The Phnom Penh Post Search

Search form

អ្នក​នាំពាក្យ​ ចាត់ទុក​ការរិះគន់​ការបោះឆ្នោត​ ជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង

Content image - Phnom Penh Post
លោក សុខ ឥសាន (​ឆ្វេង​) អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

អ្នក​នាំពាក្យ​ ចាត់ទុក​ការរិះគន់​ការបោះឆ្នោត​ ជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង

ភ្នំពេញៈ ​បន្ទាប់ពី​មាន​សេចក្ដី​ថ្លែងការណ៍​ទាំង​សាទរ និង​ព្រួយបារម្ភ​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ក្រោយពី​ការបោះឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​ទទួល​បាន​ជ័យជម្នះ​ «​ភ្លូកទឹក​ភ្លូកដី​» ​នោះ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​កាលពី​ម្សិលមិញ​បាន​ចាត់ទុក​សេចក្ដី​ថ្លែងការណ៍​អវិជ្ជមាន​អំពី​កម្ពុជា​ថា​ជា​ការ​ «​ជ្រៀតជ្រែក​» ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ជា​ការ​អធិប្បាយ​ដែល​ទាំង​អតីត​តំណាងរាស្ត្រ​អតីត​បក្សប្រឆាំង និង​អ្នកវិភាគ​អន្តរជាតិ​បាន​ជំទាស់​។

ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​បើ​តាម​លទ្ធផល​ក្រៅ​ផ្លូវការ​គណបក្ស​កាន់​អំណាច​ត្រូវគេ​ជឿ​ថា នឹង​ក្តោប​ក្ដាប់​អាសនៈ​រដ្ឋសភា​ទាំងអស់​នោះ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ពិសេស​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស កាណាដា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន ជាដើម បាន​ចេញ​មុខ​បរិហារ​សម្តែង​ការព្រួយបារម្ភ និង​ខកចិត្ត​ចំពោះ​ការបោះឆ្នោត​នេះ​ជាមួយ​នឹង​ការ​ទាមទារ​ជា​ដដែលៗ​ឲ្យ​ដោះលែង​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្រោម​ការចោទប្រកាន់​ពី​ «​ក្បត់ជាតិ​» ​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចាត់ទុក​ថា​ជា​រឿង​នយោបាយ​។

ផ្ទុយ​ពី​នេះ​ក៏​មាន​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​ចេញ​មុខ​គាំទ្រ និង​អបអរ​ការបោះឆ្នោត​ផង​ដែរ​ដូចជា​ប្រទេស​ចិន រុស្ស៊ី វៀតណាម ឡាវ ថៃ និង​ចុង​ក្រោយ​នេះ​គឺ​ប្រទេស​ហ្វីលីពីន​ដោយ​បាន​ចាត់ទុក​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ «​សន្តិភាព និង​សណ្ដាប់ធ្នាប់​» ​ជាដើម​។

ដោយ​មិន​អាច​នៅ​ស្ងៀម លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ប្រតិកម្ម​នានា​របស់​ប្រទេស​លោក​សេរី​ថា​ជា​ «​វប្បធម៌​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​» ​ដោយ​មិន​គិត​ថា​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​មាន​អធិបតេយ្យ និង​មិន​គិត​ពី​ការគោរព​អនុវត្ត​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​ហាម​មិន​ឲ្យ​បណ្តា​ប្រទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​បណ្តា​ប្រទេស​ផ្សេង​ជា​សមាជិក​។

លោក​បាន​សរសេរ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម តេលេក្រាម​របស់​លោក​ថា​៖ «​តាម​ការលើក​ឡើង​របស់​ជនបរទេស​ខ្លះ​ហាក់​ដូចជា​ឈឺឆ្អាល​នឹង​រឿង​កម្ពុជា​ណាស់ ឈឺឆ្អាល​រឿង​កម្ពុជា​ជាង​ប្រជាជន​កម្ពុជា​ទៅ​ទៀត​។ ពួកគេ​ធ្វើ​ខ្លួន​ស្នេហា​ខ្មែរ​ជាង​ខ្មែរ​។ ប៉ុន្តែ​ការ​និយាយ​ថា​ស្នេហា​ខ្មែរ​ជាង​ខ្មែរ វា​គ្រាន់​តែ​ជា​លេស ដើម្បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដោយ​រំលោភ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា​តែ​ប៉ុណ្ណោះ​។ អាកប្បកិរិយា​របស់​ជនបរទេស​បែប​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​គំនិត​ចក្រពតិ្តនិយម​នៅ​តែ​ស្ថិត​នៅ​ក្នុង​ខួរក្បាល និង​វប្បធម៌​ចង់​ឈ្លានពាន​គេឯង​តែ​ប៉ុណ្ណោះ​»​។

