The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​នាំ​ពាក្យ​ថា​ ​ការ​បន្ត​ចល័ត​រថក្រោះ​ជា​ការ​សម្រួល​កងទ័ព

អ្នក​នាំ​ពាក្យ​ថា​ ​ការ​បន្ត​ចល័ត​រថក្រោះ​ជា​ការ​សម្រួល​កងទ័ព

រថក្រោះ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​នៅ​ព្រំដែន​ព្រះវិហារ​ត្រៀម​ចូល​ក្រុង​ដើម្បី​ជួសជុល​។
រថក្រោះ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​នៅ​ព្រំដែន​ព្រះវិហារ​ត្រៀម​ចូល​ក្រុង​ដើម្បី​ជួសជុល​។ រូបថត ហ្វេសប៊ុក

អ្នក​នាំ​ពាក្យ​ថា​ ​ការ​បន្ត​ចល័ត​រថក្រោះ​ជា​ការ​សម្រួល​កងទ័ព

ភ្នំពេញៈ នា​រយៈពេល​ថ្មីៗ​នេះ​សម្ភារយោធា​រួមមាន​ទាំង​រថក្រោះ និង​រថពាស​ដែក​ផង​ត្រូវ​បាន​គេ​​ឃើញ​ដឹក​​តាម​ផ្លូវ​​​មួយ​ចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ​ស្រប​ពេល​ដែល​​ស្ថានភាព​​នយោបាយ​កំពុង​​​មាន​ភាព​តានតឹង​ដែល​ធ្វើ​ឲ្យ​សាធារណជន​មាន​ក្តីបារម្ភ​​ក៏ដោយ​ក៏​​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា​ការ​សម្រួល​កងទ័ព​​​តាម​ផែនការ​ទៀងទាត់​ប៉ុណ្ណោះ​។

នៅ​លើ​ហ្វេសប៊ុក​កាលពី​ព្រឹក​ម្សិលមិញ​មាន​វីដេអូឃ្លីប​បង្ហាញ​​ថា​កងទ័ព​ដឹក​សម្ភារ​យោធា​ទៅ​ភាគ​ខាង​ជើង​​នៃ​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​ ៦​ ក្នុង​ខេត្ត​កំពង់ចាម​ខណៈ​មាន​រូបថត​ផ្សេង​ទៀត​ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី ២៦​ ខែ​កក្កដា​បាន​អះអាង​ថា​រថក្រោះ​ជិត ​១០០​ គ្រឿង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ ថៃ ត្រៀម​ខ្លួន​ចូល​ក្រុង​ដើម្បី​ជួសជុល​។

កាលពី​ដើម​សប្តាហ៍​មុន​ក៏​មាន​ឃើញ​ការ​ចែកចាយ​តៗ​គ្នា​នៃ​​វីដេអូ និង​រូបភាព​នៃ​​​​ការ​ដឹក​សម្ភារ​យោធា​រួម​ទាំង​រថពាស​ដែក និង​រថក្រោះ​ត្រូវ​បាន​ដឹក​មក​រាជធានី​ភ្នំពេញ​ផង​ដែរ​។

អ្នក​នាំពាក្យ​ក្រសួង​​ការពារ​ជាតិ​លោក ឈុំ សុជាតិ ​បាន​បញ្ជាក់​​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​រថក្រោះ​ទាំងអស់​» គឺ​ត្រូវ​បាន​ដឹក​ត្រឡប់​មក​មូលដ្ឋាន​វិញ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ដើម្បី​ជួសជុល​ខណៈ​ដែល​នៅ​តំបន់​ព្រំដែន​​ដែល​ធ្លាប់​ប៉ះទង្គិច​គ្នា​ជា​មួយ​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ​ត្រូវ​បាន​ស្ងប់ស្ងាត់​។

លោក សុជាតិ ក៏​បាន​​បញ្ជាក់​ថា​កងទ័ព​ដែល​ប្រចាំការ​នៅ​ព្រំដែន​ដូចជា​កងអង្គរក្ស​​របស់​លោក​នាយករដ្ឋមន្រ្តី​ក៏​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​​ដែរ​ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​សកម្មភាព​​នេះ​មិន​ពាក់ព័ន្ធ​​ទៅ​នឹង​​​ស្ថានភាព​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​ទេ​ប៉ុន្តែ​គឺ​ដោយសារ​ទំនាក់ទំនង​ប្រសើរ​ឡើង​រវាង​កម្ពុជា​ និង​ថៃ​។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក ឈុំ សុជាតិ បាន​ថ្លែង​ថា​សកម្មភាព​នេះ​គឺជា​ផ្នែក​មួយ​នៃ​​ការ​សម្រួល​ទ័ព​ដែល​ជា​ធម្មតា​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​បី​ខែ​ម្តង​ប៉ុន្តែ​ពេល​ខ្លះ​យូរ​ជាង​នេះ​ប្រសិន​បើ​​សុខភាព​របស់​កងទ័ព​ជួរ​មុខ​មិន​មាន​បញ្ហា​។

