ភ្នំពេញៈ អ្នកធ្វើការខាងព្រំដែនពីររូបត្រូវបានជនមិនស្គាល់មុខជេរប្រមាថ និងគំរាមសម្លាប់តាមបណ្តាញសង្គមជុំវិញការធ្វើកិច្ចការព្រំដែន កម្ពុជា-វៀតណាម ដែលមានភាពចម្រូងចម្រាសស្របពេលដែលសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាមនឹងត្រូវនាំខ្លួនចូលបំភ្លឺនៅសាលាឧទ្ធរណ៍លើបណ្តឹងទាស់នៅសប្តាហ៍ក្រោយនេះ។
ក្រោយពីបានចូលប្រឡូកក្នុងកិច្ចការស្រាវជ្រាវបញ្ហាព្រំដែនដែលត្រូវបានចាត់តាំងដោយរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាប្រធានក្រុមអ្នកស្រាវជ្រាវព្រំដែនកម្ពុជាបានអះអាងថា លោកបានទទួលរងការគាំទ្រជាច្រើនពីមហាជនក្នុងដំណើរការស្រាវជ្រាវនេះដើម្បីស្វែងរកលទ្ធផលបង្ហាញដល់សាធារណជនប៉ុន្តែទន្ទឹមនឹងនេះលោកក៏បានទទួលរងការរិះគន់ និងការជេរប្រមាថផងដែរពីសំណាក់សាធារណជនមួយចំនួនជាពិសេសអ្នកប្រើប្រាស់ហ្វេសប៊ុក។
លោកថា៖ «តាំងពីខ្ញុំធ្វើការហ្នឹងមកមានគេជេរជាហូរហែតែខ្ញុំមិនចាប់អារម្មណ៍នោះទេព្រោះខ្ញុំធ្វើការនេះប្រកបដោយវិជ្ជាជីវៈដើម្បីសិក្សា និងស្វែងរកនូវលទ្ធផលដាក់បង្ហាញតែប៉ុណ្ណោះ»។
យ៉ាងនេះក្តី លោក សុខ ទូច ថ្មីៗនេះក៏បានបង្ហោះជាសាធារណៈនូវសារព្រមានគំរាមសម្លាប់មួយដែលលោកទទួលបានពីអ្នកលេងហ្វេសប៊ុកដែលលោកចាត់ទុកថានេះជាការប្រមាថធ្ងន់ធ្ងរមួយចំពោះជីវិតរបស់លោក។
លោកថា៖ «លោកម្នាក់ឈ្មោះ ឌី បានជេរខ្ញុំអាឆ្កែយួនលោកម្នាក់ទៀតគាត់ផ្ញើសារមកជេរខ្ញុំហើយមានក្រុមមួយទៀតគាត់ដាក់គ្រាប់កាំភ្លើង ១០ គ្រាប់ហើយសរសេរថាទុកបាញ់ក្បាលខ្ញុំ អាបណ្ឌិតខួរក្បាលឆ្កែ អាបណ្ឌិតលក់ក្បាលឲ្យយួនហើយដាក់រូបថតខ្ញុំទន្ទឹមនឹងគ្រាប់កាំភ្លើងហ្នឹង។ ខ្ញុំទទួលបានសារគំរាមនេះនៅរសៀលថ្ងៃទី ២៩ ខែសីហា»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកស្រី ខ្លូត ធីតា បានបង្ហាញការព្រួយបារម្ភចំពោះរឿងនេះតែលោកស្រី សង្ឃឹមថាលោក សុខ ទូច នឹងអត់ធន់ហើយបំពេញការងារឲ្យបានជោគជ័យ។
លោកស្រីថា៖ «ដោយសារយើងជាអ្នកស្រាវជ្រាវយើងមិនសូវខ្វល់នឹងពាក្យមិនល្អទាំងនោះទេព្រោះកម្ពុជាទើបចាប់ផ្តើមមានហ្វេសប៊ុកតិចទៀតមានច្បាប់គឺការគំរាមបែបនោះនឹងលែងកើតមានហើយយើងមិនអាចថាពេលគេច្រឡោតយើងច្រឡោតដែរនោះទេសំខាន់យើងត្រូវធ្វើការដើម្បីជាតិសិន។ យ៉ាងនេះក្តីរាជបណ្ឌិត្យសភានឹងប្រជុំពិភាក្សារឿងនេះ»។
មិនខុសពីលោក សុខ ទូច លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានឲ្យដឹងដែរថាទាក់ទិននឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម លោកស្រីក៏ធ្លាប់ត្រូវបានសាធារណជនមួយចំនួនជេរប្រមាថតាមរយៈហ្វេសប៊ុក និងគំរាមផងដែរតែលោកស្រី គិតថារដ្ឋាភិបាលនឹងមានចំណាត់ការលើរឿងនេះ និងសង្ឃឹមថាអ្នកទាំងនោះនឹងយល់ហើយឈប់ធ្វើនូវអ្វីដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ និងកិត្តិយសរបស់លោកស្រី។
