ភ្នំពេញៈ ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងតំបន់អារ៉ែង ស្រុក ថ្មបាំង កំពុងមានការព្រួយបារម្ភ ពីការបាត់បង់ព្រៃឈើនិងសត្វព្រៃ ខណៈដែលរដ្ឋាភិបាលកំពុងធ្វើការសាងសង់ផ្លូវចូលទៅក្នុងតំបន់ជួរភ្នំក្រវាញដែលសម្បូរទៅដោយធនធានធម្មជាតិ។
កាលពីម្សិលមិញ សកម្មជនធនធានធម្មជាតិមួយរូប បានចុះសម្ភាសអ្នកភូមិនៅ តំបន់អារ៉ែង ហើយអ្នកភូមិបានរៀបរាប់ពីក្តីបារម្ភរបស់ពួកគេ ពីការបាត់បង់ធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញភាគកណ្តាល ខណៈដែលរដ្ឋាភិបាល កំពុងធ្វើការសាងសង់ផ្លូវមួយខ្សែ ឆ្លងកាត់ពីទីរួមស្រុក ថ្មបាំង ឆ្ពោះទៅកាន់ខេត្ត កំពង់ស្ពឺ។
សកម្មជនការពារធនធានធម្មជាតិមួយរូប ឈ្មោះ សយ សុម៉ាលី បាននិយាយថា៖«គេធ្វើផ្លូវគេបំផ្ទុះសំឡេង សត្វព្រៃនាំគ្នាផ្អើល ហើយកាលណាសង់ផ្លូវអ៊ីចឹង យើងឃើញមានការដឹកជញ្ជូនឈើខុសច្បាប់ ដោយគ្មានការហាមឃាត់ជាដើម»។
ចំណែក យុវជនចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា អង្គការមាតាធម្មជាតិ និងប្រជាសហគមន៍ ក៏ធ្លាប់បានធ្វើសន្និសីទកាសែតជាច្រើនលើកដាក់សំណើទៅរដ្ឋាភិបាល ដើម្បីឲ្យធានាការសាងសង់ផ្លូវ មិនឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធនធានធម្មជាតិក្នុងតំបន់ធម្មជាតិអារ៉ែងមួយនេះ។
លោកម៉ាឡាបាននិយាយថា៖«ប្រជាពលរដ្ឋភ័យជាងគេគឺបទល្មើស ករណីកាប់ឈើតែម្តង គឺនៅតែមាន»។
ឆ្លើយតបទៅនឹងក្តីបារម្ភនេះ លោកសៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ផ្លូវដែលកំពុងសាងសង់នោះ គឺរដ្ឋាភិបាល បានសម្រេចសាងសង់ទៅតាមសំណើរបស់អ្នកភូមិនាពេលកន្លងមក។
លោកបន្តថា អ្នកភូមិនៅក្នុងតំបន់នោះ ត្រូវការផ្លូវ ក្នុងការអភិវឌ្ឍ ការរស់នៅ និងសម្រាប់ជាមធ្យោបាយដឹកជញ្ជូន ក្នុងការលក់ផលិតផលរបស់ពួកគេ និងការចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ផងដែរ។
លោកថា៖«បញ្ហាផ្សេងៗដែលពួកគាត់លើកឡើងមក ខ្ញុំគិតថា អាជ្ញាធរមូលដ្ឋាន មានយន្តការក្នុងការដោះស្រាយហើយ»។
កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមសាងសង់ផ្លូវចូលទៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ទៅតាមសំណើរបស់អ្នកភូមិ ដើម្បីចូលរួមអភិវឌ្ឍតំបន់អារ៉ែង ឲ្យទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ខណៈដែលសកម្មជនការពារធនធានធម្មជាតិបានធ្វើការតវ៉ាប្រឆាំងជាបន្តបន្ទាប់ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះ ដែលអាចបំផ្លាញទៅដល់ធនធានធម្មជាតិ៕