
កិច្ចប្រជុំរបស់សភាអឺរ៉ុបកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១។ រូបថត EU
ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋសភា និងអ្នកនាំពាក្យគណបក្សកាន់អំណាចបានថ្លែងថា ការចេញសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុបអំពីការកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គមស៊ីវិលនៅកម្ពុជា មិនមានឥទ្ធិពលអ្វីលើការសម្រេចចិត្តរបស់តុលាការកម្ពុជានោះទេ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានថ្លែងពីម្សិលមិញថា ការធ្វើសេចក្ដីសម្រេចរបស់សភាអឺរ៉ុបអំពីការកាត់ទោសមេដឹកនាំ និងសមាជិកអតីតគណបក្សប្រឆាំង និងអ្នករំលោភច្បាប់នៅកម្ពុជា មិនមានឥទ្ធិពលអ្វីមកលើការសម្រេចចិត្តរបស់តុលាការកម្ពុជាទេ ហើយរដ្ឋសភាកម្ពុជាក៏មិនមានឥទ្ធិពលលើតុលាការដែរ។
លោកបានថ្លែងដូច្នេះថា៖ «ការសម្រេចជារឿងតុលាការ ហើយតុលាការគេធ្វើការតាមនីតិវិធី តាមច្បាប់។ ច្បាប់គឺសំអាងទៅលើភ័ស្តុតាងហើយគេសម្រេចដោយមានមូលដ្ឋានរបស់គេ។ អ៊ីចឹង សភាមិនមានធ្វើអ្វីបានទេ នេះជាអធិបតេយ្យនៃការសម្រេចចិត្តរបស់តុលាការជាសេចក្ដីសម្រេចចិត្តតាមឆន្ទានុសិទ្ធិរបស់ចៅក្រមនីមួយៗ។ យើងមិនអាចមានសិទ្ធិអីទៅលូកលាន់ទៅទិតៀន ឬជ្រៀតជ្រែកបានទេ»។
ការថ្លែងដូច្នេះរបស់លោក ឡេង ប៉េងឡុង បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ១១ ខែមីនា អំពីការកាត់ទោសដែលមានជនជាប់ចោទច្រើន យន្តការផ្លូវច្បាប់លើសង្គមស៊ីវិល ការចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ ជាពិសេសការកាត់ទោសមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងសមាជិកផ្សេងទៀតពី ២០ ទៅ ២៥ ឆ្នាំ កាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្ដីសម្រេចនោះ សភាអឺរ៉ុបបានលើកឡើងពីបញ្ហាជាច្រើនចំណុច រួមមានទាំងការអំពាវនាវកុំឱ្យសហភាពអឺរ៉ុបទទួលយកប្រទេសកម្ពុជាជាកន្លែងសម្រាប់រៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ដែលគ្រោងធ្វើឡើងនៅឆ្នាំនេះ ប្រសិនបើលទ្ធិប្រជាធិបតេយ្យ មិនត្រូវបានស្ដារឡើងវិញទេនោះ។
ចំណុចទី១៦ នៃសេចក្ដីសម្រេចរបស់សភាអឺរ៉ុបសរសេរថា៖ «អំពាវនាវឱ្យរដ្ឋសមាជិកព្យួរការគាំទ្រផ្នែកហិរញ្ញវត្ថុទ្វេភាគីចំពោះរដ្ឋាភិបាលកម្ពុជា ហើយបង្វែរការផ្ដោតការយកចិត្តទុកដាក់លើអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំងនានា»។
សភាអឺរ៉ុបថ្លែងថា៖ «សភាអឺរ៉ុបជឿជាក់ថា ការដាក់ទណ្ឌកម្មជាក់លាក់រួមមានការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិលើមេដឹកនាំកម្ពុជា និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ មិនធ្លាប់កើតមានទេ។ ដូច្នេះសភាអឺរ៉ុបលើកទឹកចិត្តឱ្យមានក្រុមប្រឹក្សាអនុម័តវិធានការតឹងរ៉ឹងទៅលើមេដឹកនាំនយោបាយ និងមេដឹកនាំកម្លាំងសន្តិសុខ ដែលទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយគណបក្ស និងការគាបសង្កត់គណបក្សប្រឆាំងនៅកម្ពុជា និងវិធានការប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ ក្រោមច្បាប់សកលស្ដីពីទណ្ឌកម្មលើការរំលោភសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប»។
សេចក្ដីសម្រេចក៏អំពាវនាវឱ្យសេវាកិច្ចការបរទេសនៃសហភាពអឺរ៉ុប រដ្ឋសមាជិកសហភាពអឺរ៉ុបជំរុញឱ្យមានកិច្ចប្រឹងប្រែងមួយក្នុងសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៤៨ ដើម្បីឈានទៅរកការអនុម័តដ៏ខ្លាំងមួយ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ក្រៅពីនេះ សភាអឺរ៉ុបក៏បានអំពាវនាវឱ្យបេសកកម្មសហភាពអឺរ៉ុបនៅភ្នំពេញ និងស្ថានទូតនៃប្រទេសសមាជិកអឺរ៉ុបទាំងអស់បន្តតាមដានការកាត់ទោស និងធ្វើទស្សនកិច្ចទៅកាន់ពន្ធនាគារ ព្រមទាំងស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្ដល់សុពលភាពដល់គណបក្សសង្គ្រោះជាតិឡើងវិញ និងផ្ដល់អាសនៈដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតនៃគណបក្សនេះចំនួន ៥ ០០៧ នាក់ឡើងវិញ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានទេកាលពីថ្ងៃទី ១៤ ខែមីនា។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា សហភាពអឺរ៉ុបមិនមែនជាមេអាណានិគមន៍លើកម្ពុជាទេ។ ការសម្រេចដោយអត្តនោម័តរបស់សភាអឺរ៉ុបអំពីបញ្ហាកម្ពុជា គឺជារូបភាពចង់ធ្វើអាណានិគមនិយមមកលើកម្ពុជាដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកថ្លែងដូច្នេះថា៖ «ការសម្រេចរបស់សភាអឺរ៉ុប គ្មានអានុភាពឱ្យកម្ពុជាធ្វើតាមឡើយ។ ការចេញសេចក្តីសម្រេចដែលអត់មានប្រសិទ្ធភាព គឺជាការបន្ទាបតម្លៃខ្លួនឯង។ ការតាំងខ្លួនជាមេអាណានិគមលើប្រទេសដទៃជាការហួសសម័យហើយក្នុងសតវត្សរ៍ទី ២១ នេះ»៕
វីដេអូ៖