ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​មកពី​គ្រប់ទិសទី​ដែលជា​អតិថិជន​បង់​រំលស់​រថយន្ត​ពី​ក្រុមហ៊ុន​យីហោ​ឈ្មោះ សេង ហួត ដោយ​មាន​ម្ចាស់​ឈ្មោះ សេង សុភ័គ មាន​ទីតាំង​ក្នុង​សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ដើម្បី​ឲ្យ​ជួយអន្តរាគមន៍​ដោយ​អះអាង​ថា​ពួកគេ បាន​ចាញ់​បោក​ក្រុមហ៊ុន​នេះ។

លោក លឿង ស៊ី​ម៉េង ជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាង ៥០ នាក់ ដែល​អះអាង​ថា​ចាញ់​បោក​ក្រុមហ៊ុន​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាល​ពី​ចុង​ឆ្នាំ ២០១៨ ពួក​លោក​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នេះ ដើម្បី​ទិញ​រថយន្ត​បង់​រំលស់ ដោយ​ក្នុង​ម្នាក់ៗ ត្រូវ​បង់​ប្រាក់​កក់​មុន ៣០ ទៅ ៤០ ភាគរយ និង​ត្រូវ​បង់​ជា​រៀង​រាល់​ខែ ជា​ថ្នូរ​នឹង​ការ​យក​រថយន្ត​មក​ប្រើប្រាស់ តែមាន​អ្នក​ខ្លះ​មិន​ទាំង​ទាន់​បាន​ទទួល​រថយន្ត​ផង។

លោក​បន្តថា ស្រាប់តែថ្មីៗនេះ មាន​សមាគម​អភិវឌ្ឍន៍​អ្នកបើកបរ (CDDA) បាន​បង្ហោះ​ស្លាក​លេខ​រថយន្ត​ជាច្រើន​លើ​បណ្តាញ​សង្គម​ដែល​ស្លាក​លេខ​ទាំង​នោះ​ភាគ​ច្រើន​ជា​ស្លាក​លេខ​រថយន្ត​ដែល​ពួកគាត់​កំពុង​បង់​រំលស់​ពី​ក្រុមហ៊ុន សេង ហួត ប៉ុន្តែ​បែរ​ជា​គេ​តម្រូវ​ឲ្យ​ប្រគល់​រថយន្ត​ទាំង​នោះ​ឲ្យ​សមាគម​ខាងលើ មុន​ថ្ងៃ​ទី ៣១ មីនា បើ​ពុំ​ដូច​នោះ​ទេ​នឹង​ត្រូវ​ដក​ហូត​ឬ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​លួច​រថយន្ត​របស់​សមាគម។

បន្ទាប់ពី​ឃើញ​ដូច្នេះ អតិថិជន​បាន​ភ្ញាក់ផ្អើល​និង​បាន​ទៅ​ជួបនឹង​ម្ចាស់​ក្រុមហ៊ុន សេង ហួត ហើយ​គេបាន​សន្យា​ថា នឹង​ដោះស្រាយ តែ​ព្យាយាម​គេច​វេះ​រហូត។

លោក​បញ្ជាក់ថា៖ «ពួក​ខ្ញុំ​គ្មាន​ចង់បាន​អ្វី​ទេ​សុំ​ឲ្យ​តែ​ម្ចាស់​ឃ្លាំង​ក្រុមហ៊ុន សេង ហួត ​នេះ ចេញមក​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់ៗ និង​សង​សំណង​ដែល​ពួក​ខ្ញុំ កក់ និង​បាន​បង់​ជា​ប្រចាំ​ខែ​កន្លង​ទៅ​ប៉ុណ្ណោះ កុំ​ឲ្យ​អូស​បន្លាយ​ពេលវេលា​ទៀត។​ពួក​យើង ក៏​ព្រួយ​បារម្ភ​ដែរ ចំពោះ​ការ​បង្ហោះ​របស់​សមាគម​ដែល​អាច​ចោទ​ពួក​យើង​ដែល​ប្រើប្រាស់​រថយន្ត​ទាំង​នោះ​ដោយ​មិន​ដឹង​ខ្លួន»។

