កោះកុង៖ ប្រជានេសាទ​តាម​សមុទ្រ ១៤ នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​គិរីជលសា ខេត្ត​កោះកុង ចាប់​ខ្លួន និង​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្រោយ​ពី​ពួក​គេ​បាន​នាំ​យក​ផលិតផល​សមុទ្រ​ចេញ-ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ ជា​ញឹកញាប់​ក្នុង​គ្រា​ប្រទេស​ថៃ កំពុង​មាន​បញ្ហា​ប្រឈម​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ យ៉ាង​ពេញ​បន្ទុក។

លោក ចេង មុនីរិទ្ធ អភិបាល​ស្រុក​គិរីសាគរ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃទី ២៣ មេសា នេះ​ថា ការ​ឃាត់​ខ្លួន​ប្រជានេសាទ​ទាំង ១៤ នាក់​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ២២ មេសា ក្រោយ​ពី​ពួក​គេ​បាន​ជិះ​ទូក​នេសាទ​ចំនួន ២ គ្រឿង ត្រឡប់​មក​ពី​នាំ​ផល​នេសាទ​សមុទ្រ ដែល​នេសាទ​បាន​ទៅ​លក់​នៅ​ប្រទេស​ថៃ។

លោក​បញ្ជាក់​ថា៖ "បច្ចុប្បន្ន នៅ​ប្រទេស​ថៃ មាន​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ខ្លាំង​ជាង​នៅ​កម្ពុជា​យើង​ទៅ​ទៀត។ យើង​បារម្ភ​ខ្លាច​ពួក​គាត់​មាន​ឆ្លង​ជំងឺ​កូវីដ ១៩ ពី​ពលរដ្ឋ​ថៃ​មក​ចូល​ក្នុង​សហគមន៍​យើង។ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ឃាត់​ខ្លួន​ពួក​គាត់​បញ្ជូន​ទៅ​កាន់​មណ្ឌល​ចត្តាឡីស័ក ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ជំងឺ​កូវីដ ១៩ និង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ចូល​មក​ក្នុង​សហគមន៍​យើង"។

លោក​ថា ថ្វី​បើ​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី១ នា​ព្រឹក​ថ្ងៃទី ២៣ មេសា ពួក​គេ​មិនមាន​វិជ្ជមាន​ជំងឺ​កូវីដ ១៩​ ក៏​ដោយ ក៏​កម្លាំង​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ គឺ​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ចត្តាឡីស័ក​នៅ​លើ​ទូក ដែល​ពួក​គេ​បាន​ឈប់​ចត​នៅ​មុខ​កោះ​ស្តេច​រយៈពេល ១៤ ថ្ងៃ ដើម្បី​រង់ចាំ​លទ្ធផល​ធ្វើ​តេស្ត​ជា​លើក​ទី២ និង​ទី៣ តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀសវាង​នៅ​ពេល​រក​ថា ក្នុង​ចំណោម​ពួក​គេ​មាន​វិជ្ជមាន​កូវី ១៩ ហើយ​ឆ្លង​ដល់​អ្នក​ដទៃ​នៅ​ក្នុង​សហគមន៍៕

ក្រុមប្រជានេសាទ ដែលទើបត្រឡប់មកពីយកផលនេសាទទៅលក់នៅប្រទេសថៃ។ រូបថត សហការី