ភ្នំពេញៈ នៅចំពោះមុខចៅក្រម និង មេធាវី ការពារសិទ្ធិនៃជនជាប់ចោទនៅក្នុងបន្ទប់សវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញជនជាប់ចោទឈ្មោះ ជឹម តឹក អាយុ ២៨ ឆ្នាំបានសុំអង្គជំនុំជម្រះឲ្យបន្ធូរបន្ថយទោសដែលតុលាការថ្នាក់ក្រោមសម្រេចដាក់ពន្ធនាគារ ១ ជីវិតពាក់ព័ន្ធរំលោភសម្លាប់ក្មេងស្រីម្នាក់ប្រព្រឹត្តនៅភូមិបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ ២០១៧។
ជនជាប់ចោទថ្លែងទៅកាន់ចៅក្រមពីដំណើររឿងនៃអំពើប្រព្រឹត្តរបស់គេថានៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៧ ក្មេងស្រីរងគ្រោះអាយុ ១៧ ឆ្នាំបានជិះម៉ូតូម៉ាកសង់ ១២៥ មួយគ្រឿងម្នាក់ឯងតាមភ្លឺស្រែហើយពេលនោះគាត់បានសួរទៅក្មេងរងគ្រោះថាទៅណា? ពេលនោះជនរងគ្រោះឆ្លើយតបថាទៅណាទាស់អីហ្អែងដែលគ្រាន់តែឮពាក្យសម្តីបែបនេះ គេក៏កើតមានការខឹងសម្បាហើយក៏បានទាញម៉ូតូ ជនរងគ្រោះឲ្យដួល ហើយចាប់ជនរងគ្រោះស្រាតខោតែម្តង។
ខណៈកំពុងចាប់នាងសម្រាតខោនោះ គាត់ត្រូវជនរងគ្រោះប្រតាយប្រតប់ជាមួយរហូតនាងអស់លទ្ធភាពតដៃហើយគាត់បានយកម្រាមដៃលូកខ្វេះប្រដាប់ភេទរបស់នាងបន្ទាប់ពីរំលោភបានសម្រេចមក។ ប៉ុន្តែចៃដន្យស្រាប់តែមានប្រជាពលរដ្ឋបើកគោយន្តកាត់វាលស្រែក្បែរនោះហើយម្យ៉ាងដោយខ្លាចជនរងគ្រោះស្រែកឮដល់គេផង គាត់ក៏ច្របាច់ក និងយកជើងជាន់ក្បាលពន្លិចក្នុងទឹកភក់រហូតក្មេងរងគ្រោះដាច់ខ្យល់ស្លាប់។
ក្រោយដឹងថាជនរងគ្រោះស្លាប់ហើយនោះគាត់បានទុកសាកសពនាងចោលនៅកន្លែងកើតហេតុហើយជិះម៉ូតូរបស់នាងគេចខ្លួនទៅស្រុកអូរជ្រៅ និងបន្តទៅក្រុងសិរីសោភ័ណ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ តែម្តង។
តាមកំណត់ហេតុរបស់តុលាការបង្ហាញថា សំណុំរឿងនេះត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យប្រកាសសាលក្រមនៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៨ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ ជីវិតចោទពីបទឃាតកម្មតាមបញ្ញត្តិមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសងទៅម្តាយក្មេងរងគ្រោះ ១៥ លានរៀល។
នៅក្នុងបន្ទប់សវនាការជនជាប់ចោទថា៖ «ខ្ញុំគ្មានបំណងសម្លាប់នារីរងគ្រោះទេតែដោយសារគាត់ជេរខ្ញុំហើយខ្ញុំខឹង។ ពេលខ្ញុំជាប់ពន្ធនាគារខ្ញុំដឹងកំហុសហើយខ្ញុំសុំតុលាការបន្ថយទោសខ្ញុំផង»។
លោក តាន់ សេណារ៉ុង តំណាងមហាអយ្យការសន្និដ្ឋានដោយសិក្សាលើអង្គហេតុពិនិត្យឃើញថា ជនជាប់ចោទពិតជាបានសម្លាប់ក្មេងរងគ្រោះប្រាកដមែន ហើយអំពើរបស់ជនជាប់ចោទមានលក្ខណៈឃោរឃៅយ៉ាងខ្លាំង។ ដូច្នេះការសម្រេចផ្តន្ទាទោសរបស់សាលាដំបូងខេត្តបន្ទាយមានជ័យដែលឲ្យជនជាប់ចោទជាប់ពន្ធនាគារ ១ ជីវិត គឺត្រឹមត្រូវតាមច្បាប់ហើយ។ លោកថ្លែងថាក្រោយជននេះជាប់ពន្ធនាគារប្រមាណ ១០ ឆ្នាំគង់តែច្បាប់ កំណត់សម្រាលទោសគេនៅត្រឹម ៣០ ឆ្នាំដដែល។
លោក ផា សុខា ជាមេធាវីការពារសិទ្ធិឲ្យជនចាប់ចោទបានសុំក្រុមប្រឹក្សាជំនុំជម្រះពិចារណាលើការស្នើសុំបន្ថយទោសកូនក្ដីរបស់លោក។ លោក អ៊ិន វ៉ាន់វិបុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថា សាលដីកានេះប្រកាសនៅថ្ងៃទី ២៤ ខែកុម្ភៈ ខាងមុខ៕