ភ្នំពេញៈ សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​ពី​ម្សិលមិញ​បាន​សម្រេច​តម្កល់​ទោស​ម្នាក់ៗ​ពី​ ២០ ​ទៅ​ ៣០ ​ឆ្នាំ​ចំពោះ​ជនជាប់ចោទ​ ៤ ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ជាង​ ១ ​ពាន់​ក្រាម ដែល​សាលា​ដំបូង​បាន​កាត់ទោស​កាលពី​ឆ្នាំ​ ២០១៣​។

លោក​ចៅក្រម យន់ ណារ៉ុង បាន​អាន​សាលដីកា​កំបាំង​មុខ​ក្រុម​ជនជាប់ចោទ​ពី​ម្សិលមិញ​ក្នុង​បន្ទប់​សវនាការ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ថា​៖ «​សំណុំ​រឿង​ជួញដូរ​គ្រឿងញៀន​ដែល​មាន​ជនជាប់ចោទ​ ៤ ​នាក់​គឺ​ឧទ្ធរណ៍​តម្កល់​ទោស​នៅ​ដដែល​»​។

តាម​កំណត់ហេតុ​តុលាការ​មាន​ជន​ជាប់ចោទ​ទី​ ១- ​ឈ្មោះ​ ឈៀង ជុំណូល អាយុ​ ៤៤ ​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ ប៊ូ អ៊ីវភេង ​ហៅ​លីស៊ី​អាយុ​ ៤០ ​ឆ្នាំ​ជា​ជនជាតិ​ថៃ​ជា​ថៅកែ​ភោជនីយដ្ឋាន​ឈ្មោះ​ម្លិះ​អង្គរ​នៅ​ខេត្ត​សៀមរាប​។ ទី​ ៣- ​ឈ្មោះ​ ផេង ផល ហៅ​ តឿ ភេទ​ប្រុស អាយុ​ ៤៥ ​ឆ្នាំ និង​ឈ្មោះ​ អែល វណ្ណរ៉ានី ប្រុស អាយុ​ ៣៧ ​ឆ្នាំ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន​កាលពី​ថ្ងៃទី​​ ២៧ ខែ​កុម្ភៈ ឆ្នាំ​ ២០១២ នៅ​រាជធានី​ភ្នំពេញ​។ តាម​កំណត់ហេតុ​ដដែល​បង្ហាញ​ថា​កាលពី​ថ្ងៃទី​ ២៧ កុម្ភៈ ២០១២ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​បាន​បង្ក្រាប​ជន​ជួញដូរ​គ្រឿងញៀន​ទាំង​នេះ​នៅ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ និង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន​។

ក្នុង​ការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចាប់​បាន​មនុស្ស​ចំនួន​ ៤ ​នាក់ និង​ឆែក​ឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ​៣៧៣,២ ​ក្រាម និង​មេតំហ្វេតាមីន​ចំនួន​ ២៩៦,៤ ​ក្រាម​រួម​ថ្នាំញៀន​ប្រភេទ​ WY ​ចំនួន​ ១១១៣,២ ​ក្រាម​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​ ៣ ​គ្រឿង​រថយន្ត​កាមរី​ ១ ​គ្រឿង​ និង​រថយន្ត​ឡិចស៊ីស​ ៣៣០ ​ចំនួន​ ១ ​គ្រឿង​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​បើក​សវនាការ​នៅ​ថ្ងៃទី​ ៨ ​មករា ឆ្នាំ​ ២០១៣ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៥ មករា ឆ្នាំ​ ២០១៣ ​ឲ្យ​ឈ្មោះ​ ឈៀង ជុំណូល​ជាប់​គុក​ ៣០ ​ឆ្នាំ និង​ពិន័យ​ ៦០ ​លាន​រៀល និង​ប្រពន្ធ​ឈ្មោះ​ ប៊ូ អ៊ីវភេង​ហៅ​ លីស៊ី ​ដាក់​គុក​ ២០ ​ឆ្នាំ និង​ពិន័យ​ ៤០ ​លាន​រៀល​។ ឈ្មោះ​ ផេង ផល ហៅ​តឿ និង​ឈ្មោះ​ អែល វណ្ណរ៉ានី ដាក់គុក​ម្នាក់ៗ​ ២០ ​ឆ្នាំ និង​ពិន័យ​ ៤០ ​លាន​រៀល​ចោទ​ពី​បទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​តាម​មាត្រា​ ៣២- ៤០ និង​ ៤៤ ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

