ភ្នំពេញៈ ​អ្នក​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ប្ដេជ្ញា​​​នៅ​តែ​បន្ត​​រក្សា​ស្មារតី​របស់​អតី​ត​គណបក្សសង្គ្រោះ​ជាតិ​ និងនៅ​តែ​បន្ត​​ទាម​ទារ​ឲ្យ​ដោះ​លែង​លោ​​​ក កឹម សុខា ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បញ្ជាក់​ថា នឹង​មិន​មាន​ការ​ដោះលែង​មេដឹកនាំ​នៃ​អតីត​បក្ស​ប្រឆាំង​រូបនេះ​ទេ។

អតីត​មន្ត្រី​គណបក្សសង្គ្រោះ​​ជាតិ​ ៥ ​រូប​ដែល​​បាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ​កាល​ពី​​​ថ្ងៃ​ចន្ទ​​ម្សិល​មិញ​ បាន​ធ្វើ​សន្និ​​សី​​​​​ទ​សារព័ត៌មាន​ដើម្បី​ប្រកាស​ពី​ជំហរ​របស់​ពួក​គេ​ក្រោយ​ពេល​​ត្រូវ​បាន​ធ្វើ​នីតិ​សម្បទា​នយោបាយ​កាល​ពី​សប្ដាហ៍​មុន។

លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណា​​​ង​​រាស្ត្រ​ មណ្ឌល​ខេត្ត​តាកែវ​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​លោក និង​សហការី​ មិន​មែនធ្វើ​ឡើង ​ដោយ​ការទិញ​ទឹក​ចិត្ត​ ឧ​ត្តម​គតិ​ ពី​អ្នក​ណា​​​ដូច​ការ​ចោទ​ប្រកាន់​របស់​អតីត​សហការី​របស់​ខ្លួន​ទេ។

លោក​បញ្ជាក់​ថា ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ​ក្នុង​គោលដៅ​រក​ដំណោះ​ស្រាយ​នយោបាយ​ និង​ដើម្បី​បញ្ចៀស​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ដោយ​សហភាព​អឺរ៉ុប និង GSP ដោយ​សហរដុ្ឋ​អាមេរិក។ លើស​ពី​នេះ​​ លោកចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ និង​ឯកភាព​ជាតិ ​តាម​រយៈ​វប្បធម៌​សន្ទនា​ព្រម​ទាំង​មាន​គោល​​ដៅ​​បង្រួប​បង្រួម​អតីត​គណបក្ស​ប្រឆាំង​ផង​ដែរ។

លោក​ថ្លែងថា​៖​ «ជំហរ​របស់​យើង​គឺ​យើង​ខ្ញុំ​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ប្រធាន កឹម សុខា និង​ផ្ដល់​នីតិ​សម្បទា​ជូន​លោក​វិញ ដើម្បី​លោក​មាន​ឱកាស​ដឹកនាំ​សកម្មភាព​នយោបាយ​ឡើង​វិញ»។

អតីត​ក្រុម​​មន្ត្រី​បក្ស​ប្រឆាំង​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារ​ណា​​ផ្ដល់​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ទាំង​អស់​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ផង​ដែរ ដោយ​ចាត់​ទុក​ការដក​ហូត​តំណែង​ទាំង​នោះ​ថា «វាជា​រឿង​អយុត្តិធម៌​ធ្ងន់​ធ្ងរ​» ចំពោះ​ពួកគាត់ និង​ម្ចាស់​ឆ្នោត ​ដែល​បាន​បោះ​ឆ្នោត​ជូន​ពួក​គាត់។

លោក អ៊ូ ច័ន្ទរ័ត្ន​ និង​អតីត​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​៥​រូប​បាន​អះអា​ង​ក្នុង​សន្និសីទ​កាសែត​នេះ​ថា ​ពួកគេ​នឹង​មិន​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ទេ ដោយ​ត្រូវ​ប្រកាន់​ជំហរ​បន្ត​ជីវិត​នយោបាយ​ជាមួយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ​បើ​ទោះ​បី​មិន​មាន​រូប​រាង​ក៏​ដោយ។ លោក​ ច័ន្ទរ័ត្ន​ ថា​ លោក​មិន​អាច​ប្រមើល​មើល​ពី​អនាគត​របស់​ពួក​លោក​បានទេ គឺ​ត្រូវ​រង់​ចាំ​មើ​ល​ពេល​វេលា​សិន រហូ​​ត​ដល់​ការ​បោះ​ឆ្នោត​អាណត្តិ​បន្ទាប់​មក​ដល់។

