ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល និង​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​បាន​បង្ហាញ​នូវ​ឆន្ទៈ​ប្រឆាំង​ទៅ​លើ​សារ​នយោបាយ​របស់​លោក​ សម រង្ស៊ី ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​​ស្ដីទី​នៅឯ​ក្រៅ​ប្រទេស ហើយ​បាន​ចាត់ទុក​បុគ្គល​នយោបាយ​ណា​មាន​បំណង​សុំ​ធ្វើ​សម្បទាន​នយោបាយ​វិញ​ក្រោយ​វិសោធនកម្ម​ច្បាប់​ប្រកាស​ជា​ផ្លូវការ​ថា​ជា​ការ​ប្រមាថ និង​ដាក់​សម្ពាធ​លើ​សេរីភាព​បុគ្គល​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ខេត្ត​តាកែវ​ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ១១៨ ​នាក់​កំពុង​ជាប់​បម្រាម​នយោបាយ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការលើក​ឡើង​របស់​លោក សម រង្ស៊ី គឺជា​សារ​ប្រមាថ រារាំង និង​ដាក់​សម្ពាធ​ដល់​មន្ត្រី​របស់​ខ្លួន​ដោយ​ការប្រមាថ និង​ការ​លាប​ពណ៌​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​មួយ​នេះ​មាន​ការ​បែកបាក់​គ្នា​ផង​ដែរ​។

លោក ច័ន្ទរ័ត្ន បាន​ថ្លែង​ថា​៖ «​លោក សម រស្ស៊ី គួរតែ​គោរព​ការសម្រេច​ចិត្ត​របស់​បុគ្គល​នីមួយៗ ការ​លាប​ពណ៌​គ្នា​ទៅវិញ​ទៅមក​វា​នឹង​មិន​ធ្វើឲ្យ​មាន​សេចក្តីសុខ​នៅ​ក្នុង​សង្គម​ខ្មែរ​ទេ វា​ជា​ការ​ធ្វើឲ្យ​មាន​ការ​បែកបាក់ ប្រេះឆា​គ្នា​ឥតមាន​ថ្ងៃ​បញ្ចប់​ទេ ខ្ញុំ​មិន​យល់​ពី​យុទ្ធសាស្ត្រ​អ្វី​ដែល​គាត់​ធ្វើ ការរារាំង និង​ការដាក់​សម្ពាធ​មុន​ដល់​អ្នកនយោបាយ​ប្រឆាំង​ខ្លួនឯង យើង​មិន​ចង់​ឃើញ​ការប្រមាថ និង​ការ​លាបពណ៌​បែប​នេះ​ទេ​»​។

លោក​ ច័ន្ទរ័ត្ន ​បាន​ថ្លែង​បន្ថែម​ថា​មាន​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​បាន​និង​កំពុង​ពិចារណា​ក្នុង​ការ​ស្នើសុំ​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បើ​ទោះបី​លោក សម រង្ស៊ី បាន​ព្រមាន​ថា​ជន​ណា​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​គឺជា​ជន​ក្បត់​ក៏ដោយ​។

ការលើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំង​នោះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​លើក​ឡើង​កាលពី​ថ្ងៃទី​ ២៩ ខែ​ធ្នូ ថា​មាន​មនុស្ស​ក្បត់​តែ​ ២ ​នាក់​ទេ ក្នុង​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨ នាក់​នោះ​គឺជា «​មនុស្ស​ថោកទាប ល្ងង់​មើល​ខ្លី​» ហើយ​ចាត់ទុក​ថា​បុគ្គល​ណា​ស្នើសុំ​ដក​បម្រាម​ធ្វើ​នយោបាយ​គឺជា​ការចាញ់បោក ឬ​បាន​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន (​នាយករដ្ឋមន្ត្រី​)​។

លោក សម រង្ស៊ី ក៏បាន​អះអាង​ផងដែរ​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៦ នាក់​នៅ​តែ​ស្មោះត្រង់​ដោយសារ​ពួកគេ​បាន​យល់​ច្បាស់​ថា បើ​ទៅ​ធ្វើ​នយោបាយ​ក្នុង​កាលៈទេសៈ​បែប​នេះ​គឺ​គ្រាន់តែ​ទៅ​ធ្វើ​ដើម្បី​បម្រើ​ប្រយោជន៍​លោក ហ៊ុន សែន ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តែ​ប៉ុណ្ណោះ​។

លោក​ សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​មនុស្ស​ថោកទាប ល្ងង់​មើល​ខ្លី តែ​ ២ ​នាក់​ប៉ុណ្ណោះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៦ នាក់​លើ ១១៨ នាក់​ដែល​ត្រូវ​បាន​គេ​ដកសិទ្ធិ​ធ្វើ​នយោបាយ មិន​ចាញ់បោក ឬ​មិន​លក់​ខ្លួន​ឲ្យ ហ៊ុន សែន ទេ​។ យើង​ទាំងអស់​គ្នា​ត្រូវ​ដឹង​ថា ហ៊ុន សែន មិន​អាច​ទ្រាំ​នឹង​សម្ពាធ​ពី​សហភាព​អឺរ៉ុប​បាន​ទេ ដែល​នឹង​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ជួប​ប្រទះ​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​បើ ហ៊ុន សែន មិន​ធ្វើ​តាម​ការទាមទារ​របស់​សហភាព​អឺរ៉ុប​នេះ​ទេ​»​។

