ភ្នំពេញៈ អតីត​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​ជាប់​ឃុំ​ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​អ្នកទោស​មនសិការ​លើ​សំណុំ​រឿង​នយោបាយ​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដោយ​ទទូច​ពី​ពន្ធនាគារ​ព្រៃស ដើម្បី​សុំ​ក្ដីមេត្តា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​អន្តរាគមន៍​ដើម្បី​លើកលែង​ទោស និង​បន្ធូរបន្ថយ​ដល់​ពួកគេ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ជា​រៀងរាល់​ឆ្នាំ​ព្រះមហាក្សត្រ​តែង​ប្រោស​ព្រះរាជទាន​លើកលែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​។

អតីតមន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ​១៥ ​នាក់​រួម​ទាំង​លោក​ អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ព្រៃស​ចន្លោះ​ពី​ ៧ ទៅ​ ២០ ​ឆ្នាំ​លើ​បទ​ចោទ​ដែល​ខ្លះ​ចាត់​ទុក​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ព្រមាន​មិន​លើកលែង​ទោស​ឲ្យ​ពួកគេ​នោះ​ទេ​។

ទោះ​យ៉ាង​ណា​ក៏ដោយ​ក៏​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​បាន​រំពឹង​ពី​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពាក់កណ្ដាល​ខែ​មេសា​នេះ សម្រាប់​ទទួល​បាន​ការ​ពិចារណា និង​ក្តីមេត្តា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​រឿយៗ​ធ្លាប់​បាន​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​នាក់​រួច​មក​ហើយ​។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​បន្ទាប់ពី​ចេញពី​សួរ​សុខទុក្ខ​មន្ត្រី និង​សកម្មជន​របស់​ពួកគេ​នៅក្នុង​ពន្ធនាគារ​ព្រៃស​កាលពី​ព្រឹក​ម្សិលមិញ អតីត​តំណាងរាស្ត្រ​ចំនួន​ ៣ ​រូប​គឺ​លោក​ អ៊ូ ច័ន្ទរ័ត្ន លោក​ ម៉ៅ មុន្នីវណ្ណ និង​លោក​ កង គឹមហាក់ បាន​ពាំនាំ​នូវ​ខ្លឹមសារ​របស់​អ្នក​ជាប់ឃុំ​ទាំង​នោះ​ចេញ​មក​ក្រៅ​។

លោក​ ម៉ៅ មុន្នីវណ្ណ ក្នុង​ចំណោម​អ្នក​ទាំង​ ៣ ​រូប​ថ្លែង​ថា​​អតីត​សកម្មជន និង​មន្ត្រី​ទាំងអស់​បាន​ទទូច​សុំ​ក្ដីមេត្តា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​លោក​ ហ៊ុន សែន​។

លោក​ថ្លែង​ថា​៖ «​អ្នកទោស​មនសិការ​ទាំងអស់​នេះ ពួកគាត់​ចង់​ផ្ដាំផ្ញើ​សំឡេង​តាមរយៈ​ពួក​ខ្ញុំ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ថា គួរ​តែ​ពិចារណា​ដល់​ពួកគាត់​។ ឥឡូវ​មាន​អ្នក​ខ្លះ​ជាប់ទោស​រហូត​ដល់​ ២ ​ភាគ​ ៣ ​ហើយ ហើយ​មាន​សាលក្រម​ជា​ស្ថាពរ​ទៀត ដូច្នេះ​សមល្មម​នឹង​ការ​លើកលែង​ទោស​ដើម្បី​ឲ្យ​គាត់​បាន​ទៅ​ជួបជុំ​គ្រួសារ ញាតិមិត្ត​របស់​ពួក​គាត់​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​»​។ «​សូម​​អំពាវនាវ​ឲ្យ​មាន​ការ​ប្រោស​ប្រណី​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្ដី ពី​ព្រះមហាក្សត្រ​ក្ដី​សូម​ឲ្យ​លើកលែង​ទោស​ឲ្យ​គាត់ ព្រោះ​ភាគច្រើន​ពួកគេ​ជា​យុវជន​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ក៏​​សម្ដែង​ការខកចិត្ត​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ពួកលោក​បាន​ជួប​សួរសុខទុក្ខ​លោក​ មាជ សុវណ្ណារ៉ា ដោយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ដាក់​បម្រាម ដោយសារ​លោក មាជ សុវណ្ណរ៉ា បាន​ធ្វើ​ខុស​នឹង​វិន័យ​ពន្ធនាគារ​ក្នុង​ការ​លួច​និយាយ​ទូរស័ព្ទ​។