អ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា បាន​ថ្លែង​ថា ការ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា និង​ផ្ដល់​តំណែង​នៅ​ឃុំ​ សង្កាត់​ ដល់​អតីត​គណបក្ស​ប្រឆាំង​នេះ គ្រាន់​តែ​ជា​សកម្មភាព​មួយ​រប​ស់​អ្នក​ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ​ ដើម្បី​បញ្ចៀស​ការ​រិះគន់​របស់​អ្នក​គាំទ្រ។

លោក​ថ្លែង​ថា៖​ «គាត់​ធ្វើ​សកម្មភាព​ ដើម្បី​កុំ​ឲ្យ​គេមើល ​ឃើញ​ថា ពេល​បាន​សិទ្ធិ​ហើយ​ អត់​មាន​ធ្វើ​សកម្មភាព​អី​។ តែ​​គេ​មិន​មាន​ឥទ្ធិពល​អី​ ទៅ​ធ្វើ​សំណើ​ ឬ​សំណូមពរ​ទៅ​បក្ស​កាន់​អំណាចអី​ ឲ្យ​ដោះ​លែង​លោក កឹម សុខា នោះ​ទេ។ ទី២​ ការ​ស្នើ​ផ្ដល់​តំណែង​ដល់​មន្ត្រី​ឃុំ​ សង្កាត់​ទាំង​ ៥ ០០៧ ​នាក់​នោះ ក៏​មិន​មាន​ឥទ្ធិពល​អ្វី​ដែរ​ ព្រោះអី​បក្ស​សង្គ្រោះជាតិ​ រលាយ​ហើយ​មិន​ទាន់​កើត​ឡើង​​វិញ​ផង»។

លោក​ថ្លែង​ថា​ អ្នក​ដែល​មាន​ឥទ្ធិពល​ លើ​បញ្ហា​ទាំង​២​ខាង​លើ​ មាន​តែ​អន្តរជាតិ​ទេ​ គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក តែ​លោក​ថា ​ទោះយ៉ាងណា​​មន្ត្រី​ទាំង ៥ ០០៧​ នាក់​​​ នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​មិ​ន​​អាច​ត្រូវ​បាន​ប្រគល់​តំណែ​ង​​ឲ្យ​វិញ​បាន​ដែរ​ព្រោះ​វា​​ជា ​«រច​នា​​សម្ព័ន្ធ​ប្រកួត​ប្រជែង​ ជា​មួយ​គណបក្ស​កាន់​អំណាច»។

លោក អ៊ូ ច័ន្ទ​រ័ត្ន​ ក្នុង​សន្និសីទ​កាសែត ​កាលពីម្សិល​មិញ​​​។ ហុង មិនា

លោក​ថា​ គណបក្ស​ប្រឆាំង ​អា​ច​រស់​វិញ​បាន​ឬ​អត់មាន​តែ​ការ​រង់​ចាំ​មើល​រហូតជិត​ដល់​ការ​បោះ​​ឆ្នោត​អាណត្តិ​ក្រោយ​ប៉ុណ្ណោះ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោ​​​ក ហ៊ុន សែន កាល​ពី​ម្សិលមិញបាន​​ប្រាប់​អាជ្ញាធរ​ ឲ្យ​ផ្ដល់​​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​លេញ​ ដ​ល់​អ្នក​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ។ លោក​​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភ្នំពេ​ញ​អន្តរជាតិ​ (PPIU) នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ជាង ​១ ២០០ ​នាក់។