ទោះជា​យ៉ាង​ណា​ក៏ដោយ​លោក គង់ គាំ អ្នក​នយោបាយ​ជើងចាស់​ដែល​ធ្លាប់​ជា​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី (SRP) ដែល​ក្រោយ​មក​ត្រូវបាន​ប្ដូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើងទៀន​នោះ​កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ត្រៀមខ្លួន​វិល​ចូល​នយោបាយ​វិញ​។ លោក​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក សម រង្ស៊ី ជា​មនុស្ស​ពូកែ​លាបពណ៌​តាមរយៈ​ការបោក​បញ្ឆោត​មន្ត្រី​សមាជិក​របស់​ខ្លួន និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកគាំទ្រ​លោក​។

លោក​បញ្ជាក់​ថា​៖ «​វា​ជា​ការបន្ទាបបន្ថោក និង​មួលបង្កាច់​ចំពោះ​ពួកយើង​ដោយសារ​តែ​ចង់​បាន​ផលប្រយោជន៍​របស់​ខ្លួន​។ លោក សម រង្ស៊ី ធ្វើការ​លាប​ពណ៌​មក​លើ​ពួកយើង​តែ​តាមពិត​លោក​ សម រង្ស៊ី​ទេ​ដែល​ថោកទាប​តាមរយៈ​ការបោក​បញ្ឆោត ប្រជាពលរដ្ឋ​ខ្មែរ និង​ក្បត់​ឆន្ទៈ​ប្រជាជន​ខ្មែរ​ដោយ​អំពាវនាវ​ដល់​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ និង​ដកហូត​ផលប្រយោជន៍​ពី​ប្រទេស​កម្ពុជា មិន​ស្មោះត្រង់​ជាមួយ​លោក​ប្រធាន​ កឹម សុខា​។ លោក​បាន​និង​កំពុង​ព្យាយាម​បំបែកបំបាក់​អតីត​សមាជិក​សង្គ្រោះជាតិ »​។

លោក គង់ បូរ៉ា តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនប្រុស​របស់​លោក គង់ គាំ កាលពី​ថ្ងៃទី​ ៣១ បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​បដិសេធ និង​បាន​រិះគន់​ពាក្យសម្តី​របស់​លោក សម រង្ស៊ី ដែល​បាន​ចោទប្រកាន់​ទៅ​លើ​រូបលោក និង​ឪពុក​របស់​លោក​ថា​ជា​ជន​ក្បត់​ដោយ​បាន​អះអាង​ថា លោក​មិន​អាច​បម្រើ​គណបក្ស​ក្បត់ជាតិ និង​ក្បត់​ប្រជាជន​បាន​ទេ​។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់ពី​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​។ ខ្ញុំ គង់ បូរ៉ា មិន​អាច​បន្ត​រួម​ដំណើរ​ក្នុង​អំពើ​ក្បត់​ប្រទេស ក្បត់​ប្រជាពលរដ្ឋ​តទៅ​ទៀត​បានឡើយ​។ បម្រើ​ប្រទេស និង​បម្រើ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​បញ្ច្រាស​ចរន្ត​ទេ​»​។

លោក កង គឹមហាក់ អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ម្នាក់​ទៀត​បាន​ថ្លែងថា​៖ «​វា​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​គាត់​ (​សម រង្ស៊ី​) ​ទេ​តែ​គាត់​មិន​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទាំងអស់​នោះ​ទេ​។ ​ខ្ញុំ​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ថា​មាន​មន្ត្រី​ប៉ុន្មាន​នាក់​នឹង​ធ្វើ​លិខិត​ស្នើសុំ យើង​រង់​ចាំមើល​ជាក់ស្តែង​ទៅ យើង​នឹង​ដឹង​ថា មាន​មន្ត្រី​ណា​ខ្លះ​ដែល​នឹង​ស្នើសុំ​ពីព្រោះ​យើង​មិន​ទាន់​ឃើញ​នរណា​មួយ​ប្រកាស​ជំហរ​ច្បាស់លាស់​នៅ​ឡើយ​។ ខ្ញុំ​មិន​ទាន់​ប្រាកដ​ដែរ ខ្ញុំ​រង់ចាំ​មើល​ស្ថានការណ៍​ជាក់ស្តែង​សិន​»​។

ចំពោះ​លោក ប៉ុល ហំម វិញ​ដែល​ជា​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ទាន់​សម្រេចចិត្ត​យ៉ាង​ណា​នៅ​ឡើយ​ទាក់ទង​នឹង​ការស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​។

