កំពង់ឆ្នាំងៈ អ្នកទោស​ ៦០០ ​នាក់​ក្នុង​ចំណោម​អ្នកទោស​ ៨៨៤ ​នាក់​ នៅ​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលម្ង៉ៃ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីសូត្រមន្ត និង​រាប់បាត្រ​ដល់​ព្រះសង្ឃ​ ១៩ ​អង្គ ដើម្បី​ឧទ្ទិស​កុសល្យ​ផលបុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​របស់​ពួកគេ​ក្នុង​រដូវ​បុណ្យ​កាន់បិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។

លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ជា​រៀងរាល់​ឆ្នាំ​ក្នុង​រដូវ​បុណ្យជាតិ​ជា​ប្រពៃណី​ខ្មែរ អ្នកទោស​ទាំង​អស់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីសូត្រមន្ត និង​រាប់បាត្រ​ដល់​ព្រះសង្ឃ​នៅក្នុង​ពន្ធនាគារ​ដើម្បី​ឧទ្ទិស​កុសល្យ​ផលបុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការីជន​របស់​ពួកគេ​ដូច​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ​។

លោក វុទ្ធី បាន​បញ្ជាក់​ថា​៖ «​អ្នក​ជាប់ឃុំ​ទាំងអស់​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ចូលរួម​នៅក្នុង​ពិធី​សាសនា​ទៅ​តាម​ជំនឿ​របស់​ពួកគេ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ​ពិសេស​ក្នុង​រដូវ​បុណ្យជាតិ​សំខាន់ៗ​ដែល​រួមមាន បុណ្យ​ចូលឆ្នាំ​ថ្មី និង​បុណ្យ​ភ្ជុំបិណ្ឌ​»​។

បើ​តាម​លោក វុទ្ធី ពន្ធនាគារ​​គឺជា​មជ្ឈមណ្ឌល​អប់រំ និង​កែប្រែ​មនុស្ស​ដែល​ជាប់ទោស​ឲ្យ​ភ្ញាក់រឭក​ធ្វើ​អំពើ​ល្អ ដូចនេះ​ការផ្តល់​ឱកាស​ឲ្យ​អ្នកទោស​បាន​ចូលរួម​ក្នុង​ពិធី​សាសនា​គឺជា​រឿង​ដ៏ប្រពៃ​មួយ​ដើម្បី​ឲ្យ​ពួកគេ​បាន​ស្តាប់ និង​ពិចារណា​ទៅលើ​សកម្មភាព​នៃ​ការប្រព្រឹត្ត​របស់​ពួកគេ​នាពេល​កន្លងមក​តាមរយៈ​ការស្ដាប់​ព្រះធម៌ និង​ព្រះគម្ពីរ​ដែល​បាន​សម្ដែង​ឡើង​តាមរយៈ​ព្រះសង្ឃ និង​គ្រូ​គង្វាល​នៃ​សាសនា​។

លោក វុទ្ធី បាន​បន្ត​ថា​នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​មាន​អ្នកទោស​សរុប ៨៨៤ នាក់ ​ប៉ុន្តែ​អ្នកទោស ២៨៤ នាក់​ ជា​អ្នក​ប្រកាន់​តាម​សាសនា​គ្រិស្ត និង​មូស្លីម​។ ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​គឺជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​វេន​ទី​ ១០ ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ប្រពៃណី​ខ្មែរ​ដែល​ជា​អ្នក​ប្រកាន់​តាម​លទ្ធិ​ព្រះពុទ្ធសាសនា ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​ទាំងនោះ​ត្រូវ​អវត្តមាន​ក្នុង​ពិធីសូត្រមន្ត និង​រាប់បាត្រ​ដល់​ព្រះសង្ឃ​។

លោក វុទ្ធី បាន​បញ្ជាក់​ទៀតថា​៖ «​អ្នកទោស​ប្រមាណ​ ៣០ ​ភាគរយ​ ក្នុង​ចំណោម​អ្នកទោស​ ៦០០ ​នាក់ ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីសូត្រមន្ត​និង​រាប់បាត្រ​នៅក្នុង​ពន្ធនាគារ​នាព្រឹក​ថ្ងៃ​ចន្ទ​ [​ម្សិលម៉ៃ្ង​] ​បាន​អនុវត្ត​​ទោស​បាន​ប្រមាណ​ ៣ ​ភាគ​ ៤ នៃ​​ទោស​សរុប​របស់​ពួកគេ​»៕