លោក​បា​ន​​ថ្លែង​ថា៖ «អ៊ីចឹង​ សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ គ្រប់​ទីកន្លែង​ទាំង​អស់​ សម្រួល​ឲ្យ​អ្នក​ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ មាន​ឱកាស​ធ្វើ​នយោបាយ​ពិត​ប្រាកដ តាម​រយៈ​ការ​ជួប​ជុំ​នៃ​អ្នក​គាំទ្រ ឬ​តាម​មធ្យោ​បាយ​​ផ្សេង​ទៀត​ ឧទាហរណ៍​ គេ​ត្រូវ​ជួល​បណ្ដាញ​ផ្សព្វផ្សាយ​ ឬ​​គេ​បង្កើត​បណ្ដាញ​ផ្សព្វ​ផ្សាយ​ខ្លួន​ឯង​ជា​អនឡាញ ជា​ហ្វេសប៊ុក​ ជាស្អីៗ​របស់​គេ»។

លោក​ថា​ អ្នក​ដែល​បាន​សិទ្ធិ​ធ្វើ​នយោ​​​បា​យ​ហើយ​អាច​ជួប​អ្នក​គាំទ្រ​បាន តែ​​មិន​មែន​ក្នុង​ទម្រង់ ​(នាម)​ គណ​បក្ស​​សង្គ្រោះ​​ជាតិ​ទេព្រោះ​​បក្ស​ដែល​ងាប់​​ទៅហើយ​មិន​អា​ច​រស់​ឡើង​វិញ​បាន​ទេ។ លោកក៏​បាន​​បញ្ជាក់​ជា​ថ្មី​ទៀត​ថា អ្នក​ដែល​មិន​ទាន់​បាន​សិទ្ធិ​ធ្វើ​នយោ​​បាយ​ឡើង​វិញ ហើយ​ធ្វើ​សកម្ម​​​​ភា​​ព​នយោបាយ​ នឹង​ត្រូវ​បាន ​«ចាត់​ការ​តាម​ច្បាប់»។

ដោយ​មិន​បាន​លើកចំ​ឈ្មោះ ប៉ុន្តែ លោក ហ៊ុន សែន ទំនង​ជា​សំដៅ​លើ​លោក កឹម សុខា ប្រធាន​​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​លោក​លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ថា មាន​ខ្លះ​រារាំង​មិន​ឲ្យ​អ្នក​ផ្សេង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ។

លោក​ថ្លែង​ថា៖ «មាន​អា​អ្នក​ខ្លះ​នៅ​ឃុំ​ក្នុង​ផ្ទះ​នៅឡើយ​ទេ​ តែ​​​​​ព្រមាន​គេ​កុំ​ឲ្យ​សុំ​សិទ្ធិ​នយោបាយ។ ចាំ​អាហែង​រួច​ខ្លួន​ទៅ អញ​​មិន​ឲ្យ​អាហែង​រួច​ខ្លួន​ទេ។ តែ​តុលាការ​កាត់​ហើយ​ គ្មាន​រញ៉េ​រញ៉ៃទេ។ វា​មិន​ដែល​អា​ណា​​ភ្ជាប់​ខ្លួន (ជាប់​ឃុំ)​ ហើយ​សុទ្ធ​តែគេ​អា​ក្បត់​ជាតិ អាលក់​ខ្លួនអា​លក់​សតិ​សម្បជ្ជញ្ញៈគ្រ​ប់​សព្វ​ហើយ។ លាប​​ពណ៌​ឲ្យ​អតីត​​សហការី​ខ្លួន​ឯង»។

ទោះ​បីយ៉ាង​ណា លោកស្រី ម៉េង សុភារី មេធាវី​មួយ​រូប​ ក្នុង​ចំណោម​មេធាវី​ទាំង​ ៤ ​រូបរបស់​លោក កឹម សុខា បាន​ថ្លែង​ថា៖​ «លោ​​ក កឹម សុខា មិន​បាន​ហាម​ឃាត់ ឬ​ព្រ​មាន​អ្នក​ដែល​សុំ​សិទ្ធិ​ឬ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ឡើយ»។