កាលពី​ថ្ងៃទី ២៦ និង ២៧ ខែ មីនា មាន​ពលរដ្ឋ​ជាច្រើន​បាន​ផ្អើលឆោឡោ​នៅ​មុខ ក្រុមហ៊ុន សេង ហួត បង់​រំលស់​រថយន្ត ស្ថិត​នៅ​ផ្ទះ​លេខ ៧២ ក្រុម ២ ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ​ដោយ​បាន​អះអាង​ថា ពួកគេ​ត្រូវបាន​ចាញ់​បោក​ក្រុមហ៊ុន​នេះ​និង​មាន​អ្នក​ខ្លះ​បាន​យំ​ស្រែក ថា ត្រូវ​ចាញ់​បោក​ក្រុមហ៊ុន​អស់​រាប់ពាន់​ដុល្លារ ក្រោយ​ក្រុមហ៊ុន​នេះ ដក​ហូត​រថយន្ត​យក​ទៅ​វិញ។

លោក វ៉ា សា​រ៉ង ចៅសង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែនជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​មាន​ការ​ផ្អើល​ឆោ​ឡោ និង​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ ទាំង​តាម​ខេត្ត​និង​នៅ​ភ្នំពេញ ជា​បន្ត​បន្ទាប់​មក អាជ្ញាធរ ក៏បាន​ចេញ​លិខិត​និង​ឲ្យ​មន្ត្រី​ទៅ​កោះ​ហៅ​ម្ចាស់​ក្រុមហ៊ុន សេង ហួត នេះ ជា​ច្រើន​ដង​ដែរ ប៉ុន្តែ រហូត​មក​ទល់​ថ្ងៃ​អាទិត្យ​នេះ ពុំមាន​ការ​ចេញ​មុខ​មក​ទទួល​ដោះស្រាយ​ទេ។

លោក​ថា៖ «យើង​ទទួលបាន​ពាក្យបណ្តឹង​ពី​រឿងនេះ បណ្តើរៗ​ជាង ៣០ នាក់​ហើយ ហើយ​នៅ​ថ្ងៃ​ចន្ទ​អាច​នឹង​មាន​ជន​រង​គ្រោះ​មក​បន្ត​បន្ទាប់​ទៀត ដោយ​យើង​នឹង​ធ្វើតាម​នីតិវិធី បើ​ម្ចាស់​ឃ្លាំង​នេះ មិន​ចេញ​មុខ​មក​សម្រប​សម្រួល​ដោះស្រាយ​ទេ យើង​នឹង​បញ្ចូន​រឿង​នេះ ទៅ​លើ​ទៀត ហើយ​ពលរដ្ឋ​ទាំង​នោះ ក៏​នឹង​ប្តឹង​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​ឲ្យ​ពួកគេ​ដែរ»។

លោក សេង សុភ័គ អគ្គនាយក​ក្រុមហ៊ុន សេង ​ហួត មិនអាច​ទាក់ទង​បានទេ​កាល​ពី​ម្សិលមិញ ដោយ​លោក ពុំ​លើក​ទូរស័ព្ទ។ តែ​លោក​បាន​ឡាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ​ថា លោក​ក៏​ជា

ជន​រង​គ្រោះ​ដែរ ព្រោះ​រថយន្ត​ទាំង​នោះ លោក​បាន​បង់​រំលស់​បន្ត​ពី​សមាគម​អភិវឌ្ឍន៍​អ្នក​បើកបរ (CDDA) ដោយ​មាន​បុគ្គល​ឈ្មោះ ផង់ សុគា ជា​ប្រធាន។

លោក​បន្តថា ក្រោយ​មក បុគ្គល​រូប​នោះ ក៏ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ទាក់ទង​នឹង​រឿង​បោក​លុយ​ពី​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ៣ លាន​ដុល្លារ ហើយ​រថយន្ត​ទាំង​នោះ ក៏ត្រូវ​បាន​សមាគម​នេះ ប្រកាស​ដក​ហូត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​អតិថិជន​របស់​លោក​បារម្ភ។