កាលពី​ថ្ងៃ​ជំនុំជម្រះ​នៅ​ឧទ្ធរណ៍​ជន​ជាប់ចោទ​ឈ្មោះ​ ផេង ផល ​បាន​និយាយ​ក្នុង​សវនាការ​ថា​គាត់​ជា​ជាង​ជួសជុល​រថយន្ត និង​បាន​ស្នាក់នៅ​ជាមួយ​ឈ្មោះ ​ឈៀង ជុំណូល ជា​ឪពុកមា​របស់​គាត់​ហើយ​មុន​សមត្ថកិច្ច​ឃាត់​ខ្លួន​គាត់​គឺ​បុរស​ឈ្មោះ​បារាំង​បាន​ទូរស័ព្ទ​ឲ្យ​គាត់​បើក​រថយន្ត​ទៅ​ឲ្យ​គេ​មើល​។ ពេល​នោះ​ជន​ជាប់ចោទ​បាន​ហុច​សោ​រថយន្ត​ទៅ​ឲ្យ​ឈ្មោះ​បារាំង​ហើយ ជន​នោះ​បាន​ប្រគល់​សោ​រថយន្ត​មក​វិញ និង​បាន​ប្រគល់​កញ្ចប់​លុយ​ចំនួន​ ២ ​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ជន​ជាប់ចោទ​ឈ្មោះ​ ផេង ផល​។

ផេង ផល បាន​និយាយ​ថា​៖ «​ពេល​ប៉ូលិស​ចាប់​ខ្ញុំ​ឆែក មិន​ឃើញ​មាន​អ្វី​ទេ​តែ​ពេល​ចាប់​ខ្ញុំ​ទៅ​ក្រសួង​មហាផ្ទៃ​បាន​ ២ ​ថ្ងៃ​ទើប​បង្ហាញ​កញ្ចប់​ ១ ដល់​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា​ជា​កញ្ចប់​គ្រឿងញៀន​។ ក្រោយ​មក​ប៉ូលិស​ឲ្យ​ខ្ញុំ​ផ្តិត​មេដៃ​លើ​ក្រដាស​ស​ហើយ​ប្រាប់​ខ្ញុំ​ថា ផ្តិត​ទៅ​គេ​ឲ្យ​ទៅ​ផ្ទះ​វិញ ហើយ​ខ្ញុំ​ក៏​ផ្តិត​តាម​ទៅ​»​។

ដោយឡែក​ជន​ជាប់ចោទ​ទាំង​ ៣ ​នាក់​ផ្សេង​ទៀត​កាលពី​ថ្ងៃទី​ ៦ ​សីហា​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​សាលាឧទ្ធរណ៍​ដូចៗ​គ្នា​ថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​នគរបាល និង​តុលាការ​ទេ ព្រោះ​ពេល​ចាប់​សមត្ថកិច្ច​ឆែក​ខ្លួន​ពួកគេ​មិន​ឃើញ​មាន​អ្វី​ទេ និង​បាន​ស្នើឲ្យ​តុលាការ​ដោះលែង​ពួកគេ​វិញ​។

កាលពី​ថ្ងៃ​ជំនុំជម្រះ​នេះ​ដែរ​លោក​ព្រះរាជអាជ្ញា​ អ៊ឹម សុផាន ​ជា​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា រឿង​នេះ​ខាង​តុលាការ​បាន​កោះ​អញ្ជើញ​នគរបាល​ដែល​ចុះ​បង្ក្រាប​ឲ្យ​មក​ឆ្លើយ​តែ​គាត់​មិន​មក​តុលាការ​ទេ​ព្រោះ​តុលាការ​ចង់​ឲ្យ​គាត់​មក​បកស្រាយ​ហើយ​គាត់​ក៏​មិន​បាន​ធ្វើ​កំណត់​ហេតុ​នៅ​កន្លែង​ឃាត់​ខ្លួន និង​ឲ្យ​ជនជាប់ចោទ​ផ្តិត​មេដៃ​លើ​ក្រដាស​ស​ដូច​ការ​អះអាង​របស់​ជនជាប់ចោទ​ដែរ​ឬ​អត់​។ ​ដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិនិត្យ​ឡើង​វិញ​។

លោក​ ហេង ចាន់វុធ មេធាវី​ការពារ​សិទ្ធិ​ក្រុម​ជនជាប់ចោទ​ក៏​សន្និដ្ឋាន​ដែរ​ថា​រឿង​នេះ​មាន​វិមតិ សង្ស័យ​ច្រើន​ដូច​កូនក្តី​របស់​លោក​ប្រាប់​តុលាការ​អ៊ីចឹង​ព្រោះ​ពេល​ចាប់​ខ្លួន​ឆែក​មិន​ឃើញ​មាន​គ្រឿងញៀន​ហើយ​សមត្ថកិច្ច​ឲ្យ​ពួកគាត់​ផ្តិត​មេដៃ​ហើយ​ប្រាប់​ថា​ឲ្យ​ទៅ​ផ្ទះ​វិញ​។ ដូច្នេះ​សូម​តុលាការ​ពិចារណា​៕