យោគយល់​ដល់​​ពួកគាត់​ក្នុង​ការកាប់​ជ្រូក​លក់ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​នៅ​ស្រុក​ស្វាយចេក​បាន​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ ខ.ម មក​ដេញចាប់​ពួកគាត់​ដែល​ទិញ​ជ្រូក​ពី​កសិករ​ថៃ​តាម​ព្រំដែន​មក​កាប់​លក់​ក្នុងស្រុក​ដោយ​អះអាងថា គាត់​ជា​តំណាង​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​នាំ​សត្វ​ជ្រូក​ចូល​ពី​ថៃ​។

លោក​បាន​បន្តថា​៖ «​ព្រោះតែ​ករណី​​នេះ​ទើប​ពួកយើង​មក​ពឹងពាក់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យជួយ​សម្របសម្រួល​ជាមួយ​មន្ត្រី​យោធា​ដែលថា ជា​តំណាង​ក្រុមហ៊ុន​នោះ​ដើម្បី​ឱ្យ​ពួកយើង​អាច​រកស៊ី​បាន​ខ្លះ​ផង ព្រោះ​មុខរបរ​យើងខ្ញុំ​នេះ​បាន​ចំណេញ​តិចតួច​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​មិនមាន​បានជា​ដុំកំភួន​ដូច​គេ​នោះទេ​»​។

ជុំវិញ​ករណីនេះ លោក តុល សារិន មេឃុំ​អូរ៣ជាន់​បាន​ឱ្យដឹងថា ក្រុមអាជីវករ​កាប់​ជ្រូក និង​លក់​សាច់ជ្រូក​នៅ​ទូទាំង​ឃុំ​ចំនួន​ ៤៧ ​នាក់​ បានមក​ដាក់​ញត្តិ​សុំ​កិច្ចអន្តរាគមន៍​ឱ្យ​លោក​ជួយ​សម្រួល​ ឬ​ឱ្យ​លោក​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​អូរជ្រៅ​ ឬ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ឱ្យជួយ​ដោះស្រាយ​។

លោក​ថា​៖ «​ក្រុមអាជីវករ​លើកឡើង​ថា កន្លងមក​ពួកគាត់​តែង​តែង​រកស៊ី​ទិញ​លក់​ជ្រូក​មាន​តូច​មាន​ធំ​ពី​ថៃ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​លក្ខណៈ​គ្រួសារ​ដោយ​ខ្លះ​ដឹក​ទៅ​លក់​ឱ្យគេ​ទិញយក​​ទៅ​ចិញ្ចឹម​បន្ត និង​ខ្លះ​យក​ទៅ​កាប់​លក់​តាម​ទីជនបទ ពិសេស​តាម​ភូមិ​ស្រុក​ជាប់​ព្រំដែន​ដើម្បី​ដោះស្រាយ​​ជីវភាព​គ្រួសារ​ និង​បង់​បំណុល​ធនាគារ​។

ករណីនេះ​ខ្ញុំ​ក៏​មិនអាច​ដោះស្រាយ​ជូន​ពួកគាត់​បានទេ ប៉ុន្តែ​ខ្ញុំ​នឹង​បញ្ជូន​ញត្តិ​ទៅ​រដ្ឋបាល​ស្រុក​ឱ្យជួយ​ដោះស្រាយ​»​។

បើ​តាម​លោក​ សារិន មន្ត្រី​យោធា​ដែលថា​ជា​តំណាង​ក្រុមហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​នោះ​ឈ្មោះ​ យឿង ប៉ក់ ជា​មេបញ្ជាការវរៈ​ ២ ​សឹករង ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ទិស​ស្រុក​ស្វាយចេក​។