លោក​បញ្ជាក់ថា៖ «ក្រោយ​មាន​ហេតុការណ៍​នេះ ខ្ញុំ​ក៏បាន​ទាក់ទង​ផ្ទាល់​ជាមួយ​ជប៉ុន​ហ្នឹង ពិភាក្សា និង​សហការ​ជាមួយ​គាត់ ដោះស្រាយ​បញ្ហា ព្រោះ​ក្នុង​ករណី​នេះ​ខ្ញុំ​ក៏​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ។ អ៊ីចឹង​នៅ​ក្នុង​ដំណោះ​ស្រាយ​ហ្នឹង​គឺ​ខ្ញុំ​ត្រូវ​បន្ត​សហការ​ជាមួយ​គេ​ដោយ​ប្រមូល​ឡាន​ចំនួន ៤៣ គ្រឿង​ហ្នឹង​ដែល​ខ្ញុំ​បាន​បង់​រំលស់​ពី​សមាគម​នេះ​ដើម្បី​ភ្ជាប់​ប្រព័ន្ធ (GPS) ឡើង​វិញ ហើយ​បង្វិល​ឡាន​ហ្នឹង​ទៅ​ឲ្យ​អតិថិជន​ខ្ញុំ​វិញ»។

លោក ម៉ាន់ សុផល មេធាវី​ការពារ​ម្ចាស់​ក្រុមហ៊ុន សេង ហួត បាន​អះអាង​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក សេង សុភ័គ នឹង​ចេញ​មុខ​ដោះស្រាយ នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក អាន ទូច បុគ្គលិក​ប្រចាំ​សមាគម​អភិវឌ្ឍន៍​អ្នក​បើកបរ (CDDA) បាន​ប្រាប់ថា ថៅកែ​របស់​ខ្លួន ឈ្មោះ ផង់ សុគា ត្រូវ​បាន​សមត្ថកិច្ច ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២០ ខែ ​មីនា តែ​លោក មិន​ដឹង​ថា​ពី​បទ​ល្មើស​អ្វី​នោះ

ទេ។ យ៉ាង​ណា លោក​អះអាង​ថា បើ​តាម​លោក​ដឹង​រថយន្ត​ដែល​ក្រុមហ៊ុន សេង ហួត បាន​យក​ពី​សមាគម​គឺ​មួយ​ចំនួន​គ្រាន់​តែ​ជួល​ប៉ុណ្ណោះ ហើយ​ក្រោយ​រថយន្ត​ទាំង​នោះ​បាន​បាត់​ប្រព័ន្ធ GPS ដែល​សមាគម​បាន​ភ្ជាប់ ទើប​សមាគម​សម្រេច​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ដើម្បី​ស្វែងរក​រថយន្ត​ទាំង​នោះ​មកវិញ។

លោក​បញ្ជាក់ថា៖ «មេ​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ​សេង សុភ័គ​ហ្នឹង ដោយបាន​សហការ​ជាមួយ​គ្នា តែ​ក្រោយ​មក ឮថា គាត់ មិន​បាន​បង់​រំលស់ ត្រឹមត្រូវ តាម​ការ​កំណត់ ជាមួយ​សមាគម ក៏​មេ​ខ្ញុំ (ផង់ សុគា) បាន​ឲ្យ​សេង សុភ័គ ហ្នឹង បង់​ផ្ទាល់​ជាមួយ​នឹង​ធនាគារ​តែម្តង។ តែ​ខ្ញុំ​មិន​ដឹង​ថា មាន​កិច្ចសន្យា​អី​ខ្លះ​ទេ ព្រោះ​ខ្ញុំ​ធ្វើការ​ឲ្យ​គេ​ទេ អ៊ីចឹង រឿង​កិច្ច​សន្យា​រឿង​អីហ្នឹង ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ តែ​មេ​ខ្ញុំ​គាត់​ជា​មនុស្ស​ល្អ ហើយ​គាត់​ក៏ត្រូវ​បាន​អ្នក​បង់​រំលស់​ឡាន​មុនៗ​បោក​ដែរ»៕