លោក​បាន​​ថ្លែង​ជា​ដដែល​ថា​ វា​មិន​ពាក់ព័ន្ធ​នឹង​ «​បញ្ហា​សន្តិសុខ​ទេ»​។ លោក​បន្ត​ថា​៖ «​​យើង​កំពុង​​បញ្ជូន​ជួរ​ក្រោយ​ទៅ​ជួរ​មុខ​ ​និង​ជួរ​មុខ​មក​ជួរ​ក្រោយ​ដោយសារ​កម្លាំង​របស់​យើង​ដែល​ប្រចាំការ​នៅ​​ព្រំដែន​​មាន​លក្ខណៈ​ខ្សោយ​​ជាង​មុន​»។ ​

លោក​បន្ថែម​ថា ​កម្លាំង​ដែល​​បញ្ជូន​ត្រឡប់​មក​វិញ​នេះ​នឹង​​ទទួល​ការ​បណ្តុះ​បណ្តាល​​​​ឡើង​វិញ​​នៅ​បញ្ជា​ការដ្ឋាន​របស់​ពួកគេ។ លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​​នេះ​គឺ​ធម្មតា​ទេ​ប្រទេស​នីមួយៗ​គឺ​ដូច​នេះ​»។

ទោះ​យ៉ាង​ណា​ក្តី​ប្រភព​​ការទូត​មួយ​ដែល​ត្រូវ​បាន​គេ​ផ្តល់​ព័ត៌មាន​សង្ខេប​ជា​ទៀងទាត់​អំពី​កិច្ចការ​យោធា​បាន​ថ្លែង​ថា​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​កម្រ​ផ្លាស់ប្តូរ​ទ័ព​​បែប​នេះ​ណាស់​។​

ប្រភព​នេះ​​ថ្លែង​ថា​៖ «​​ពួកគេ​​មិន​ធ្វើការ​ផ្លាស់ប្តូរ​ទ័ព​ទៀងទាត់​ទេ​»។ ​ប្រភព​នេះ​បន្ត​ថា​ការ​បង្ហាញ​វត្តមាន​យោធា​​​អាច​ដើម្បី​គ្រប់គ្រង​បាតុកម្ម​ណា​មួយ​​ ឬ​បំបាក់​ទឹកចិត្ត​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​»។

ខណៈ​​ស្ថានភាព​នយោបាយ​មាន​លក្ខណៈ​​ដុនដាប​​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​មួយ​ចំនួន​រួម​ទាំង​​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​លោក ​ទៀ បាញ់ បាន​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក​ដោយ​ចាត់​ទុក​ក្រុម​គណបក្ស​ប្រឆាំង​ថា​​ជា​ការ​គំរាម​កំហែង​​ដល់​ស្ថិរភាព។

ខណៈ​មេដឹកនាំ​របស់​ខ្លួន​កំពុង​​តែ​ទទួល​រង​រឿងក្តី​តុលាការ​ដែល​​មជ្ឈដ្ឋាន​​មួយ​ចំនួន​បាន​រិះគន់​យ៉ាង​ខ្លាំង​​ថា​ជា​រឿង​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​គំរាម​​ធ្វើ​មហាបាតុកម្ម​​ប្រសិន​បើ​អាជ្ញាធរ​ចាប់​ខ្លួន​​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​​ចាប់​តាំងពី​ខែ​ឧសភា​​មក​។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង មិន​ជឿ​​ចំពោះ​ការ​ពន្យល់​របស់​​ក្រសួង​ការពារ​ជាតិ​​អំពី​វត្តមាន​យោធា​នា​ពេល​ថ្មីៗ​​នេះ​ទេ​ប៉ុន្តែ​លោក​ថ្លែង​ថា​លោក​នឹង​ «​ចាំ​មើល​» ថា​តើ​សម្ភារ​ និង​ទាហាន​​ទាំង​នោះ​​​នឹង​ត្រូវ​បាន​​​ប្រើ​ក្នុង​លក្ខណៈ​ត្រឹមត្រូវ​ឬ​អត់?​

លោក​​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​យើង​គាំទ្រ​​ប្រសិន​បើ​​កម្លាំង​ទាំង​នោះ​​ត្រូវ​បាន​ប្រើ​​ដើម្បី​ការពារ​​​ដែនដី​ ​និង​សុខដុមរមនា​​របស់​ប្រជាជន​ប៉ុន្តែ​ប្រសិន​បើ​​វា​ត្រូវ​បាន​ប្រើ​​ដើម្បី​បំភិត​បំភ័យ​យើង​មិន​គាំទ្រ​ទេ​»៕ PS

អត្ថបទគួរចាប់អារម្មណ៍