យ៉ាងណាក្ដី លោក យឿង ប៉ក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការពិត​គាត់​មិន​ដែល​ចាប់​អ្នក​ដឹក​ជ្រូក​ ១ ​ក្បាល ២ ក្បាល​តាម​ម៉ូតូ​នោះទេ​។ តែ​គាត់​ចាប់​តែ​ជ្រូក​នាំចូល​ពី​ថៃ​ខុសច្បាប់​​ប៉ុណ្ណោះ​គឺ​ចាប់​ឱ្យ​ពួកគេ​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ និង​ផាកពិន័យ​តាមច្បាប់​រដ្ឋ ព្រោះ​បារម្ភ​សត្វ​ជ្រូក​ដែល​ពួកគេ​នាំចូល​មាន​ជំងឺ​ដែល​អាច​ឆ្លង​ដល់​សត្វ​ចិញ្ចឹម​របស់​កសិករ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​ការពិត​ការប្រមូលផ្ដុំ​របស់​ក្រុមអាជីវករ​ចាប់​ជ្រូក​មក​កាប់​លក់​ក្នុងស្រុក​ទាំងនោះ គឺ​ពួកគេ​ចាញ់​​បោក​ឧបាយកល​របស់​ក្រុម​មេខ្យល់​រកស៊ី​នាំ​ជ្រូក​ចូល​ពី​ថៃ​ខុសច្បាប់​ដែល​ដឹក​តាម​ឡាន​រាប់សិប​ក្បាល​ដោយ​គេចពន្ធ​ និង​គ្មាន​ការត្រួតពិនិត្យ​សុខភាព​សត្វ​ពី​ក្រុមមន្ត្រី​ជំនាញ​បសុសត្វ​ធ្វើឱ្យ​បាត់​ចំណូល​ពន្ធ​រដ្ឋ និង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ស្របច្បាប់​»​។

ជាមួយ​គ្នា​នេះ​លោក​បានឱ្យ​ដឹង​ដែរ​​ថា ក្រៅពី​ការងារ​ក្នុង​ជួរ​កងកម្លាំង​​លោក​ក៏​ជា​តំណាងឱ្យ​ក្រុមហ៊ុន លឹម ស៊ីវម៉ី ប្រចាំខេត្ត​បន្ទាយមានជ័យ​ផងដែរ​។ លោក​ថា ក្រុមហ៊ុន​នេះ​ទទួលបាន​សិទ្ធិ​ ឬ​អាជ្ញាប័ណ្ណ​នាំចូល​ជ្រូក​រស់​ពី​ថៃ​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​កម្ពុជា ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង​មិនដែល​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នោះទេ​។

ទាក់ទង​នឹង​ករណីនេះ​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សកម្មភាព​របស់​លោក យឿង ប៉ក់ ​ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​លឹមស៊ីវម៉ី​គឺជា​ការចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ក្រៅប្រទេស​ដែល​​អាច​ចម្លង​ដល់​សត្វ​ចិញ្ចឹម​ក្នុងស្រុក​។

លោក​បាន​បញ្ជាក់ថា​៖ «​ការ​នាំចូល​ជ្រូក​ពី​ក្រៅប្រទេស​ដោយ​ខុសច្បាប់​​មិន​គ្រាន់តែ​ធ្វើឱ្យ​បាត់​ចំណូល​ពន្ធ​រដ្ឋ​ទេ ថែមទាំង​បង្ក​នូវ​ហានិភ័យ​ចំពោះ​សុខភាព​ផងដែរ ព្រោះ​សត្វ​ទាំងនោះ​គ្មាន​លិខិត​បញ្ជាក់​ពី​សុខភាព​ដែល​ចេញ​ដោយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ដែល​នាំ​សត្វ​ចេញ​នោះទេ​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ និង​អាជីវករ​លក់​សាច់ជ្រូក​នៅតាម​ព្រំដែន​ថៃ​ត្រូវ​បញ្ឈប់​ការនាំចូល​ជ្រូក​រស់​ដោយ​ខុសច្បាប់​​ និង​គ្មាន​ការត្រួតពិនិត្យ​សុខភាព​សត្វ​ពី​មន្ត្រី​ជំនាញ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​សត្វ និង​មនុស្ស​នៅក្នុង​ស្រុក​៕

វីដេអូ៖