
ហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លាដែលក្រសួងសុខាភិបាលថាមានអ្នកឆ្លងកូវីដចូល។ រូប FN
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋដែលបានចូលហាងកាហ្វេ Hidden Coffee ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ត្រូវទៅធ្វើតេស្តរកវីរុសកូវីដនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះឱ្យបានគ្រប់ចំនួន ១៤ ថ្ងៃ។ ជាមួយគ្នានេះ ក្រសួងក៏បានជូនព័ត៌មានពីអ្នកជំងឺកូវីដ ជាសះស្បើយចំនួន ៧ នាក់ផងដែរ។
ការអំពាវនាវនេះធ្វើឡើងពីម្សិលមិញ បន្ទាប់ពីក្រសួងបានស្រាវជ្រាវរកឃើញថា បុរសជាអ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលមុនពេលរកឃើញមានវីរុសកូវីដ១៩ រូបគាត់ធ្លាប់បានទៅអង្គុយពិសាកាហ្វេនៅហាង Hidden Coffee នៅម៉ោង ៣ និង ៣០ នាទីរសៀលនាថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២០។
ជាមួយគ្នានេះកាលពីម្សិលមិញក្រសួងសុខាភិបាលក៏បានជូនដំណឹងដែរថា អ្នកជំងឺកូវីដ ១៩ ចំនួន ៧ នាក់ បានព្យាបាលជាសះស្បើយ ដែលក្នុងនោះអ្នកមានវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានជាសះស្បើយចំនួន ៥ នាក់ និងអ្នកមិនពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះចំនួន ២ នាក់។ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបានជាសះស្បើយមានកុមារាជនជាតិខ្មែរ អាយុ ១២ ឆ្នាំស្នាក់នៅបុរីប៉េងហួត ផ្លូវ ៦០ ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីអាយុ ៣៦ ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ក្រៅពីនេះបុរសជនជាតិខ្មែរអាយុ ៣៦ ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ ៦០ ម៉ែត្រ ជាអ្នកបើកបរឱ្យអគ្គនាយកពន្ធនាគារ បុរសជនជាតិខ្មែរអាយុ ៣០ ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាជំនួយការរបស់អគ្គនាយកពន្ធនាគារ។ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង ១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ។ បុរសជនជាតិខ្មែរអាយុ ២២ ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។
ក្រសួងបញ្ជាក់ថា បុគ្គលទាំង ៥ នាក់នេះត្រូវបានព្យាបាលជាសះស្បើយ ដោយបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។
រីឯអ្នកជាសះស្បើយចំនួន ២ នាក់ផ្សេងទៀត ដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មានស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ ៦២ ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ ដង។
បុរសជនជាតិអាមេរិក អាយុ ៤២ ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិនមកដល់ប្រទេសកម្ពុជាថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ២ ដង ហើយអ្នកជំងឺទាំង ២ នេះបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។
ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ១៥ ខែធ្នូ ដោយធ្វើការកោតសរសើរទៅដល់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជននេះ។
លោកថ្លែងថា៖ «ខ្ញុំពិតជាមានមោទនភាពជាមួយនឹងមន្ត្រីផ្នែកសុខាភិបាល និងមន្ត្រីគ្រប់ផ្នែកទាំងអស់ដែលបានទប់ស្កាត់ និង គ្រប់គ្រងព្រឹត្តិការណ៍នេះបាន»។
បើតាមលោកនាយករដ្ឋមន្ត្រីអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹតិ្តការណ៍សហគមន៍ ២៨ វិច្ឆិកា មានចំនួន ១៨ ៨២៨ នាក់ ទូទាំង ២៥ រាជធានី-ខេត្ត។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលពីម្សិលមិញ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៣៦២ នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍មានចំនួន ៤១ នាក់។ រហូតមកដល់ថ្ងៃទី ១៦ ធ្នូ អ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៣១៩ នាក់ ក្នុងនោះអ្នកជាសះស្បើយក្នុងសហគមន៍ ៨ នាក់។ ចំណែកអ្នកជំងឺកំពុងសម្រាកព្យាបាលទាំងអស់ចំនួន ៤៣ នាក់។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានប្រកាសឱ្យមន្ត្រីក្រសួងមហាផ្ទៃប្រមាណជា ១ ពាន់នាក់ បុគ្គលិកធនាគារកាថេយូណាយធីត និងធនាគារចិន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទៅធ្វើតេស្តរកវីរុសកូវីដ ១៩ លើកទី ៣ ដែលជាលើកចុងក្រោយនៅថ្ងៃទី ១៨ ខែធ្នូ។
ការធ្វើតេស្តនេះ ក្រសួងសុខាភិបាលនឹងរៀបចំឡើងនៅក្រសួងមហាផ្ទៃពេញ ១ ថ្ងៃតែម្តង ដោយមានការបែងចែកជា ២ វេនគឺសម្រាប់មន្ត្រីក្រសួងមហាផ្ទៃ ចាប់ផ្តើមនៅម៉ោង ៧ ព្រឹក។ រីឯបុគ្គលិកធនាគារទាំង ២ នេះចាប់ពីម៉ោង ១០ ព្រឹកទៅ ដើម្បីចៀសវាងនូវការជួបជុំគ្នាច្រើន៕