The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​នាំពាក្យ​ហៅ​អ្នក​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ជប៉ុន​ ​ជា​ «​ក្រុម​សំរាម​»

អ្នក​នាំពាក្យ​ហៅ​អ្នក​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ជប៉ុន​ ​ជា​ «​ក្រុម​សំរាម​»

Content image - Phnom Penh Post
អ្នក​ចូលរួម​ស្វាគមន៍​លោក ហ៊ុន សែន នៅ​អាមេរិក​។ រូប ហ្វេសប៊ុក SPM

អ្នក​នាំពាក្យ​ហៅ​អ្នក​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ជប៉ុន​ ​ជា​ «​ក្រុម​សំរាម​»

ភ្នំពេញៈ បន្ទាប់ពី​បាតុកម្ម​លើ​ទឹក​អាមេរិក ដើម្បី​ប្រឆាំង និង​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ត្រូវបាន​បញ្ចប់​បាតុកម្ម​មួយ​ទៀត​នឹង​ត្រូវ​ផ្ទុះ​ឡើង​ជាថ្មី​លើ​ទឹកដី​ប្រទេស​ជប៉ុន ដើម្បី​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចូលរួម​ជំនួប​កំពូល​មេគង្គ-ជប៉ុន នៅ​ចុង​សប្ដាហ៍​នេះ​ជា​បាតុកម្ម​ដែល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចាត់​ទុក​ថា​ធ្វើ​ឡើង​ដោយ​ «​ក្រុម​សំរាម​» ​ដែល​អាច​ត្រឹមតែ​ធ្វើ​សកម្មភាព​តាម​ចិញ្ចើមផ្លូវ​។

តាម​ការគ្រោងទុក​លោក ហ៊ុន សែន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ១០ ខែ​តុលា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ជប៉ុន លើក​ទី​ ១០ ជាមួយ​បណ្ដា​មេដឹកនាំ​ក្នុង​តំបន់​ផ្សេង​ទៀត​ដែល​គ្រោង​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​តូក្យូ​ចន្លោះ​ពី​ថ្ងៃ​ទី​ ៨ ដល់​ថ្ងៃទី​ ៩ ខែ​តុលា​ខាង​មុខ​។

ពលរដ្ឋ​ខ្មែរ​ក៏​គ្រោង​ធ្វើ​បាតុកម្ម​ផ្សេង​ទៀត​លើ​ទឹកដី​អឺរ៉ុប ដើម្បី​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ដូច​គ្នា​នាឱកាស​ដែល​លោក ហ៊ុន សែន គ្រោង​ទៅ​ចូលរួម​ជំនួប​កំពូល​អឺរ៉ុប-អាស៊ាន​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃទី ១៩ ខែ​តុលា​ផង​ដែរ​។ នេះ​បើ​តាម​ការប្រកាស​របស់​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី លើ​ទំព័រ​ធ្វីធើរ​របស់​លោក​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ ៤ ​ថ្ងៃ​លើ​ទឹកដី​អាមេរិក​កាលពី​សប្ដាហ៍​មុន​ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​ ៧៣ ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​កិច្ចប្រជុំ​ផ្សេង​ទៀត​លោក ហ៊ុន សែន បាន​ពើបប្រទះ​នឹង​បាតុកម្ម​ប្រឆាំង​តវ៉ា​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ដែល​ក្រុមប្រឆាំង​ចាត់​ទុក​ថា​ជា​ «​ការបោះឆ្នោត​ក្លែងក្លាយ​» និង​ក៏​មាន​ការប្រមូលផ្តុំ​គាំទ្រ​ស្វាគមន៍​រូបលោក​ផង​ដែរ​។

លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន និង​ជា​អ្នករៀបចំ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ និង​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន​នឹង​ចូលរួម​ធ្វើ​បាតុកម្ម​ដើរ​ក្បួន​ក្នុង​ទីក្រុង​តូក្យូ ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ ហ៊ុន សែន​។

លោក​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ និង​នាយករដ្ឋមន្ត្រី​មិន​ស្រប​ច្បាប់ និង​មិន​ពេញ​ចិត្ត​នឹង​វត្តមាន​លោក ហ៊ុន សែន មក​ចូលរួម​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ​ក្នុង​មហាសន្និបាត​មេគង្គ-ជប៉ុន​នឹង​មក​ចូលរួម​»​។

