ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​បានប្រកាស​សាជាថ្មី​ទៀត​ដល់​អតិថិជន​ទាំងអស់​ដែល​មិនទាន់មាន ID បង់​សេវា​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​ទៅ​ចុះឈ្មោះ​នៅ​​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​ដែល​មាន​ទីតាំង​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទទួលបាន ID សម្រាប់​បង់​សេវា​ថ្លៃ​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជំនួស​ដោយ​ការធ្លាប់​បង់​តាម​វិក្កយបត្រ​។

លោក នួន សំណាវុធ អភិបាល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម សំណល់​រឹង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ម្សិលមិញ​ថា​៖ «​ពាក់ព័ន្ធ​នឹង​អតិថិជន​ដែល​គាត់​ប្រើប្រាស់​ថ្លៃ​សេវា​សំរាម គឺ​ប្រើប្រាស់ លេខ ID នៅលើ​វិក្កយបត្រ​ភ្លើង​។

គាត់​អាច​យក​លេខ ID ទាំងនោះ​ទៅ​កន្លែង​បង់​ណា​ដែលមាន​ការសហការ​ដូចជា អេស៊ីលីដា ភ្នាក់ងារ​វេរ​លុយ​ទ្រូម៉ានី​ និង​វីង​ជាដើម ហើយ​បើ​គាត់​មាន​បញ្ហា​ទាក់ទង​នឹង​ការបង់ថ្លៃ​សេវា​សំរាម​អី​ទៀត​នោះ សុំ​អញ្ជើញ​គាត់​ទៅ​សាលា​រាជធានី​ជាន់​ទី​ ៦ រៀងរាល់​ម៉ោង​ធ្វើការ​»​។

យោងតាម​សេចក្តីណែនាំ​ស្តីពី​ការផ្លាស់ប្តូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​នៃ​ការបង់ថ្លៃ​សេវា​​ប្រមូល​សំរាម និង​សំណល់​រឹង​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៦ ធ្នូ ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ដើម្បី​ទំនើបកម្ម​សេវាសាធារណៈ និង​សម្រួល​ដល់​ការបង់ថ្លៃ​ប្រើប្រាស់​សេវា​ឱ្យបាន​គ្រប់​ទីកន្លែង រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ការចេញ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម និង​សំណល់​រឹង​ជា​ក្រដាស ដូច​ដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី​ដោយ​ដាក់ឱ្យ​​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បង់​ទូទាត់​តាម​មធ្យោបាយ​អេឡិចត្រូនិក​ជំនួស​វិញ​។

សេចក្ដី​ណែនាំ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​អតិថិជន​ក៏​អាច​ជ្រើសរើស​បង់ថ្លៃ​សេវា​សម្រាប់​ច្រើន​ខែ​ទុក​ជាមុន​បាន​ផងដែរ ដោយ​ប្រព័ន្ធ​ទូទាត់​នឹង​ធ្វើការ​កាត់កង និង​បង្ហាញ​សមតុល្យ​ទឹកប្រាក់​នៅសល់​ជា​ស្វ័យប្រវត្តិ​ជា​រៀងរាល់ខែ ខណៈ​ដែល​ក្នុងករណី​ខកខាន​មិនបាន​បង់​ទូទាត់​តាម​ការកំណត់​នោះ​នឹង​ត្រូវបាន​ចាត់ទុកជា​បំណុល ដែល​ជា​កម្មវត្ថុ​នៃ​ការផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ព្រមទាំង​ចាត់វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​នៅ​ថ្ងៃទី​ ១៧ ខែ​មីនា ឆ្នាំ​ ២០២០ បាន​ឲ្យ​ដឹង​សា​ជាថ្មី​ថា ចាប់ពី​ខែមីនា​នេះ​តទៅ ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ដែល​ធ្លាប់​បង់​សេវា​សំរាម​តាម​វិក្កយបត្រ ហើយ​មិនទាន់​មាន ID បង់​សេវា​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​ទៅ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​បញ្ចូល​ទិន្នន័យ និង​លេខ​សម្គាល់ ID ​របស់​អតិថិជន​សម្រាប់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ក្នុងដំណាក់កាល​អន្តរកាល​នេះ​។ ក្រោយពី​ទទួលបាន​លេខ​សម្គាល់ ID រួចហើយ ​អតិថិជន​ត្រូវ​រួសរាន់​ទូទាត់​ថ្លៃ​សេវា​សំរាម​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​ជា​កំហិត​។

សេចក្តី​ជូនដំណឹង​នោះ​បាន​ឲ្យ​ដឹងថា​៖ «​ប្រជាពលរដ្ឋ​ក្រុមហ៊ុន​ឯកជន​រួសរាន់​ធ្វើ​ទំនាក់ទំនង​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ និង​មក​បង់ថ្លៃ​ប្រមូល​សំរាម សម្រាប់​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​ ២០២០ និង​ខែ​បន្តបន្ទាប់​ទៀត​ឲ្យ​ទាន់​ពេលវេលា​ចៀសវាង​រង​ការទទួល​វិធានការ​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​»​។

ក្នុង​ឆ្នាំ​ ២០១៩ រាជរដ្ឋាភិបាល​បាន​បង្វែរ​ការបង់ថ្លៃ​សេវា​សំរាម​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​មក​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នកគ្រប់គ្រង​។ ខណៈ​ស្ថិតិ​អតិថិជន​ដែល​បាន​ចូលរួម​បង់​សេវា​មិន​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង​នោះទេ​។

លោក ហួត ហៃ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ មិនអាច​បញ្ចាក់​ពី​ស្ថិតិ​អតិថិជន​បានទេ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​សួរ​អ្នកនាំពាក្យ​សាលា​រាជធានី​​ភ្នំពេញ​។

លោក ហួត ហៃ ថ្លែងថា​៖ «​ខ្ញុំ​មិនអាច​ជម្រាបជូន​បានទេ (​ព្រោះ​) ​សាលា​រាជធានី​ភ្នំពេញ​យើង​មាន​អ្នកនាំពាក្យ ដូច្នេះ​បើ​ខ្ញុំ​និយាយ​ទៅ វា​ខុស​តួនាទី​របស់ខ្ញុំ​»​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​បានទេ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​បាន​ទេ​៕