
រោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ នាពេលកម្មករ-កម្មការនីសម្រាក។ ផា លីណា
ភ្នំពេញៈ អ្នកនយោបាយម្នាក់ យល់ឃើញថា បើមានការផ្អាក EBA ប្រៀបបាននឹងការខឹងគោវ៉ៃរទេះខណៈដែលអ្នកវិភាគយល់ថា បើសិនសហភាពអឺរ៉ុបសម្រេចផ្អាកនោះ វាមិនត្រឹមតែមិនបានជួយកែលម្អ ឬលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាអាចរុញច្រានឲ្យស្ថានការណ៍សិទ្ធិមនុស្សប្រជាធិបតេយ្យវិលត្រឡប់ថយក្រោយទៅវិញ។
លោក គង់ គាំ ដែលបច្ចុប្បន្ន ជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ថ្លែងកាលពីថ្ងៃចន្ទថា ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺជាការខឹងគោវ៉ៃរទេះ ដោយលោកថា៖ «សហរដ្ឋអាមេរិកដក GSP សហគមន៍អឺរ៉ុបព្យួរ ឬដក EBA មានលក្ខណៈនយោបាយជ្រុល (ខឹងគោវាយរទេះ) មិនបានរាំងស្ទះអំណាច ហ៊ុន សែន ទេ តែផ្តល់ការប៉ះពាល់ផ្ទាល់ចំពោះកសិករ កម្មករ និងប្រជាពលរដ្ឋ រុញកម្ពុជា ក្នុងល្បែងប្រទាញប្រទង់សេដ្ឋកិច្ច នយោបាយ រវាងលោកខាងលិច និងចិនតែប៉ុណ្ណោះ»។
លោកថ្លែងបន្តថា៖ «អំណាច ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់ភាពឯកោពីបស្ចិមប្រទេសយ៉ាងយូរកាលពីមុន ពេលនេះ ពិតជាមានសមត្ថភាព លទ្ធភាព ជម្នះការលំបាកចំពោះមុខ ហើយសម្រេចជោគជ័យ ដូចបណ្តា-ប្រទេស ដែលគ្មានការអនុគ្រោះពន្ធពីអឺរ៉ុបដទៃទៀតដែរ»។
បន្ថែមពីលើនេះទៀត លោកបានរិះគន់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមិនទទួលបានជោគជ័យ នៅអាហ្វហ្គានីស្ថានគ្មានជោគជ័យនៅស៊ីរី ក្នុងប្រតិបត្តិការទាំងកម្លាំងបាយទាំងកម្លាំងទណ្ឌកម្ម។
លោក គង់ គាំ បានពន្យល់បន្ថែមតាមទូរស័ព្ទកាលពីម្សិលមិញថា នៅមីយ៉ាន់ម៉ា ដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាក់ស្ដែងជាងកម្ពុជា មិនទាន់ត្រូវបានប្រកាសដក EBA ដូចកម្ពុជាទេ។ ចំណែកនៅឡាវ លោកថា ជាប្រទេសកុម្មុយនីស្តបក្សតែ១ ប៉ុន្តែគេនៅតែទទួលបាន EBA។
លោកនិយាយថា៖ «បើតាមគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស (ដើម្បីបាន EBA) គួរតែមើលការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិក៏ដោយ ក៏នៅមានការ បើកច្រក ធ្វើឲ្យបរិយាកាសនយោបាយ ស្តារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សបានប្រសើរតទៅទៀតដែរ។ មិនគួរធ្វើប៉ះពាល់ដល់ជីវភាពកម្មករ កសិករទេ»។
សហភាពអឺរ៉ុប បានចាប់ផ្ដើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា គិតចាប់ពីថ្ងៃទី ១២ កុម្ភៈ ដែលដំណើរការនេះ មានរយៈពេល ១២ ខែ ប៉ុន្តែបើមានការសម្រេចដកនៅដំណាក់កាលចុងក្រោយ ការយកពន្ធនឹងចាប់ផ្ដើម ៦ ខែក្រោយការសម្រេច។