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើងដោយ​មិន​បញ្ចេញ​ឈ្មោះ​​ប៉ុន្តែ​ទំនង​ជា​​សំដៅ​លើ​លោក សម រង្ស៊ី ថា (លោក សម រង្ស៊ី) មិន​អាច​មក​កម្ពុជា​តាម​ព្រំ​ដែន​ទេ ហើយ​បើ​មក​​តាម​ព្រំដែន «រឿង​ធំ​ហើយ»។

លោក​ថា​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​មិន​ត្រូវ​ជាមួយ​នឹង​លោក សម​ រង្ស៊ី ទេ។ លោក​​ថា៖ «អ៊ី​ចឹ​​ង​កុំ​សង្ឃឹម​ដេក​ទៅហើ​យ​រៃ​លុ​យ​​ទៅ​យក​ដើរ​លេង​ជិះ​ទឹក​កក​ទៅ ជិះ​ស្គី​ទៅ។ មាន​ស្អី បើ​មាន​ចិត្តធម៌​អ៊ីចឹង​រៃ​លុយ​ឲ្យ​ទៅ»។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា​ ក្រុម​អ្នក​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ទាំង​នេះ​​អាច​ជា​ស្នូល​នៃ​គណបក្ស​ថ្មី​ ដែល​អាច​នឹង​ត្រូវ​បាន​បង្កើត​នៅពេល​ណា​មួយ​ ក្នុង​ពេល​អនាគត។ បក្ស​ថ្មី​អាច​ជា​ការ​ចាប់​ជាតិ​ចេញ​ពី​ស្មារតី​ នៃការ​ផ្លាស់​ប្ដូរ​ របស់​មនុស្ស​រាប់​លាន​នាក់ ​ដែល​បាន​បោះឆ្នោត​ឲ្យ​អតីត​គណ​​បក្ស​សង្គ្រោះ​​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៣ និង​កាលពី​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ២០១៧។

លោក​ថា ​បុគ្គល​ដែល​នៅ​ពី​ក្រោយ​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​លោ​ក កឹម សុខា ដោយ​សារ​តែ​លោក​ជា​អ្នក​បង្កើត​ពាក្យ ​«ដូរ​ឬ​មិន​ដូរ»។ អ្នក​នយោបាយ​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ត្រូវ​ការ​លោក​ កឹម សុខា ធ្វើ​ជា​អ្នក​ដឹកនាំ​បក្ស​ថ្មី និង​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន​ ក៏ដូច​ជា​សកម្មជន។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​អ្នក​ទទួល​បាន​សិទ្ធិ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា និង​ផ្ដល់​តំណែង​ដល់​មន្ត្រី ឃុំ សង្កាត់​បក្ស​ប្រឆាំង​វិញ។

លោក​យល់​ឃើញ​ដែរ​ថា អ្នក​ទទួល​បាន​សិទ្ធិ​ទាំង​អស់​ប្រហែល​បាន​គិត ​ដើម្បី​ជា​ប្រយោជន៍​​របស់​ពួក​គេ​ ដោយ​​មិន​​ផ្តាច់​​ខ្លួន​របស់​ពួក​គេ​ ​ពី​លោ​ក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​នៅ​រក្សា​លោកសម រង្ស៊ី ទុក​នៅ​ក្បែរ​ខ្លួន​ដើម្បី​ទាក់​ទាញ​អ្នក​គាំទ្រដើម្បី​ជា​មូលដ្ឋាន​អំណាច​សម្រាប់​គណបក្ស​ថ្មី។​

លោក​ថ្លែង​ថា វា​អាច​ជា​ចំណុច​សំខាន់​សម្រាប់​លោក ហ៊ុន សែន និង​ជា «ការ​បរាជ័​យ ​នៃ​ការ​រំពឹង​ទុក​របស់​លោក ​(ហ៊ុ​ន សែន) បើ​ទោះ​បី​ជា​ក្រុម​នេះ​តូច​​ពិត ​សម្រាប់​លោក​​ ក្នុង​​ការ​បញ្ជាក់​ប្រាប់​ EU ថា លោក​បាន​បំពេញ​លក្ខខណ្ឌ​សម្រាប់​ការ​ទាមទារ ​បញ្ហា​​សិទ្ធិ​មនុស្ស​ក្នុង​រឿង​ EBA»៕