The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ទោស ជាង២០០ នាក់ ស្ថិត​ក្នុង​បញ្ជី​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស នៅថ្ងៃបុណ្យ​វិសាខ​បូជា​

អ្នក​ទោស ជាង២០០ នាក់ ស្ថិត​ក្នុង​បញ្ជី​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស នៅថ្ងៃបុណ្យ​វិសាខ​បូជា​

Content image - Phnom Penh Post
ក្រុមអ្នកទោសដែលជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់ ពេលសមត្ថកិច្ចបញ្ចេញឲ្យមកធ្វើពលកម្ម នាពេល​កន្លងមក។ ហេង ជីវ័ន

អ្នក​ទោស ជាង២០០ នាក់ ស្ថិត​ក្នុង​បញ្ជី​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស នៅថ្ងៃបុណ្យ​វិសាខ​បូជា​

ភ្នំពេញៈ បញ្ជី​ឈ្មោះ​ទណ្ឌិត​ចំនួន ២២៨ នាក់ នឹង​ត្រូវ​ក្រ​សួង​យុត្តិ​ធម៌ លើក​យក​មក​ពិនិត្យ​និង​វាយ​តម្លៃ នៅ​ថ្ងៃ​ចន្ទ​ ទី​២៣ ខែ​មេសា​ ​​ ដើម្បី​សម្រេច​លើ​ការ​សុំ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​ សម្រាប់​ឱកាស​បុណ្យ​វិសាខ​បូជា​ ដែល​នឹង​ឈាន​ចូល​ក្នុង​ចុង​​ខែ​មេ​សា​​នេះ​។

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក គឹម សន្តិ​ភាព​ ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ ទី ២០ ខែ​មេសា ​នេះ​ថា លោក អង្គ​ វង្ស​វឌ្ឍានា​ រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌ នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយ​នេះ​។

លោក​បាន​សរសេរ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ៖ «នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ នា​ទី​ស្តី​ការ​ក្រសួង​យុត្តិធម៌​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​ និង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរបន្ថយ​ទោស​ និង​លើក​លែង​ទោស​ ដើម្បី​ពិនិត្យ​សំណើ​សុំ​បន្ធូរ​បន្ថយ​ទោស​ និង​លើក​លែង​ទោស​ក្នុង​ឱកាស​បុណ្យ​ពិសាខ​បូជា​ ដែល​ទទួល​បាន​ពី​គណៈ​កម្ម​ការ​ថ្នាក់រាជ​ធានី​ខេត្ត​ (ពន្ធនា​គារ​ចំនួន​ ១៨​) និង​គណៈ​កម្មការ​ក្រសួង​មហា​ផ្ទៃ​ (មណ្ឌល​អប់រំ​កែប្រែ​ចំនួន​ ៤​) លើ​បញ្ជី​ទណ្ឌិត​ស្នើ​សុំ​សរុប​ ២២៨​ នាក់​ (ស្ត្រី​ ១៨​ នាក់​)»។

កាល​ពី​ដើម​ខែ​មេសា ក្រសួង​យុត្តិ​ធម៌ បាន​ពិនិត្យ​និង​វាយ​តម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ៣២១ នាក់ដើម្បី​ទទួល​បាន​ការ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ជា​លទ្ធ​ផល​ ទណ្ឌិត​ចំនួន​ ៥០ នាក់ ដែល​ក្នុង​នោះ ៨ រូប បាន​ទទួល​ការ​លើក​លែង​ទោស​ និង​ ៤២​ រូប ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស​ នៅថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​។

លោក នុត ​សាវ​នា អ្នក​នាំ​ពាក្យ​​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​នៃ​ក្រសួង​មហាផ្ទៃ ធ្លាប់​​បាន​ថ្លែង​ថា​ កម្ពុជា​​ «គ្មាន​អ្នក​ទោស​នយោ​បាយ​ទេ» ប៉ុន្ដែ​ចំពោះ​អ្នក​ទោស​ដោយ​សារ​ដីធ្លី និង​អ្នក​ទោស​ដែល​ថា​ខ្លួន​ជា​សកម្ម​ជន​អ្វី​ផ្សេង​នោះ​គឺ​ពួកគាត់​មិន​ទាន់​អនុវត្ត​ទោស​បាន​ ១ ​ភាគ​ ៣ ​នៃ​ទោស​សរុប​នៅ​ឡើយ​។ ចំណែក​ទណ្ឌិត​អាច​សុំ​លើក​លែង​​ទោស​បាន​នៅ​ពេល​ពួក​គេ​បាន​អនុ​វត្ត​ទោស​ ២ ​ភាគ ៣ ​រួច​រាល់​៕

អត្ថបទគួរចាប់អារម្មណ៍