ឆ្លើយបត​នឹង​សំណួរ​អំពី​ការអះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ប្រកាស​កាលពី​សប្ដាហ៍​មុន​ក្នុង​ការ​បិទផ្លូវ​ចរចា និង​មិន​លើកលែង​ទោស​ឲ្យ​ពួកគេ លោក​ ម៉ៅ មុន្នីវណ្ណ ថ្លែង​ថា​ជាទូទៅ​សូម្បីតែ​ការ​ប្រឈម​គ្នា​ដោយ​អាវុធ នៅ​ទីបំផុត​នៅ​តែ​ដោះស្រាយ​គ្នា​ដោយ​ការជជែក​ដែរ អត់​មាន​អី​ដែល​មិន​អាច​ជជែក​គ្នា​បាន​ទេ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ដោយ​ចាត់​ទុក​ការអំពាវនាវ​របស់​មន្ត្រី​បក្សប្រឆាំង​ថា​ជា​អន្ទាក់​ទៅ​វិញ​ដោយសារ​ក្រោយ​ការលើកលែង​ទោស​លោក​ ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ត្រូវ​បាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ចាត់ទុក​ថា​ជា​សម្ពាធ​នយោបាយ​។

លោក​ថ្លែង​ថា​៖ «​គាត់​សុំ​អង្វរ​តែ​ពេល​គាត់​ទាល់ច្រក អាហ្នឹង​មិនមែន​ជា​ការ​អង្វរ​ដោយ​ស្មោះត្រង់ ឬ​ទទួល​កំហុស​ទេ វា​ជា​អន្ទាក់​ដើម្បី​អូសទាញ​ធ្វើ​ម៉េច មិន​ប្រយ័ត្ន​ទេ​ប្រមុខ​រាជរដ្ឋាភិបាល​គាត់​ធ្លាក់​ចូល​ទៅក្នុង​ការ​ដែល​យក​វប្បធម៌​និទណ្ឌភាព ឬ​ថា​រឿង​នេះ​នយោបាយ​ដែល​បក្សប្រឆាំង ឬ​ក្រុម​ប្រឆាំង​កំពុង​តែ​ប្រើប្រាស់​វោហារស័ព្ទ​ថា​ជា​រឿង​នយោបាយ​ហើយ​។ តាមពិត​គេ​កាត់ទោស​ទៅ​តាម​ស្ថាន​ទម្ងន់​ទោស និង​តាម​នីតិវិធី​តុលាការ​ត្រឹមត្រូវ​មិនមែន​រឿង​នយោបាយ​ទេ​»​។

លោក​ ហង្ស វិទូ ប្រធាន​ក្រុម​អ្នកវិភាគ​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្ត្រី​នឹង​មិន​អន្តរាគមន៍​លើកលែង​ទោស​ដល់​អ្នកទោស​​នយោបាយ​ទាំង​នោះ​ទេ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ប៉ុន្តែ​លោក​ជឿ​ថា​ពួកគេ​អាច​នឹង​ត្រូវ​ដោះលែង​ក្រោយ​ការបោះឆ្នោត​ជាតិ​។ លោក​ថ្លែង​ថា​៖ «​ពួកគេ​អាច​ត្រូវ​បាន​លើកលែង​ទោស ឬ​ដោះលែង លុះត្រា​តែ​មាន​ដំណោះស្រាយ​​នយោបាយ​»៕