ភ្នំពេញ៖ នៅពេលនេះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ ដែលនេះបង្ហាញថា ប្រជាពលរដ្ឋភាគច្រើនបានយល់ច្បាស់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីបិទបញ្ចប់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ។ នេះបើតាមប្រសាសន៍លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ នេះ។
លោកបានថ្លែងថា៖ "នៅពេលនេះ ក្រុមកម្លាំងសមត្ថកិច្ចយើងកំពុងបន្ត ដាក់ពង្រាយកងកម្លាំងនៅតាមគោលដៅមួយចំនួន ដើម្បីអនុវត្តវិធានការរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ជាមួយគ្នានេះ យើងពិនិត្យឃើញលំហូរចរាចរណ៍ឆ្លងកាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងព្រំប្រទល់ខេត្តកណ្ដាលមានភាពស្ងប់ស្ងាត់"។
លោកបានបន្តថា ទោះយ៉ាងណាប្រជាពលរដ្ឋនៅតែអាចធ្វើចរាចរទៅមកក្នុងតំបន់មូលដ្ឋានរបស់ខ្លួន ដើម្បីទិញស្បៀងអាហារ និងថ្នាំសង្កូវ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ ឬស្វែងរកសេវាព្យាបាលក្នុងករណីមានសមាជិកគ្រួសារណាម្នាក់មានជំងឺ ដែលត្រូវការព្យាបាលបន្ទាន់ ដោយគ្រាន់តែបង្ហាញលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ទៅដល់កងកម្លាំងដែលឈរជើងនៅប៉ុស្តិ៍គោលដៅត្រួតពិនិត្យ ដើម្បីសម្របសម្រួលជូន។
លោកបានបន្ថែមថា៖ "រហូតមកទល់ពេលនេះនៅមិនទាន់មានពលរដ្ឋណាម្នាក់ត្រូវបានចាប់ឃាត់ខ្លួនដោយសារល្មើសបម្រាមគោចរ ឬវិធានការនេះនៅឡើយទេ"។
វិធានការបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការចម្លងកូវីដ ១៩ ចាប់ពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី ២៨ មេសាខាងមុខ គឺមានរយៈពេល ២ សប្តាហ៍។ វិធានការនេះ បន្ទាប់ពីជំងឺកូវីដរាតត្បាតសឹងតែគ្រប់ខណ្ឌទាំងអស់នៅភ្នំពេញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកបំពេញការងារជាចាំបាច់ និងកន្លែងផ្គត់ផ្គង់ចំណីអាហារនៅបើកលក់ធម្មតាក្នុងកម្រិតអនុវត្តតាមវិធានការសុខាភិបាល ៣ ការពារ ៣ កុំ និងរក្សាគម្លាតសុវត្ថិភាព៕