ភ្នំពេញៈ ភ្ញៀវទេសចរ​ចំនួន ៣៤ នាក់ ​តាម​កប៉ាល់​ដែល​វៀតណាម​ហាម​មិន​ឲ្យ​ចូល​ប្រទេស​របស់គេ ហើយ​បាន​ត្រឡប់មក​កម្ពុជា​វិញ​នោះ​បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​កាលពី​ម្សិលមិញ ខណៈ​ដែល​អ្នក​នៅ​សេសសល់​នឹងត្រូវ​ចាកចេញ​នៅថ្ងៃនេះ​។

លោក ផាន សុបិន្ត តំណាង​ក្រុមហ៊ុន​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ក្នុង​ដំណើរ​កម្សាន្ត​តាម​កប៉ាល់​ទេសចរណ៍​ចំនួន ៥ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ភ្ញៀវទេសចរ ៣៤ ​នាក់​ ជា​ជនជាតិ​​ដាណឺម៉ាក​បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​តាម​ជើង​យន្តហោះ​ថៃ​អ៊ែរវេ ខណៈ​ដែល​នៅ​សេសសល់​ចំនួន ៤១ ​នាក់​ទៀត​ នឹង​ហោះ​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ​ប្រទេស​បារាំង អាមេរិក ស្វ៊ីស និង​​កាណាដា​។

លោក​បញ្ជាក់ថា សុខភាព​ភ្ញៀវ និង​បុគ្គលិក​នាវា​ទាំងអស់​គឺ​ល្អ​ធម្មតា​។ ពួកគេ​ត្រូវបាន​បុគ្គលិក​សុខាភិបាល​ធ្វើតេស្ត​ចំនួន​ ៣ ​ដង​គឺ​ ២ ​ដង​ធ្វើ​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​កាលពី​ថ្ងៃ​អង្គារ ហើយ​ចុងក្រោយ​ធ្វើ​នៅ​ថ្ងៃ​ពុធ ហើយ​សុខភាព​របស់​ពួកគេ​មាន​អាការ​ធម្មតា​។

យោងតាម​រដ្ឋបាលខេត្ត​កណ្ដាល​បញ្ជាក់ថា នាវា​ទេសចរណ៍​ចំនួន​ ៥ ​គ្រឿង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលមក​កម្ពុជា​វិញ​តាម​ច្រក ក្អម​សំណរ​ក្នុង​ឃុំ​ក្អមសំណរ ស្រុក​លើកដែក ខេត្ត​កណ្ដាល បន្ទាប់ពី​វៀតណាម​បដិសេធ​មិន​ឲ្យ​ចូល​ចត​នៅ​ប្រទេស​របស់គេ​។ នាវា​ទាំង​ ៥ ​គ្រឿង​នេះ​មាន​ផ្ទុក​មនុស្ស​សរុប​ ២០០ ​នាក់​ ក្នុង​នោះ​ភ្ញៀវទេសចរ​មាន​ចំនួន​ ៧៧ ​នាក់ និង​នាវិក​ចំនួន​ ១២៣ ​នាក់​។

រដ្ឋបាលខេត្ត​បញ្ជាក់ថា ទាំង​ភ្ញៀវ​ទាំង​នាវិក​ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​ដោយ​ពេទ្យ​ជំនាញ​ចត្តាឡីស័ក​ដោយ​បញ្ជាក់ថា ពួកគេ​មាន​សុខភាព​ល្អ​ធម្មតា និង​មិនមាន​សញ្ញា​មេរោគ​កូរ៉ូណា​នោះទេ​។ បន្ទាប់ពី​ពិនិត្យ​សុខភាព​រួចហើយ កប៉ាល់​ទាំង ៥ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

ខណៈ​ដែល​ប្រទេស​មួយចំនួន​បានប្រកាស​បិទ​ព្រំដែន​របស់ខ្លួន​មិន​ឲ្យ​មាន​ការចូល​ទៅកាន់​ប្រទេស​របស់​ពួកគេ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ មន្ត្រី​កម្ពុជា​ពិចារណា​ពន្យារ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ណា​ដែលមាន​បញ្ហា​ត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​។ នេះ​បើតាម​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

លោក កែវ វណ្ណថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​យើង​កំពុង​ពិចារណា​រឿង​ហ្នឹង​ថា បើសិនជា​គាត់​ហួស យើង​នឹង​បន្ត​ឲ្យ​គាត់ បើសិន​ជា​គាត់​ស្របច្បាប់​»​។

ទោះយ៉ាង​ណា​លោក​ថា មកទល់​ពេល​នេះ​មិនទាន់​មាន​តួលេខ​អំពី​ចំនួន​ភ្ញៀវទេសចរ​ដែលមាន​បញ្ហា​នេះ​ទេ​។ លោក​ថា មន្ត្រី​អន្តោប្រវេសន៍​កំពុង​ធ្វើ​កិច្ចការ​នេះ​។ លោក​បញ្ជក់​ថា បើសិន​ជា​ភ្ញៀវ​ណា​មាន​បញ្ហា​បែបនេះ​សូម​ទៅរក​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​ពន្យារ ហើយ​មន្ត្រី​អនុវត្ត​ច្បាប់​នឹងធ្វើ​តាមច្បាប់​។

ស្រដៀង​គ្នា​នេះ​លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ថ្លែងថា កម្ពុជា​បាន​ហាមឃាត់​ការធ្វើដំណើរ​របស់​ជន​បរទេស​មកពី​ប្រទេស​ចំនួន​ ៦ តាម​សំណើ​របស់​ក្រសួង​សុខាភិបាល​ដែល​រួមមាន​ប្រទេស​បារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ អង់គ្លេស សហរដ្ឋ​អាមេរិក និង​ អ៊ីរ៉ង់ ប៉ុន្តែ​មិន​ហាម​ពលរដ្ឋ​ពី​ប្រទេស​ទាំងនេះ​ក្នុង​ការត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ​ទេ​។

លោក​ថ្លែងថា​៖ «​ប្រទេស​របស់​គាត់ ឬ​កន្លែង​ដែល​គាត់​ស្នាក់នៅ​គេ​ហាមឃាត់​មិន​ឲ្យ​ចូល អាហ្នឹង​ជា​បញ្ហា​របស់គាត់ យើង​ជួយ​អី​គាត់​អត់​បានទេ មាន​តែ​សម្រួល​ឲ្យ​គាត់​បន្ត​វីសា​បាន​នៅ​តទៅទៀត តែ​ប៉ុណ្ណឹង​។ ឧបមា​ថា វីសា​គាត់​អស់​សុពលភាព​ត្រឹម​កន្លះ​ខែ យើង​បន្ត​ឲ្យ​គាត់​តាម​គាត់​ស្នើសុំ​នៅ​ ១ ​ខែ តែ​ប៉ុណ្ណឹង​»​។

លោក ចាន់សិរីវុត្ថា បន្តថា ក្រុមហ៊ុន​ហោះហើរ​ក៏​គួរតែ​យោគយល់​ដល់​ភ្ញៀវទេសចរ​ផងដែរ​ក្នុង​ដំណាក់កាល​នេះ​តាមរយៈ​ការយល់ព្រម​ប្ដូរ​សំបុត្រ​យន្តហោះ​ឲ្យ​ពួកគេ បើសិន​ជា​មាន​ការ​ស្នើសុំ​៕