ការសម្រេចចាប់ផ្ដើមដំណើរការនីតិវិធីនៃការផ្អាកនេះ សហភាពអឺរ៉ុបសំអាងលើកត្តា ៣ សំខាន់ៗគឺ ១- សិទ្ធិនយោបាយ និងការធ្លាក់ចុះលំហសម្រាប់បក្សប្រឆាំង ដែលមានលក្ខណៈប្រជាធិបតេយ្យ និងសង្គមស៊ីវិល ២- បញ្ហាសិទ្ធិការងារ និងការរឹតត្បិតសេរីភាពនៃការជួបជុំ និងសិទ្ធិចរចា ៣- ការព្រួយបារម្ភលើដីសម្បទានសេដ្ឋកិច្ច ជាពិសេសលើវិស័យស្ករ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងតាមអុីមែលកាលពីម្សិលមិញថា ចំណុចទាំង ៣ ខាងលើនេះ មានចែងក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលកម្ពុជាបានចុះហត្ថលេខាទទួលយក ហើយប្រទេសដែលទទួលបាន EBA តម្រូវឲ្យគោរពតាមកតិកាទាំងនេះ។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍ថ្មីៗ ជាពិសេសនៅដំណាក់កាលចុងក្រោយនៃឆ្នាំ ២០១៧ និងខែដំបូងៗនៃឆ្នាំ ២០១៨ បង្ហាញឲ្យឃើញមានដំណើរថយក្រោយយ៉ាងធ្ងន់ធ្ងររបស់កម្ពុជាពាក់ព័ន្ធនឹងការគោរពគោលការណ៍នៃកតិកាទាំងនេះ»។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ក៏យល់ឃើញដូច្នេះដែរ ដោយលោកថ្លែងថា ការដក EBA វាមានតម្លៃស្មើនឹងការដាក់ពិន័យដល់កម្មករ ផលិតករ និងអ្នកនាំចេញដែលគ្មានកំហុស ប៉ុន្តែអ្នកដែលបានប្រព្រឹត្តបទល្មើសពិតប្រាកដរួចខ្លួន។
លោកបន្ថែមថា៖ «ស្ថានភាពកំពុងដល់ចំណុចខ្ពស់ ហើយនាពេលនេះ សម្រាប់ភាគីទាំងសងខាង ប៉ុន្តែគឺសហភាពអឺរ៉ុប មិនមែនលោកនាយករដ្ឋមន្ត្រីទេ ដែលជាអ្នកកាត់ក្ដីចុងក្រោយ។ លើសពីនេះ គឺនៅពេលដែលសហភាពអឺរ៉ុបរក្សាជំហររបស់ខ្លួន»។
ប៉ុន្តែលោក មាស នី អ្នកវិភាគបញ្ហាសង្គមយល់ឃើញថា នៅពេលនេះបាល់ស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចិត្តថាតើត្រូវធ្វើអ្វីបន្តទៀត ដើម្បីរក្សា EBA នេះ។
លោកថ្លែងថា កម្ពុជាមានជម្រើស ២ រួមមាន «ទី១ រដ្ឋាភិបាលនឹងធ្វើដំណើរទៅមុខ ដោយមិនខ្វល់ពី EBA ដែលជាការព្រួយបារម្ភរបស់យើង គឺប៉ះពាល់ដល់សេដ្ឋកិច្ចធំៗទៀត។ ទី២ យើងព្រួយបារម្ភពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលធ្វើឲ្យស្ថានការណ៍នយោបាយ ទំនាក់ទំនងកម្ពុជា ជាមួយអន្តរជាតិកាន់តែមានភាពរង្គោះរង្គើខ្លាំងថែមទៀត បើសិនជា វាដូចអ្វីដែលប្រមុខរដ្ឋាភិបាលធ្វើដូចអ្វីដែលមានក្នុងឯកសារបែកធ្លាយ»។
លោកបន្តថា បើមានការដក EBA នៅដំណាក់កាលចុងក្រោយ អ្នកដែលប៉ះពាល់មិនត្រឹមតែពលរដ្ឋ កម្មករ កម្មការិនីទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់មន្ត្រីធំៗ ដែលមានជំនួញពាក់ព័ន្ធនឹង EBA នេះផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការព្យួរ ឬដក EBA ពីកម្ពុជាទំនងជាមិនអាចធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឬនីតិរដ្ឋមានភាពប្រសើរឡើងទេ ផ្ទុយទៅវិញវាអាចនឹងមានលទ្ធផលផ្ទុយ។