លោក​បន្ត​ថា​៖ «​ម្យ៉ាង​ទៀត​ជនបរទេស​នោះ​ច្រើន​តែ​ច្រណែន​នឹង​នយោបាយ​ការបរទេស​កម្ពុជា ហើយ​ចង់​ដាក់​គំនាប​មក​លើ​កម្ពុជា​មិន​ឲ្យ​មាន​សិទ្ធិ​ធ្វើ​អ្វី​តាម​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន​បាន ដោយសារ​តែ​ប្រកាន់​និន្នាការ​មនោគមន៍វិជ្ជា​សកលលោក​។ ផ្ទុយ​ទៅ​វិញ​បើ​គេ​ពិតជា​មាន​ចេតនា​ល្អ​ចំពោះ​កម្ពុជា​គេ​គួរតែ​បង្កើន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ឲ្យ​ស្មើ​ ឬ​លើស​ភាគី​ដៃគូ​ម្ខាង​ទៀត ទើប​ត្រឹមត្រូវ មិន​ត្រូវ​រារាំង និង​ទប់ស្កាត់​មិន​ចង់​ឲ្យ​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្រៅពី​ខ្លួន ដើម្បី​ចង់​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់ខ្មាំង​ផ្តាច់មុខ​របស់​ខ្លួន​នោះ​ទេ​»​។

លោក​ ឥសាន បន្ថែម​ថា​៖ «​បើ​ធ្វើ​បែប​នេះ​មិន​ខុស​អី​នឹង​កូនក្មេង​ទាស់​គ្នា​ហើយ​ហាម​មិន​ឲ្យ​អ្នក​ដទៃ​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​ទំនាស់​នោះ​ឡើយ​។ ជនបរទេស​មិន​គួរ​ចេះ​ឈឺឆ្អាល​រឿង​កម្ពុជា​ទេ គិត​តែ​ប្រទេស​ខ្លួនឯង​ទៅ​មាន​សត្រូវ​ជុំ​ទិស ហើយ​ភេរវកម្ម​នៅ​ជាប់​ខ្លួន​មិន​គិត​បែរ​មក​ចេះ​គិត​រឿង​អ្នក​ដទៃ​ដែល​កំពុង​មាន​សន្តិភាព​ស្ថិរភាព​នយោបាយ ប្រជាជន​កំពុង​សប្បាយ​រីករាយ​ក្នុង​ជីវភាព​រស់នៅ​ប្រកប​ដោយ​ក្តីសង្ឃឹម​នោះ​ឡើយ​»​។

ប៉ុន្តែ​លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​ប្រឆាំង​យល់​ថា ការ​ថ្កោលទោស​ការព្រួយបារម្ភ ឬ​ការរិះគន់​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​មក​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​គឺជា​រឿង​ «​ត្រឹមត្រូវ​» ​ដោយ​ប្រទេស​ខ្លះ​ក្នុង​ចំណោម​នោះ​គឺជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១​។

លោក​ថ្លែង​ថា​៖ «​យើង​ឃើញ​ថា កន្លង​ទៅ​នេះ​មាន​ការ​ទាមទារ​មិន​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ឲ្យ​មាន​យោបល់​ ឬ​ទស្សនៈ​ដើម្បី​កែតម្រូវ​ប្រទេស​យើង​។ ខ្ញុំ​គិត​ថា​អ្វី​ដែល​គេ​មាន​យោបល់​នោះ​គឺ​មិនមែន​មាន​ន័យ​ថា អត់​ពាក់ព័ន្ធ​ទេ ពីព្រោះ​កិច្ចព្រមព្រៀង​ប៉ារីស​ប្រទេស​ទាំងនោះ​គឺជា​ហត្ថលេខី​។ យ៉ាង​ហោចណាស់​គេ​មាន​កាតព្វកិច្ច​ដើម្បី​តាម​មើល និង​សង្កេតការណ៍​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ថា​តើ​វា​ចាក​ឆ្ងាយ​ប៉ុនណា​?»​។

លោក​បន្ត​ថា​៖ «​យើង​មិន​អាច​ទទួល​យក​បាន​ទេ នៅពេល​ដែល​ទៅ​រិះគន់​ប្រទេស​ប្រជាធិបតេយ្យ​ប្រទេស​ដែល​គេ​ផ្តល់​ទីផ្សារ​ឲ្យ​យើង​សម្រាប់​នាំ​អីវ៉ាន់​ទៅ​លក់​រាប់ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ពួកគេ​ត្រូវ​តែ​និយាយ ពួកគេ​និយាយ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ ព្រោះ​ការគោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ជា​វត្ថុបំណង​របស់​បណ្ដា​ប្រទេស​នៅ​បស្ចិម​លោក ពិសេស​សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត​»​។

លោក Paul Chambers សាស្ត្រាចារ្យ និង​ជា​ទីប្រឹក្សា​ពិសេស​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan យល់​ឃើញ​ថា​៖ «​ការដែល​សហគមន៍​អន្ដរជាតិ បង្ហាញ​អំពី​ការព្រួយបារម្ភ​ចំពោះ​ភាព​អន់ថយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​មិនមែន​ជា​ការជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​កិច្ចការ​របស់​សមាជិក​អង្គការ​សហប្រជាជាតិ​នោះ​ទេ​។ យ៉ាង​ណា​មិញ​កម្ពុជា​គឺជា​ប្រទេស​ហត្ថលេខី​នៃ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្តីអំពី​សិទ្ធិមនុស្ស ហើយ​សហគមន៍​អន្តរជាតិ​មិន​បាន​ហាម​ឃាត់​ប្រទេស​កម្ពុជា​មិន​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​នោះ​ទេ​»៕ NS

អត្ថបទគួរចាប់អារម្មណ៍