លោក​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន លើ​ទឹកដី​ជប៉ុន​ប្រមាណ​ ១ ​ពាន់​នាក់​។ លោក​ក៏​សង្ឃឹម​ថា​សំឡេង​របស់​ពលរដ្ឋ​ខ្មែរ​នឹង​ឮ​ដល់​សហគមន៍​អន្តរជាតិ​នឹង​បន្ត​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ជាថ្មី​។ «​គោលបំណង​ដែល​យើង​ធ្វើ​បាតុកម្ម​នេះ​គឺ​យើង​គ្រាន់តែ​ចង់​ប្រាប់​ទៅ​អន្តរជាតិ​ជាពិសេស​ប្រទេស​ជប៉ុន​ថា ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ជប៉ុន​យើង​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​ទៅ​នោះ​ទេ​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ជឿ​ថា​នឹង​មាន​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ដូច​គ្នា​គាំទ្រ និង​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លោក​នាយករដ្ឋមន្ត្រី​លើ​ទឹកដី​ជប៉ុន​។

លោក​បន្ត​ថា សកម្មភាព​របស់​ក្រុម​បាតុករ​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នឹង​មិន​ប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​ទេ​។ ជាមួយ​គ្នា​នេះ​លោក​ចាត់​ទុក​ក្រុម​ប្រឆាំង​ថា​ជា​ «​ក្រុម​សំរាម​» ​ដែល​ធ្វើ​សកម្មភាព​នៅ​តាម​ចិញ្ចើមថ្នល់​ដែល​តែងតែ​អុកឡុក​គណៈប្រតិភូ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​អ្នក​បាតុកម្ម​គឺ​គ្រាន់តែ​ជា​ក្រុម​មួយ​ក្ដាប់​តូច​ដែល​ប្រឆាំង​នឹង​វត្តមាន​ប្រឆាំង​នឹង​ការងារ​របស់​រាជរដ្ឋាភិបាល​។ វា​នឹង​មិន​ប៉ះពាល់​អ្វី​ (​ដល់​ដំណើរ​ទស្សនកិច្ច​)​ទេ ព្រោះ​ពួកគេ​គ្រាន់តែ​ជា​សំរាម​នៅ​តាម​ចិញ្ចើមថ្នល់​។ ពួកគេ​គ្មាន​ឥទ្ធិពល​អ្វី​ទេ ព្រោះ​សម្ដេច​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ជប៉ុន​គឺ​លោក​ទៅ​ជា​ផ្លូវការ​តំណាង​ប្រទេស​ជាតិ​...​ដែល​ខុសពី​ក្រុម​សំរាម ដែល​ធ្វើ​សកម្មភាព​តាម​ចិញ្ចើមថ្នល់​»​។

យ៉ាង​ណា​ក្ដី​លោក ហង្ស វិទូ អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​លោក​ហាក់​មើល​មិន​ឃើញ​ពី​ឥទ្ធិពល ឬ​ប្រសិទ្ធភាព​ខ្លាំងក្លា​ណា​មួយ​ពី​ការធ្វើ​បាតុកម្ម​របស់​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ជារួម​ខ្ញុំ​យល់​ថា ការធ្វើ​បាតុកម្ម​នេះ​គ្រាន់​តែ​ជា​និមិត្តរូប​មួយ​ដែល​មាន​ឥទ្ធិពល​តិចតួច​មិន​មាន​ប្រសិទ្ធភាព​អី​ទេ សម្រាប់​ឲ្យ​រដ្ឋាភិបាល​ (​កម្ពុជា​) ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​គោលជំហរ​អ្វី​មួយ​»​។

ទោះ​យ៉ាង​ណា​លោក វិទូ មាន​សុទិដ្ឋិនិយម​ចំពោះ​គោលជំហរ​របស់​ជប៉ុន ដែល​លោក​ថា​ពួកគេ​ចង់​ឃើញ​កម្ពុជា​មាន​ការគោរព​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​នៅ​កម្ពុជា​។ «​សូម​កុំភ្លេច​ថា​គោលបំណង​របស់​ប្រទេស​ជប៉ុន ដែល​សហការ​ជាមួយ​កម្ពុជា​មិនមែន​ត្រឹម​តែ​សេដ្ឋកិច្ច និង​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ទាក់ទង​ដល់​រឿង​ប្រជាធិបតេយ្យ​ទៀត​។ ជប៉ុន​តែងតែ​គោរព​ក៏​ដូចជា​លើកស្ទួយ​ឲ្យ​កម្ពុជា គោរព​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​»៕

អត្ថបទគួរចាប់អារម្មណ៍