លោកស្រីថា៖ «ខ្ញុំអត់បានធ្វើខុសច្បាប់ទេរឿងដែលខ្ញុំធ្វើគឺជាការងាររបស់ខ្ញុំ។ គាត់មកគំរាមគឺមិនត្រូវទាល់តែសោះខ្ញុំមិនមែនជាអ្នកនយោបាយនោះទេខ្ញុំស្គាល់ខ្លួនឯងហើយខ្ញុំដឹងថាខ្ញុំកំពុងធ្វើកិច្ចការងាររបស់ខ្ញុំ»។
លោកស្រី ពិសី បញ្ជាក់ថាសារគំរាមមកលើលោកស្រីសរសេរថា៖ «ប្រយ័ត្នខ្លួនណា ម៉េចមីច្រម៉ក់ឯងថាលោក អ៊ុំ សំអាន ដើរកុហករឿងព្រំដែន»។
ជុំវិញការខ្វែងគំនិតគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចំពោះការប្រើប្រាស់ផែនទីបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ហោ ណាំហុង បានថ្លែងពីម្សិលមិញនៅក្រៅកម្មវិធីមួយនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានកំពុងយកបញ្ហាព្រំដែនទៅឃោសនា និងវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាទាំងឆាកជាតិ និងអន្តរជាតិ។
លោកថា៖ «ការដែលលោក អ៊ុំ សំអាន យកបញ្ហាព្រំដែនទៅឃោសនានេះដោយសារបញ្ហាអភិវឌ្ឍន៍សង្គមគេមើលឃើញទាំងអស់គ្នាបរទេសក៏ឃើញអត់មានលេសអីវាយប្រហាររាជរដ្ឋាភិបាលដូច្នេះ (អ៊ុំ សំអាន) មានតែបញ្ហាមួយហ្នឹងយកទៅធ្វើប្រធានបទឃោសនារកសន្លឹកឆ្នោត និងវាយប្រហាររដ្ឋាភិបាលប៉ុន្តែខ្ញុំសង្ឃឹមថានៅថ្ងៃខាងមុខឆាប់ៗអ្នកទាំងអស់នឹងបានភ្លឺភ្នែកអំពីអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ»។
ការអះអាងនេះធ្វើឡើងស្របពេលដែលលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងស្ថិតនៅសហរដ្ឋអាមេរិក និងបានប្រកាសថាលោកបានរកឃើញផែនទីដើមកម្ពុជាប្រភេទបោនខ្នាត ១/១០០.០០០ ចំនួន ២៦ ផ្ទាំងតម្កល់នៅបណ្តាល័យអាមេរិក។ ប៉ុន្តែផែនទីទាំងនោះត្រូវបានលោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនអះអាងថារាជរដ្ឋាភិបាលមានតាំងពី ១០ ឆ្នាំមុនមកម្ល៉េះ។
ទាក់ទិននឹងភាពចម្រូងចម្រាសនៃព្រំដែនកម្ពុជា-វៀតណាម សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ដែលបានធ្វើបទបង្ហាញពីឯកសារសន្ធិសញ្ញាកម្ពុជា វៀតណាមឆ្នាំ ១៩៧៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីពាក់កណ្តាលខែសីហាដោយចោទ ៣ បទល្មើសគឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារដែលក្លែង និងញុះញង់ឲ្យមានអសន្តិសុខ។
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវីបួននាក់ដែលការពារក្តីលោក ហុង សុខហួរ បានឲ្យដឹងកាលពីម្សិលមិញថាសាលាឧទ្ធរណ៍បានសម្រេចកោះអញ្ជើញមេធាវីចូលខ្លួនការពារក្តីក្នុងសវនាការបណ្តឹងឧទ្ធរណ៍ទៅនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីនៅថ្ងៃទី ២ ខែកញ្ញា វេលាម៉ោង ៨ ព្រឹក។
លោកថា៖ «តាមផ្លូវច្បាប់គឺជនជាប់ចោទត្រូវតែមានវត្តមានក្នុងសវនការដើម្បីតាមដាន និងដោះសាការចោទប្រកាន់។ ក្នុងករណីដែលមិនមានវត្តមានរបស់កូនក្តីក្រុមមេធាវីនឹងមិនចូលនីតិវិធីឡើយ។ ពួកយើងសង្ឃឹមថាលោក ហុង សុខហួរ នឹងអាចនៅក្រៅឃុំបាន»៕