ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា ស្ថានភាព​នៃ​ការបិទ​ចរាចរណ៍​ឆ្លងកាត់​ខេត្ត​ទូទាំង​ប្រទេស​មាន​លក្ខណៈ​ល្អប្រសើរ ខណៈ​ខេត្ត​កំពង់ឆ្នាំង​មាន​ប្រជាពលរដ្ឋ​ដែល​ចូល​មកពី​ក្រៅ​មូលដ្ឋាន​ជាង ១៥០ នាក់ ប៉ុន្ដែ​ត្រូវបាន​យកទៅ​ធ្វើ​ចត្តាឡីស័ក​ទាំងអស់​គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ។

កាលពី​ថ្ងៃទី ៦ មេសា រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ការចេញចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ទូទាំង​ប្រទេស លើកលែង​តែ​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ ១៩។

លោក ខៀវ សុភគ៌ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ក្នុង​ការផ្អាក​ការធ្វើ​ដំណើរ​ឆ្លងកាត់​ការចេញចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ គឺ​ស្ថានភាព​នៃ​ការធ្វើដំណើរ​ទូទាំង​ប្រទេស​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន។

លោក​បន្តថា ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​នេះ ក៏​ព្រោះ​តែ​មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ភាគច្រើន បើទោះ​ជា​មាន​ពលរដ្ឋ មួយ​ចំនួន​តូច​នៅ​តែ​បំពាន​យ៉ាងណា​ក៏ដោយ។

លោក​បញ្ជាក់ថា៖ «យើង​មិន​ទទួល​បាន​ព័ត៌មាន ជុំវិញ​ការពិបាក​ក្នុង​ការអនុវត្ត​វិធាន​នេះ ដែល​ថា​ពលរដ្ឋ លោក មិន​ស្តាប់​តាម​នោះ​ទេ។ ជាទូទៅ សភាពការណ៍ គឺ​ល្អប្រសើរ​ទាំងអស់ អត់​មាន​អី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ»។

ជាមួយ​នឹង​ការបិទ​ចរាចរណ៍​នេះ​លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី ១១ មេសា​នេះ​មាន​ពលរដ្ឋ ១៥១ នាក់​ត្រូវ​បាន​នាំចូល​ទៅធ្វើ​ចត្តាឡីស័ក បន្ទាប់ពី​ពួកគេ​បាន​ត្រឡប់​មកកាន់​មូលដ្ឋាន​នៃ​ខេត្ត​នេះ។

លោក​បន្តថា៖ «អ្នក​ដែល​យើង​នាំទៅ​ធ្វើ​ចត្តាឡីស័ក​នេះ គឺ​ពួកគាត់​ធ្វើការ​នៅ​ភ្នំពេញ តែ​ពួកគាត់​បាន​មកលេង​ស្រុកកំណើត។ យើង​បានកំណត់​ហើយ​ថា អ្នក​ដែល​ចូល​មូលដ្ឋាន​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ គឺត្រូវធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ។ តែ​ពួកគាត់​មិន​ដឹង ដូច្នេះ​យើង​បាន​នាំយក​ពួកគាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​អស់ហើយ»។

តាម​លោក ប្រាក់ វ៉ុន គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ គឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ តែ ២ នាក់​ប៉ុណ្ណោះ​នៅក្នុង​ខេត្ត​នេះ ខណៈ​អ្នក​កំពុង​ធ្វើការ​ចត្តាឡីស័ក​ទូទាំង​ខេត្ត គឺ​មាន​ជិត ២០០ នាក់៕