
លោក សម រង្ស៊ី នៅរដ្ឋសភាកាលពីឆ្នាំ ២០១៥។ ហេង ជីវ័ន
ភ្នំពេញៈ លោក សម រង្ស៊ី កាលពីម្សិលមិញបានអំពាវនាវទៅថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ពិសេសអ្នកចង់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកុំចាញ់សម្លុត និងការបោកបញ្ឆោតរួចទៅបម្រើនយោបាយរដ្ឋាភិបាលជាអ្វីដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលថា ជាការចាប់សមាជិកខ្លួនជាចំណាប់ខ្មាំងដើម្បីអំណាចផ្ទាល់ខ្លួន។
តាមលិខិតមួយពីទីក្រុងប៉ារីសប្រទេសបារាំងលោក សម រង្ស៊ី ចោទលោកនាយករដ្ឋមន្ត្រីថាមានបំណងចង់បំបែកអតីតគណបក្សសង្គ្រោះជាតិ ដើម្បីទៅប្រាប់សហគមន៍អន្ដរជាតិថាមានថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានមកចុះចូលគាត់ ដូច្នេះមិនចាំបាច់តម្រូវគាត់បើកផ្លូវគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញតាមសំណើរបស់សហគមន៍អន្ដរជាតិទេ។
លោកបានបន្ថែមថាអ្នកដែលទទួលសិទ្ធិពីរដ្ឋាភិបាលកម្ពុជាឲ្យធ្វើនយោបាយឡើងវិញក៏មិនដឹងជាធ្វើយ៉ាងម៉េចទេ ក្នុងគ្រាដែលអតីតគណបក្សសង្គ្រោះជាតិត្រូវគេរំលាយ ហើយប្រធានគណបក្សគឺលោក កឹម សុខា ត្រូវគេចាប់ឃុំឃាំងនោះ។
លោក សម រង្ស៊ី បានបន្ដថា៖ «ដូច្នេះសម្រាប់អ្នកដែលទទួលសិទ្ធិពី ហ៊ុន សែន គ្មានផ្លូវណាធ្វើនយោបាយតទៅទៀតក្រៅពីទៅបម្រើនយោបាយ ហ៊ុន សែន ដោយផ្ទាល់ ឬដោយប្រយោល» ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានហៅការចេញលិខិតរបស់លោក សម រង្ស៊ី ពេលនេះថាជាការវាយប្រហាររដ្ឋាភិបាល និងជាយុទ្ធសាស្ដ្រនៃការឃោសនាដើម្បីបោកបញ្ឆោត ភូតភរកុំឲ្យមានអ្នកចូលរួមកសាងជាតិដោយលោកចាត់ទុកជាចលនា និងជារដ្ឋប្រហាររបស់លោក សម រង្ស៊ី ដែលបំផ្លាញអតីតគណបក្សសង្គ្រោះជាតិ។
លោកបានបញ្ជាក់ថា៖ «សម រង្ស៊ី ទេ ជាអ្នកបំបែកបំបាក់អតីតគណបក្សសង្គ្រោះជាតិ...ដោយសារគាត់បានបង្កើតចលនាសង្គ្រោះជាតិហើយបានធ្វើរដ្ឋប្រហារដណ្តើមយកប្រធានស្តីទីដែលខុសពីលក្ខន្តិកៈផ្ទៃក្នុងរបស់គាត់។ គាត់ហ្នឹងហើយគឺជាអ្នកបំផ្លាញ និងធ្វើរដ្ឋប្រហារ អតីតគណបក្សសង្គ្រោះជាតិ»។
លោកបញ្ជាក់ថា៖ «នេះវាបង្ហាញពីភាពទាល់ច្រករបស់ សម រង្ស៊ី...វាជាពេលវេលាឱសានវាទរបស់ សម រង្ស៊ី ហើយ»។
លោក ផៃ ស៊ីផាន បានលើកឡើងថាលោក សម រង្សី បានយកមន្ត្រី [សមាជិក ១១៨] របស់គាត់ធ្វើជាចំណាប់ខ្មាំងដើម្បីអំណាចផ្ទាល់ខ្លួនហើយទង្វើរបៀបនេះបង្ហាញថា គាត់មិនគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ។
បើតាមលោក ផៃ ស៊ីផាន ឥរិយាថបែបនេះបានបង្ហាញថាលោក សម រង្ស៊ី កំពុងអស់សង្ឃឹមដោយសារការធ្វើវិសោធនកម្មច្បាប់នៃគណបក្សនយោបាយដែលបើកចំហឲ្យមន្ត្រីទាំង ១១៨ នាក់មានលទ្ធភាពស្នើសុំទៅនាយករដ្ឋមន្ត្រីដើម្បីស្នើសុំការលើកលែងទោសទៅព្រះមហាក្សត្រក្នុងបំណងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកបានបញ្ជាក់ថា៖ «គាត់បានប្រឆាំងនឹងសិទ្ធិសេរីភាពរបស់មន្ត្រីរបស់គាត់ក្នុងការជ្រើសរើសហាក់បីដូចជាខ្មែរក្រហមដែលបានលើកឡើងថាអ្នកណាដែលមិននៅជាមួយគាត់គឺជាខ្មាំង ហើយត្រូវតែសម្លាប់ចោល ដូច្នេះវាបង្ហាញទិដ្ឋភាពផ្តាច់ការរបស់ សម រង្ស៊ី»។
លោក ផៃ ស៊ីផាន បានអះអាងថា៖ «អ្នកទាំងអស់នោះអាចមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតក៏ដូចជាឲ្យពួកគេអាចបោះឆ្នោតឲ្យនរណាមួយ។
ពួកគេមានសិទ្ធិចូលរួមនយោបាយហើយអាចបង្កើតគណបក្សនយោបាយបាន ឬក៏ចូលរួមជាមួយនឹងគណបក្សនយោបាយដទៃទៀតបាន»។
ទាក់ទងនឹងនីតិវិធិនៃការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់កាលពីថ្ងៃពុធថា ករណីនេះលុះត្រាណាតែបុគ្គលដែលជាប់បម្រាមដោយតុលាការកំពូលសម្រេចដាក់សំណើទៅកាន់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមុនសិន ប៉ុន្តែមិនសំដៅតែលើមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទេ។
លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា៖ «យើងធ្វើនេះគឺមិនសំដៅលើបក្ស ឬក្រុមណាមួយទេ ធ្វើនេះគឺសំដៅលើបក្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រោះថា នៅក្នុងច្បាប់ស្ដីពីពន្ធនាគារបានអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីសុំលើកលែងទោសឲ្យទណ្ឌិត នៅពេលណាក៏បាន និងទាក់ទងជាមួយច្បាប់ អ្នកជាប់គុកគឺអនុញ្ញាតបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីធ្វើការសុំទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានទោសនៅពេលណាក៏បានដែរ»៕