ដោយឡែក​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រី​ ១១៨ ​ដែរ​នោះ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ព្រះអង្គ​ប្រកាន់​ជំហរ​ដោយ​ផ្អែក​លើ​គោលការណ៍​ ២ គឺ​លោក​នឹង​ស្នើសុំ​ការលើកលែង​បម្រាម​ហាម​ធ្វើ​នយោបាយ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ដោះលែង ហើយ​ការស្នើសុំ​លើកលែង​ត្រូវ​ធ្វើ​ឡើង​ជា​កញ្ចប់​។

ព្រះអង្គម្ចាស់​យល់​ថា​មាន​ការមិន​ចុះ​សម្រុង​គ្នា​ខ្លះ​ក្នុង​គណក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពេល​មាន​វិសោធនកម្ម​ច្បាប់​នយោបាយ​ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការធ្វើ​សម្បទាន​នយោបាយ​ឡើងវិញ និង​ដោយ​ការឡើង​កាន់​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី​។ ប៉ុន្តែ​លោក​ថា​វា​មិនមែន​ជា​បញ្ហា​ធំដុំ​ទេ​ព្រោះ​ប្រជាធិបតេយ្យ​តែងតែ​មាន​ការខ្វែង​គំនិត​គ្នា​ខ្លះ​ជាធម្មតា​។

ប៉ុន្តែ​ព្រះអង្គម្ចាស់​មិន​គាំទ្រ​ចំពោះ​ការប្រើ​ពាក្យពេចន៍​មើលងាយ​មួយ​ចំនួន​ដែល​លោក​ សម រង្ស៊ី បាន​លើក​ឡើង​ដោយ​ចោទ​អ្នក​ស្នើសុំ​លើក​បម្រាម​ថា​ជា​អ្នកក្បត់ ថោកទាប ឬ​ល្ងង់​មើល​ខ្លី ជាដើម​ដោយ​ព្រះអង្គ​ថា ការស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ឬ​មិន​ស្នើសុំ គឺជា​សិទ្ធិ​សម្រេចចិត្ត​របស់​បុគ្គល​រៀងខ្លួន​។ ព្រះអង្គ​ថ្លែង​ថា​ការចោទប្រកាន់​របស់​លោក សម រង្ស៊ី គឺជា​ភាសា​បំបែកបំបាក់​ទៅវិញ​ទេ​។

ព្រះអង្គម្ចាស់​ ធម្មិកោ​ ថ្លែង​ថា​៖ «​ខ្ញុំ​គោរព​សិទ្ធិសេរីភាព​របស់​បុគ្គល​នីមួយៗ​ក្នុង​ការ​សម្រេច​អនាគត​វាសនា​របស់​ខ្លួន​ឯង ដូច្នេះ​ខ្ញុំ​មិន​អាច​ថា​ក្បត់​អ៊ីចឹង​ទេ ខ្ញុំ​មិន​គាំទ្រ​។ ការចោទប្រកាន់ លាប​ពណ៌​នេះ​ខ្ញុំ​មិន​គាំទ្រ​ទេ​។ ខ្ញុំ​គោរព​ការសម្រេច​របស់​បុគ្គល​នីមួយៗ​ដូច្នេះ​ខ្ញុំ​មិន​គាំទ្រ​ពាក្យសម្ដី​បែប​នេះ​ទេ ជាពិសេស​ចេញ​មក​ពី​មេ​។ មេ​ត្រូវ​ប្រើ​ភាសា​បង្រួបបង្រួម​មិនមែន​ភាសា​បំបែកបំបាក់​ទេ​។ ការ​ចោទ​ថា​អ្នក​ទាំងអស់​នេះ​ជា​អ្នក​ក្បត់​ ឬ​ជា​អ្នក​ថោក​អីហ្នឹង​គឺជា​ការ​បំបែកបំបាក់​ហើយ មិនមែន​ជា​ការបង្រួបបង្រួម​ទេ ការបង្រួបបង្រួម​គឺ​ត្រូវ​គោរព​សិទ្ធិ​របស់គេ​»​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ស្រុក​បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បាន​អះអាង​ថា ក្នុង​ចំណោម​ ១១៨ ​នាក់​មាន​ប្រហែល​ជា​ ៦០ ​នាក់​ដែល​ស្មោះស្ម័គ្រ​ជាមួយ​លោក​ កឹម សុខា​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​លោក​ កឹម សុខា​ ធ្វើ​លិខិត​ស្នើសុំ​ធ្វើ​នយោបាយ​ឡើង​វិញ អ្នកគាំទ្រ​លោក​ កឹម សុខា និង​អ្នកគាំទ្រ​លោក​ សម រង្ស៊ី​មួយ​ចំនួន​ក៏​នឹង​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​ផង​ដែរ​»​។

អតីត​សមាជិក​សភា​លោក​ ម៉ៅ មុនីវណ្ណ និង​លោកស្រី​ មូរ សុខហួរ មិនអាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​៕