លោកថ្លែងថា៖ «វាមិនត្រឹមតែមិនបានជួយកែលម្អ ឬលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ប៉ុន្តែអាចរុញច្រានឲ្យស្ថានការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យវិលត្រឡប់ឬដើរថយក្រោយទៅវិញទេ ពីព្រោះយើងឃើញថា ជាមួយលក្ខខណ្ឌ EBA សហគមន៍អឺរ៉ុបក្តី ឬសហគមន៍អន្តរជាតិក្ដីអាចជជែកគ្នាតិច ឬច្រើនជាមួយរដ្ឋាភិបាល ដើម្បីបំពេញចំណុចខ្វះខាតនានា។ ប៉ុន្តែបើសហភាពអឺរ៉ុប សម្រេចដក EBA នោះសហភាពអឺរ៉ុបគ្មានទឹកមាត់ប្រៃអ្វី ទៅនិយាយជាមួយរដ្ឋាភិបាល ឬមានលក្ខខណ្ឌណាមួយ ដើម្បីកែលម្អចំណុចដែលខ្លួនយល់ថា ខ្វះខាត»។
លោកយល់ឃើញថា ប្រសិនបើមានការដកនោះ អ្នកដែលទទួលរងនៅដំណាក់កាលដំបូង គឺកម្មករនិងអ្នកអាស្រ័យជាមួយពួកគេ។ សម្រាប់រដ្ឋាភិបាលវិញវាមិនអាស្រ័យលើ EBA ទេ ក្នុងការមានលុយគ្រប់គ្រាន់ សម្រាប់បើកប្រាក់ខែឲ្យ មន្ត្រីរាជការ។ រដ្ឋាភិបាល ក៏នឹងធ្វើកំណែទម្រង់ ដើម្បីទប់នឹងឥទ្ធិពលនៃការដក EBA នេះ។
ពាក់ព័ន្ធនឹងការផ្ដល់ EBA សម្រាប់កម្ពុជា ដោយភ្ជាប់លក្ខខណ្ឌប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនេះ លោក គិន ភា ថា សហភាពអឺរ៉ុប ហាក់ដើរប្រាសចាកពីគោលការណ៍របស់ខ្លួន ដែលមានគោលដៅជួយដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោកថ្លែងថា៖ «យើងនិយាយតាំងពីដើម EBA ជារបៀបវារៈនយោបាយ ជាជាងការជួយដោយសុទ្ធចិត្តសម្រាប់វិបុលភាពនៃប្រជាជន ក្នុងបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួច ឬ LDC។ ស្មារតីដើមគឺជួយពលរដ្ឋក្នុងប្រទេស LDC មានជីវភាពប្រសើរឡើង ដោយមិនភ្ជាប់លក្ខខណ្ឌប្រជាធិបតេយ្យ ឬសង្គមនិយមទេ បើនិយាយពីប្រជាធិបតេយ្យនិងសង្គមនិយមកុម្មុយនីស្ត ប្រហែលឡាវ មិនទទួលបាននូវ EBA ទេ។ ប៉ុន្តែ EBA បានដើរផ្ទុយពីស្មារតីដើមរបស់ខ្លួន ដោយភ្ជាប់របៀបវារៈនយោបាយ។ យើងប្រៀបធៀបតែជាមួយឡាវ យើងអាចយល់បានហើយ»។
លោកស្រី Kohe Hasan គឺជាដៃគូនៃក្រុមហ៊ុនច្បាប់អន្តរជាតិ ឈ្មោះថា Reed Smith ដែលមានជំនាញក្នុងទីផ្សារដែលទើបងើបឡើងរួមមាននៅកម្ពុជាដែរនោះ បានថ្លែងថា កម្ពុជាតាមពិតមានរឿងជោគជ័យមួយក្រៅពីរឿង EBA ក្នុងវិស័យកាត់ដេរ។ តាមរយៈគម្រោង «រោងច្រកកាន់តែប្រសើរ» កម្ពុជាបានគោរពយ៉ាងជោគជ័យនូវស្ដង់ដារអន្តរជាតិរបស់ ILO។
លោកស្រីថ្លែងថា៖ «វាពិតជាគួរឲ្យអកុសលណាស់ ដែល(បើមាន)ការដកប្រព័ន្ធ EBA អាចនឹងធ្វើឲ្យរោងចក្រកាត់ដេរយ៉ាងច្រើនប្រឈមនឹងហានិភ័យ»៕