ភ្នំពេញ: សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបញ្ជូនខ្លួនបុរសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែ សីហា ករណីបង្កើត Facebook ប្រើរូបថតលោក ចៅ ប៊ុនហួន ជាមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រីទៅបោកប្រាស់អ្នកដទៃ តែត្រូវបានសាមីខ្លួនប្ដឹង។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានថ្លែងថា បុរសម្នាក់ឈ្មោះ នួន វ៉ា អាយុ ៣២ ឆ្នាំ ដែលបានបង្កើត Facebook ប្រើរូបលោក ចៅ ប៊ុនហួន នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី ១៥ ខែ សីហា ក្រោយពីឃាត់ខ្លួននៅភ្នំពេញ។
លោកបន្តថា កន្លងមកនេះ ជនសង្ស័យបានលួចរូបថតលោកមេធាវី ចៅ ប៊ុនហួន យកទៅបង្កើតគណនី Facebook ក្លែងក្លាយដើម្បីបោកប្រាស់អ្នកដទៃជាច្រើនករណី ប៉ុន្ដែលោកមិនបានបញ្ជាក់ពីចំនួនករណីទាំងនោះទេ។ ចំពោះករណីចុងក្រោយនេះ ជនសង្ស័យបានឆបោកម្ចាស់ Facebook ឈ្មោះ Chumteav KolsokhomTevi ដោយបានបង្ហោះរូបលោកមេធាវីផងដែរ។
លោកបញ្ជាក់ថា៖ «យើងដឹងចំនួនករណីគាត់ឆបោកគេ ប៉ុន្ដែឯកសារទាំងអស់ យើងត្រូវបញ្ជាក់វាឡើងវិញ ព្រោះត្រូវផ្ទៀងផ្ទាត់ជាមួយអ្នកដើមបណ្ដឹង បើយើងរាប់អ៊ីចឹងវាខុស ព្រោះអ្នកខ្លះ គាត់អត់បានមកប្ដឹង អ៊ីចឹងវាប៉ះពាល់សិទ្ធិបុគ្គល បើខ្ញុំនិយាយទៅ គេអាចប្ដឹងបកមកនាយកដ្ឋានខ្ញុំវិញ»។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានថ្លែងថា ខណៈនេះជនសង្ស័យត្រូវបានបញ្ជូនទៅដល់ដៃព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញហើយ ប៉ុន្ដែមិនទាន់ដល់ដៃចៅក្រមដើម្បីសាកសួរបន្តទៀតទេ។
លោកបានថ្លែងថា៖ «ចាំមើលតំណាងអយ្យការរូបណាដែលជាអ្នកចាត់ការរឿងហ្នឹង ឬសម្រេចយ៉ាងណានោះគឺខ្ញុំនឹងជម្រាបជូននៅពេលក្រោយទៀត»។
លោក ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកបានដាក់ពាក្យប្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៧ សីហា ថ្មីៗកន្លងទៅនេះ បន្ទាប់ពីជនសង្ស័យបានបង្កើតគណនី Facebook ក្លែងក្លាយដែលដាក់ឈ្មោះ និងរូបថតរបស់លោករួចយកទៅឆបោក និងចោទប្រកាន់អ្នកដទៃជាច្រើននាក់។
លោកបន្តថា ករណីដែលធ្វើឲ្យលោកមិនសប្បាយចិត្តនោះគឺជនសង្ស័យបានសរសេរពាក្យពេចន៍ចោទប្រកាន់ទៅលើលោកស្រី កុល សុខុមទេវី ជាម្ចាស់គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi ដោយធ្វើឲ្យមានការយល់ច្រឡំថា លោកមេធាវីផ្ទាល់មានបំណងឆបោកប្រាក់របស់គាត់ទៅវិញ ហើយបានធ្វើឲ្យលោកស្រីមានការខឹងសម្បាយ៉ាងខ្លាំង។
លោកបានបញ្ជាក់ថា៖ «លោកជំទាវខឹងខ្ញុំខ្លាំងណាស់ គាត់គិតថា ខ្ញុំហ្នឹងឆបោក និងគំរាមកំហែងគាត់យកប្រាក់ ហើយគាត់បានវាយប្រហារខ្ញុំតាម Facebook រហូត ហើយខ្ញុំក៏បានបកស្រាយប្រាប់មូលហេតុពិតប្រាប់គាត់ដែរ ប៉ុន្ដែគាត់នៅតែមិនស្ដាប់ហេតុផលនេះ ទើបខ្ញុំទៅប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនបង្កហ្នឹង»។
លោកសង្ឃឹមថា សមត្ថកិច្ចនៅតែបន្តតាមស្វែងរកជនបង្ក និងអ្នកបង្កទៅលើប្រជាពលរដ្ឋផ្សេងៗទៀត ព្រោះល្បិចឆបោកនេះ គេអាចចាត់ទុកជាករណីថ្មីមួយនៅកម្ពុជា។ ក្នុងនោះប្រជាពលរដ្ឋខ្មែរមួយចំនួនប្រហែលជាធ្លាប់បានជួបប្រទះបញ្ហាដូចលោកដែរ ដោយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងការចាញ់បោកជនខិលខូចទាំងនេះ។
លោកស្រី កុល សុខុមទេវី ជាម្ចាស់គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi កាលពីម្សិលមិញ មិនទាន់អាចស្វែងរកប្រភពដើម្បីទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ប៉ុន្ដែលោកស្រី បានសរសេរលើគណនីហ្វេសប៊ុក ឈ្មោះ Chumteav Kolsokhom Tevi កាលពីថ្ងៃទី ៨ សីហា ថា៖ «សុំលោកមេធាវី ចៅ ប៊ុនហួន សុំកុំបង្កការលំបាកដល់នាងខ្ញុំទៀតបានទេ ខ្ញុំជាជនរងគ្រោះ ហេតុអ្វីលោកមកបង្ខំឲ្យខ្ញុំប្តឹង និងខ្ញុំកំពុងខ្លាចមុខលោកឯង ព្រោះមុខចោរ និងមុខលោកដូចគ្នា ព្រោះចោរវាពាក់មុខលោក លោកដឹងទេ រឿងអីលោកអាងអំណាច ឬបានមកបង្ខំស្ត្រីភេទទន់ខ្សោយ...»។
លោកស្រីបន្ដថា៖ «លោកអ្នកច្បាប់ ខ្ញុំដឹងថា ចោរលួចមុខលោកទៅបោកគេ លោកក៏មានកំហុសដែរ លោកដឹងចោរលួចហើយ ហេតុអីលោកមិនបិទហ្វេសប៊ុកខ្លួនឯងចោលទៅគេលួចមិនបានហើយ លោកអ្នកច្បាប់ទៅប្តឹងប៉ូលិសទៅក៏គេបោកខ្ញុំមិនបានដែរ ឬដូររូបថតទៅក៏ខុសគ្នាដែរ ឬស្តាយរូបថតក្មេងហ្នឹង...»៕